Connect with us

ព័ត៌មានជាតិ

ដឹង​អ្វីខ្លះ​ពី​គម្រោង​រ៉េដបូក​​ជួរ​ភ្នំក្រវាញ​ ជួយកម្ពុជា​រក​ចំណូល​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ?

បានផុស

នៅ

ការ​បង្កើត​​គម្រោង​រ៉េដបូកជួរ​ភ្នំក្រវាញ​ខាងត្បូង

គម្រោង​រ៉េដបូក​ជួរ​ភ្នំ​ក្រវាញ​ខាង​ត្បូង​​មាន​ក្រសួង​បរិស្ថាន​ជា​ម្ចាស់​គម្រោង និង​អនុវត្ត​ដោយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ។ គម្រោង​រ៉េដបូកតំបន់​ជួរ​ភ្នំក្រវាញ​ខាងត្បូង​បាន​ចាប់ផ្តើម​អនុវត្ត​តាំង​ពី​ឆ្នាំ ២០១៥ ដែល​មាន​សហគមន៍​ចំនួន ២៩ បាន​ចូលរួម។

ការបង្កើតគម្រោង​រ៉េដបូក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងទៅលើតំបន់ទេសភាពជួរ​ភ្នំក្រវាញខាងត្បូង។ គម្រោងបង្កើត​ឲ្យមាន​អត្ថប្រយោជន៍​ប្រកប​ដោយ​និរន្តភាព​ទាំង​សម្រាប់​សហគមន៍​និង​ជីវចម្រុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​ទាញ​ចំណូល​ពី​ការ​លក់​ឥណទាន​កាបូន​ពី​ព្រៃឈើ​

ក្នុង​ចំណោម​ប្រទេស​អាស៊ី ៤៤ ប្រទេស កម្ពុជា​ជា​ប្រទេស​មួយ​ដែល​អាច​រក​ចំណូល​ពី​ការ​លក់​ឥណទាន​កាបូន​ពី​ធនធាន​ព្រៃឈើ។

កម្ពុជាទទួលបានចំណូលប្រមាណ ១១ លានដុល្លារ ពីការលក់ឥណទានកាបូនឲ្យទៅក្រុមហ៊ុនអន្តរជាតិធំៗលើពិភពលោកចាប់ពីឆ្នាំ២០១៦។ បច្ចុប្បន្ននៅអាស៊ានមានតែកម្ពុជានិង​ឥណ្ឌូណេស៊ីប៉ុណ្ណោះ ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។ ក្រុមហ៊ុនដែលបានទិញឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត មានក្រុមហ៊ុន Disney, Shell និងក្រុមហ៊ុន Gucci ជាដើម។  

ការ​អនុវត្ត​គម្រោង​រ៉េដបូក​​បាន​ផ្តល់​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា ជា​ពិសេស​ការ​ទាញ​បាន​ចំណូល​ពី​ការ​លក់​កាបូន​ពី​ក្រុមហ៊ុននៅ​ក្រៅ​ប្រទេស។ ក្រុមហ៊ុន​ទាំង​នោះ​បាន​បញ្ចេញ​ឧស្ម័ន​កាបូនិក​បំពុល​បរិយាកាស ហើយ​ដើម្បី​​ដោះដូរ​ឲ្យមាន​តុល្យភាព​ ក្រុមហ៊ុន​ទាំង​នោះ​ត្រូវ​រក​ទីតាំង​សមស្រប​ដែល​មាន​ព្រៃឈើ​ ដើម្បី​ស្រូប​ឧស្ម័យ​ផ្ទះ​កញ្ចក់​កាត់បន្ថយ​ផល​​ប៉ះពាល់​ដល់​បរិយាកាស​​​ភព​ផែនដី​។

គិត​តាំងពីការ​អនុវត្ត​គម្រោង​រ៉េតបូក​ជួរ​ភ្នំ​ក្រវាញ​ខាងត្បូង បាន​ជួយ​​ការ​ពារ​និង​រក្សា​បាន​ការ​បំពុល​ឧស្ម័ន​បាន​ ១១០ លាន​តោន​ក្នុង​រយៈ​ពេល ១០ ឆ្នាំ។

ឲ្យ​តែ​មាន​ព្រៃ មិន​ខ្វះ​ការ​អភិវឌ្ឍ

គម្រោង​រេដបូក​បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ភាព​ល្បីល្បាញ​ ដែល​បាន​រួម​ចំណែក​ក្នុង​ការការពារ​​ពី​ការបំពុល​បរិស្ថាន​និង​ការ​​ប្រែប្រួល​អាកាសធាតុ។ ចំណូល​ពី​ការ​លក់​ឥណទាន​កាបូន បាន​យក​ទៅ​ប្រើប្រាស់​អភិវឌ្ឍ​ដល់​សហគមន៍​មូលដ្ឋាន​ដូច​ជា​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ផ្លូវ ស្ពាន អណ្តូង​ទឹក សាលា​រៀន មណ្ឌលសុខភាព​​នៅ​តាម​សហគមន៍​។

ឱកាស​ជីវភាពថ្មីប្រកប​ដោយនិរន្តភាព ការផ្ដល់ការងារ​ដោយផ្ទាល់ ជម្រើស​សកម្មភាព​បង្កើត​ចំណូល និងការផ្តួចផ្តើម​បណ្ដុះគំនិតវិនិយោគ​ផ្នែកធុរកិច្ច ​ចាត់ចែង​រៀបចំ​ដើម្បី​កាត់បន្ថយ​សំពាត​ទៅលើបរិស្ថាន ព្រម​ពេល​ដែល​សុខុមាលភាពរបស់​សហគមន៍​ត្រូវបាន​លើក​កំពស់ឲ្យបាន​ខុសប្លែកជាងពេលមុន​។

ជាក់ស្តែង​ «ភូមិសុវណ្ណាបៃតង»ក្លាយជាភូមិគំរូផ្នែកកសិកម្មដំបូងគេនៅតំបន់ជួរភ្នំក្រវាញ​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោងរេដបូក។ គម្រោងរេដបូកបានជួយទ្រទ្រង់រហូតអាចប្រែក្លាយ​ភូមិសុវណ្ណាបៃតងនៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុងក្លាយជាទីតាំងមួយឱ្យពលរដ្ឋជាង ២០០ គ្រួសារ មានលទ្ធភាពផ្គត់ផ្គង់ជីវភាពដោយរបរកសិកម្មមិនចំណាកស្រុក​។

ការដំណើរការ​​គម្រោង​រ៉េដបូកជួរភ្នំ​ក្រវាញ

គម្រោង​រ៉េដបូក​តំបន់​ជួរភ្នំក្រវាញ​ខាងត្បូង ត្រូវបានផ្តួចផ្តើមរៀបចំ​ឡើង​ដើម្បី​ជួយ​ជំរុញ​ឲ្យមានការ​កាត់​បន្ថយនិង​ការ​បន្សាំ​ទៅ​​ការប្រែប្រួល​អាកាសធាតុ អភិរក្ស​ជីវចម្រុះ និង​បង្កើត​ឲ្យមាន​ជម្រើស​ជីវភាព​រស់នៅ ស្រប​តាម​ផែនការ​របស់​អង្គការ​សហប្រជាជាតិ ក្នុងការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ជក់ ដែល​បណ្ដាល​មក​ពីការ​បាត់បង់ និង​រេចរឹល​ព្រៃឈើ (រ៉េដបូក)​។

ផ្ទៃដី​ទីតំាង​គម្រោង​រ៉េដបូក​តំបន់​ជួរភ្នំក្រវាញ​ខាងត្បូង​មាន​ទំហំ ៤៤២ ៨៧១ ហិកតា​ក្នុង​នោះ​មួយ​ផ្នែក​ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាង​ត្បូង និង​មួយ​ផ្នែក​ទៀត​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​តា​តៃ ហើយ​ដែល​ផ្តល់ចំណែក​ដ៏​សំខាន់​នៃ​តំបន់​អេកូ​ព្រៃ​ទឹកភ្លៀង​ ជា​ទីកន្លែង​អភិរក្ស​ជីវចម្រុះ​ដ៏​សំខាន់​ជាងគេមួយ​ក្នុងចំណោមទីកន្លែងអភិរក្សជីវចម្រុះដឹ​សំខាន់ៗជាងគេទាំង ២០០ ទីតាំង​នៅលើ​ភពផែនដី។

គម្រោងរ៉េដបូកតំបន់ជួរ​ភ្នំក្រវាញខាងត្បូង ស្ថិត​នៅ​ចំ​ចំណុច​សំខាន់បំផុត នៃ​ឧបទ្វីប​ឥណ្ឌា-ភូមា ជា​ទី​តំាង​សំបូរ​ដោយ​ជីវចម្រុះ​ដ៏សំខាន់​មួយក្នុងចំណោម​ទីតំាង​ជីវ​ចម្រុះ​សំខាន់ៗ​ទាំង ៣៤ កន្លែង នៅ​លើ​ពិភពលោក និង​ជាទីជម្រាលដ៏ចំាបាច់នៅ​​ឈូងសមុទ្រថៃ គ្រប​ដណ្ដប់​ដោយ​គម្រប​ព្រៃឈើ​ប្រភេទ​ផ្សេងៗ​គ្នា រួមមាន​ទាំងព្រៃស្រោង​ពណ៌បៃតង​ជានិច្ច និង​ព្រៃ​ស្រល់​​ខ្ពង់​រាប រហូត​ដល់​គម្រប​ព្រៃ​តំបន់​ទំនាប មាន​ព្រៃស្មាច់តំបន់ដីសើម វាលស្មៅលិចទឹក បឹង និងព្រៃកោងកាងមាត់សមុទ្រ។

គម្រប​ព្រៃ​ចម្រុះប្រភេទនេះ​គឺជា​ជម្រក​សត្វដែលមានចំនួនយ៉ាងហោចណាស់ ៥៦ ប្រភេទ យោង​តាម​បញ្ជី​ថនិក​សត្វបក្សី និង សត្វ​ល្មូន​ដែលកំពុងរង​គ្រោះ​ជាសកល​របស់អង្គការ អាយ-យូ-ស៊ី-អ៊ិន ដែល​ក្នុង​នោះ រួមមាន ក្រពើ​ភ្នំ និងក្រុម​សត្វដំរីអាស៊ី។ តំបន់​ទេសភាព​នេះ ត្រូវបានរាជរដ្ឋាភិបាល​កម្ពុជាចាត់​ទុក​ជា​ឱកាស​នៃការ​ដោះលែង​សត្វខ្លា​ឲ្យទៅរស់នៅក្នុង​ព្រៃធម្មជាតិ​វិញ​ផងដែរ។

ទី​ជម្រាល​ប្រភព​ទឹក​តំបន់ជួរភ្នំក្រវាញខាងត្បូង​មានសារៈសំខាន់សម្រាប់​មច្ឆាជាតិ​នៅឈូង​សមុទ្រ​ថៃ ដោយសារ​​ទីជម្រាល​នេះ​បានផ្តល់​ទឹកសាប​ដល់​ប្រភេទ​ព្រៃកោងកាងជាប់ៗ​គ្នាមាន​ទំហំធំជាងគេ​ ដែល​នៅសេសសល់​នៅឈូង​សមុទ្រនេះ​នោះ​គឺដែនជម្រកសត្វ​ព្រៃ​ពាមក្រសោប​ ដែលជាជម្រក​សម្រាប់​មច្ឆាជាតិ​បង្ក​កំណើតដំ​សំខាន់​នៅ​ក្នុង​តំបន់។ តំបន់​នេះ​ផ្តល់​ចំណី​អាហារដល់ប្រទេសថៃកម្ពុជា​និងវៀតណាម​និង​បំពេញតួនាទី​និយ័តកម្មអាកាសធាតុនៅ​ឧបទ្វីប​អាស៊ី​អគ្នេយ៍​។

គម្រោងរេដបូក​តំបន់ជួរភ្នំក្រវាញខាងត្បូង​មាន​ផ្លូវទឹកធំៗ​ចំនួន ២២ ភូមិ​ចំនួន ៣៤០០ និង​ខេត្តចំនួន ៦។ គម្រោងនេះ​ផ្តល់ការ​គាំទ្រ​ដល់ការលើក​កំពស់ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ចំនួន ២១ ភូមិ ស្ថិត​ក្នុង ៩ ឃុំ នៅ​តាម​បរិវេណ​និងជុំវិញ​ទីតំាង​គម្រោង។

លើសពីនេះទៅទៀត សហគមន៍នៃ​ភូមិចំនួន ៩ ក្នុងឃុំចំនួន ៤ អាចនឹង​ទទួល​អាហារូបករណ៍​សម្រាប់​ការអប់រំ។ សហគមន៍​ទាំងនេះ​មាន​ចំនួនគ្រួសារ​ប្រជាពលរដ្ឋ​សរុបរួម ៣៩៥៧ គ្រួសារ។

បញ្ហា​ប្រឈម​

ទោះបី​ជាព្រៃឈើមានសារៈសំខាន់ដ៏ធំធេង​បែបនេះ​ក្តី តែការ​ប្រែក្លាយដី​ព្រៃឈើ​ជា​ទ្រង់​ទ្រាយ​តូចៗ​ឲ្យទៅ​ជា​ដីកសិកម្ម​ដែលគ្មានការ​ត្រួត​ពិនិត្យ​គ្រប់គ្រង​ធ្វើឡើង​ដោយ​ជន​ចំណូល​ថ្មី និង​ការ​ប្រែក្លាយ​ដីព្រៃឈើ​ឲ្យទៅជា​ចម្ការកសិ-ឧស្សាហកម្ម ដោយ​វិស័យ​ឯកជន​បាន​ធ្វើឲ្យ​តំបន់​ជួរ​ភ្នំ​ក្រវាញ​ខាងត្បូង ស្ថិត​ក្នុងចំណោម​តំបន់​ទេសភាព​ព្រៃឈើ​ដែល​កំពុង​​ទទួលរង​ការ​គំរាម​កំហែង​ខ្លាំង​ជាងគេ​នៅ​កម្ពុជា។

សហគមន៍ប្រជាពលរដ្ឋនៅ​តាមទីជនបទ រស់នៅអាស្រ័យ​ទៅលើ​ការផលិតផល​កសិកម្មខ្នាត​តូច ដើម្បី​ទ្រទ្រង់​ជីវភាពរស់នៅរបស់​ខ្លួន​។ កង្វះ​ឱកាស​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ មាន​ចំនួន​កើន​ឡើង រួមផ្សំ​កង្វះ​ចំណេះដឹង​ក្នុង​ការ​កែ​លំអរ​បច្ចេកទេស​ធ្វើ​កសិកម្ម បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​កាប់ឆ្ការ​ព្រៃ​ដើម្បី​ដាំ​ដំណាំ​ពាណិជ្ជកម្ម។

ដើមហេតុ​ចំបងដែលនាំឲ្យមាន​ការកាប់បំផ្លាញ​ព្រៃឈើ ​គឺដោយសារតែ​មានតម្រូវការ​ដីច្រើន​សម្រាប់​ធ្វើ​កសិកម្មនិង​ដាំដំណាំ​ពាណិជ្ជកម្ម នៅក្នុងទីតាំងគម្រោង​រេដបូក​តំបន់ជូរភ្នំក្រវាញខាង​ត្បូង និង​ក្នុង​ខេត្តកោះកុងទាំងមូល។ ចំនួនមនុស្សនៅក្នុងខេត្ត និងនៅក្នុងតំបន់​បានកើនឡើង​យ៉ាង​ច្រើន​គួរឲ្យ​កត់​សម្គាល់ ក្នុងរយៈ​មួយ​ទសវត្សចុងក្រោយនេះ។

កំណើន​ចំនួនមនុស្ស​គឺបណ្តាលមកពី​ជនចំណូលថ្មីនិង​អត្រា​កំណើត​របស់កុមារ​នៅក្នុងភូមិ​ដែល​នៅជុំវិញ។ បច្ចុប្បន្ននេះ ចំណេះដឹង​មូលដ្ឋាន​នៅមានកម្រិតទាប​ដោយសារ​តែតម្រូវការ ពលកម្ម​កុមារ ដើម្បី​ជួយ​ការងារដាំដុះក្នុងគ្រួសារ នៅពេលថ្ងៃ ដែល​បង្កើតឲ្យមាន​វដ្តនៃភាព​ក្រីក្រ​ព្រម​ទាំង​បង្ក​ឲ្យមាន​ការកាប់​បំផ្លាញព្រៃឈើ​ផងដែរ។ ដើមហេតុផ្សេងទៀត​ដែលនាំឲ្យមាន ការកាប់​បំផ្លាញ​ព្រៃឈើ​ផងដែរ​នោះ​រួមមាន ការកាប់ឈើខុសច្បាប់​ដែល​ទាក់ទាញ​មនុស្ស​ឲ្យចូលមក​កាន់តំបន់នេះ​កាន់​តែច្រើន និងការផលិតធ្យូង។ សកម្មភាពទាំងនេះត្រូវបាន ប្រព្រឹត្តិ​ឡើង​ជាពិសេស​ដោយ​សហគមន៍​មូលដ្ឋាន ដើម្បីបានប្រភពចំណូលបន្ថែម។

កិច្ចការអនុវត្តបន្ត

ការការពារគម្រោង​រេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង អាច​សម្រេច​ទៅបាន​ដរាប​ណា​នៅមានការ​បន្តការ​ល្បាត​ពេញលេញក៏​ដូចជា​ការផ្តល់​នូវ​សកម្មភាព​គម្រោង​បន្ថែមដលសហគមន៍ ​បំណង​​កាត់បន្ថយ​ដើមហេតុ​នៃការ​បាត់បង់​ព្រៃឈើ។ ក្នុង​នេះ​មាន​សកម្មភាព​គម្រោង​ចម្បង​ចំនួន​ពីរ​គឺការ​ធ្វើ​កសិកម្ម​ពេញលេញ និង​អេកូ​ទេសចរណ៍​​សហគមន៍។ សកម្មភាពនេះនឹងជួយឲ្យមានភាពប្រសើរឡើងនូវសុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​របសហគមន៍ និងថយចុះនូវការដកហូត​ធនធាន​មកប្រើប្រាស់​ដោយគ្មាន​និរន្តភាព​នៅក្នុង​តំបន់​គម្រោង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម