ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច ​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​​១៨​នាក់ ដែល​ចូល​មក​រស់នៅ ​និង​ ធ្វើការ​ដោយ​ខុស​ច្បាប់

ភ្នំពេញ ​៖ ជនបរទេស​អន្តោប្រវេសន៍​ចំនួន​១៨​ នាក់ ស្រី​ ២​នាក់ ដែលសុទ្ធតែជាជនជាតិ​វៀតណាម​ ត្រូវបាន​កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​ កាលពី​ព្រឹក ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦ នៅក្នុងសិប្បកម្ម​ឈើ​ស្ថិតនៅ​ភូមិ​៧ ក្រុម​៧ ផ្លូវ​លេខ​៩៧ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ និង ​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ​កាលពី ព្រឹក​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០១៧ វេលា​ម៉ោង ​០៩ និង ០០នាទី​នេះ ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី បាន​សហកា​ជាមួយស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ត្រួតពិនិត្យ​គោលដៅ​ សិប្បកម្ម​ឈើ​ស្ថិតនៅ​ភូមិ​៧ ក្រុម​៧ ផ្លូវ​លេខ​៩៧ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

​លោក​បន្តថា ក្នុង​ប្រតិ​ប​ត្តិ​ការចុះ​ត្រួតពិនិត្យនោះ​ សមត្ថកិច្ច​រកឃើញ​មាន​ជនបរទេស​ចំនួន​ ១៨ នាក់ ស្រី ២​នាក់​ជា​ជនជាតិ​វៀតណាម គ្មាន​ឯកសារ​ត្រឹមត្រូវ​បាន​លួច​ឆ្លងដែន ស្នាក់នៅ និង​ប្រក​បរបរ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ។​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុក ហៃ​សីឡា បញ្ជាក់ថា ជនជាតិ​វៀតណាម​ទាំង​ ១៨​នាក់ ​នឹង​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ឯកសារ​ពាក់ព័ន្ធ បើ​មិនមាន​ទេនោះ​ នឹង​ត្រូវ​បណ្តេញ​ចេញទៅ​ប្រទេស​ដើម​វិញ ពោល គឺ​អនុវត្ត​ទៅតាម​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស​កម្ពុជា។

ពាក់ព័ន្ធ​នឹង​ករណីនេះ​ផងដែរ លោក​ក៏បាន​ធ្វើការ​អំពាវនាវ​ និង​សុំ​ឲ្យ​ជន​បរទេស ​ដែល​មក​ស្នាក់នៅ​ និង ​ធ្វើការ​សុំច្បាប់ ត្រូវគោរព​ច្បាប់​ប្រទេស​កម្ពុជា​ផង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114