Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ សមាជិកបក្សប្រជាជនកម្ពុជា បានចូលរួមយ៉ាងសកម្មបំផុតក្នុងការឃោសនាបោះឆ្នោត ២០ថ្ងៃកន្លងមកនេះ

បានផុស

នៅ

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនឈរឈ្មោះតំណាងរាស្រ្ដពេញសិទ្ធិលេខរៀងទី ១ មណ្ឌលរាជធានីភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ២០ថ្ងៃកន្លងមកនេះ សមាជិកា-សមាជិការបស់គណបក្សប្រជាជនកម្ពុជា បានចូលរួមយ៉ាងសកម្ម​បំផុត និងបានគោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ នៃការឃោសនាបោះឆ្នោត ​ស័ក្តិសមជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ គ្រាដែលឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣នេះ បានដឹកនាំការជួបជុំសមាជិក-សមាជិកា ដើម្បីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ នៅរាជធានីភ្នំពេញ។

នៅក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ជូនចំពោះសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មបំផុត នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ២០ថ្ងៃកន្លងមកនេះ ទោះបីជាត្រូវក្រោកពីព្រឹកព្រលឹម និងត្រូវហែរក្បួនកាត់កម្ដៅថ្ងៃក្ដៅ ព្រមទាំងទឹកភ្លៀងយ៉ាងណាក៏ដោយ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ក្នុងរយៈពេល ២០ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតមកនេះ បេក្ខជនតំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជា រួមជាមួយសកម្មជនគណបក្សរាជធានីភ្នំពេញ បានចុះសំណេះសំណាល និងបានក្រើនរំលឹកដល់សមាជិក-សមាជិកា ឲ្យទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ពោលគឺលេខរៀងទី ១៨ និងរូបទេវតាបាចផ្កា។

ជាមួយគ្នានេះ បេក្ខជនតំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញ ក៏បានចែកនូវគោលនយោបាយ និងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាននានាផងដែរ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ជារួមយុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សយើង នៅក្នុងរយៈពេល ២០ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន និងមិនមានបាតុភាពអ្វីឡើយ ពោលគឺកងទ័ពទេវតាយើង បានធ្វើយុទ្ធនាការឃោសនាប្រកបដោយការទទួលខុសត្រូវ និងបានគោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ នៃការឃោសនាបោះឆ្នោត ​ស័ក្តិសមជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម