ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump ទទួល​ការសរសើរ​ សម្រាប់​សុន្ទរកថា​លើកដំបូង ​ប៉ុន្តែ​សភា​ចង់បាន​សេចក្តីលម្អិត​

ការ​ថ្លែង​សុន្ទរកថា​លើ​ដំបូង ​របស់លោក​ Donald Trump ទៅកាន់​សភា​កាលពី​ថ្ងៃ​ពុធ​ គឺ​បាន​ទទួលផល​វិជ្ជមាន ​ប៉ុន្តែ​សំណួរ​ជាច្រើន​នៅតែមាន​ អំពី​សេចក្តីលម្អិត ​និង​ការចំណាយ​នៃ​របៀបវារៈ ​ដ៏​មាន​មហិច្ឆតា​របស់គាត់​។​

ជនជាតិ​អាមេរិក​បាន​បញ្ចេញ​ប្រតិកម្ម ​យ៉ាង​កក់ក្តៅ​ចំពោះ​សុន្ទរ​ថា​ដ៏​វែង ​របស់លោក Trump ដែល​ក្នុងនោះ​ លោក​បាន​ប្រើ​វោហា​សាស្ត្រ​ធ្ងន់ៗ ​នៃ​ការអំពាវនាវ​សម្រាប់​ការរួបរួម​ជាតិ​ និង​ភាពរឹងមាំ​កាន់តែខ្លាំង​ នៃ​តំណែង​ជា​ប្រធានាធិបតី​របស់គាត់​។​

ការស្ទង់មតិ​របស់ CBS News/YouGov បាន​បង្ហាញថា ៧៦​ភាគរយ​នៃ​អ្នក​ដែល​បាន​មើល​សុន្ទរកថា​នេះ ​បាន​ឯកភាព​នូវ​អ្វីដែល​ពួកគេ​បាន​មើលឃើញ​។​

វា​គឺជា​ការ​ជម្រុញ​ដ៏​ចាំបាច់​ សម្រាប់​ប្រធានាធិបតី​វ័យ​ ៧០​ឆ្នាំ ​ខាង​គណបក្ស​សាធារណរដ្ឋ​រូបនេះ​ ដែល​អត្រា​នៃ​ការគាំទ្រ​ គឺ​ស្ថិតនៅ​កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​ ក្នុងចំណោម​ប្រធានាធិបតី​នានា​ បន្ទាប់ពី​បាន​ចូលកាន់​តំណែង​ដ៏​ចម្រូងចម្រាស​រយៈពេល​មួយខែ​។​

លោក Trump ដែល​ដឹង​អំពី​រូបភាព​ និង​ប្រជាប្រិយភាព​របស់ខ្លួន ​បាន​បង្ហោះ​សារ “​សូម​អរគុណ​! ” ទៅកាន់​អ្នក follow ២៥​លាន​នាក់​ក្នុង Twitter របស់គាត់​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។​

ដើម្បី​រក្សា​សន្ទុះ​នេះ សេត​វិមាន​បាន​ពន្យារពេល​ការបង្ហាញ​ នៃ​បម្រាម​ធ្វើដំណើរ​ថ្មី​ដ៏​ចម្រូងចម្រាស​ ពី​ប្រទេស​មូស្លីម​ភាគច្រើន​ ដែល​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចុះផ្សាយ​មិនចេះ​ដាច់​។​

​សុន្ទរកថា​ជាតិនិយម​របស់លោក Trump អាចជួយ​បន្ធូរ​ការបាក់​បែក​គ្នា​ ក្នុងប្រទេស​មួយ​នេះ​។​

​សុន្ទរកថា​របស់លោក Trump ត្រូវបាន​ស្វាគមន៍​យ៉ាងខ្លាំង ​ដោយ​សមាជិកសភា​រាប់រ​យ​នាក់​ ដែល​ភាគច្រើន​ជា​អ្នក​ខាង​គណបក្ស​សាធារណរដ្ឋ ​ដែល​មើល​សមាជ​នេះ​ដោយផ្ទាល់​។​

សមាជិក​ព្រឹទ្ធសភា​សំឡេង​ភាគច្រើន​លោក Mitch McConnell បាន​និយាយ​ក្នុង​ព្រឹទ្ធសភា​ថា “​ខ្ញុំ​គិតថា យើងទាំងអស់គ្នា​ពិតជា​ពេញចិត្ដ​ កាលពី​យប់មិញ​ ក្នុងការ​ស្ដាប់​សារ​បង្រួបបង្រួម​ជាតិ ​របស់លោក​ប្រធានាធិបតី​។ វា​ជា​ភាពស្រស់​ស្រាយ​សម្រាប់​អ្នក​រាល់គ្នា ​បន្ទាប់ពី​រដូវ​កាល​បោះឆ្នោត​ដ៏​លំបាក​”​។​

លោក​បាន​អះអាងថា ជនជាតិ​អាមេរិក​បាន​ត្រៀមខ្លួន​ជាស្រេច​ សម្រាប់​ការចាប់ផ្តើម​ថ្មី​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684