Connect with us

ព័ត៌មានជាតិ

ប្រធាន គ.ជ.ប ចុះពិនិត្យការរៀបចំការិយាល័យបោះឆ្នោតនៅសាលាគរុកោសល្យវិក្រិតការ ក្រុងតាខ្មៅ សម្រាប់បោះឆ្នោតថ្ងៃស្អែក

បានផុស

នៅ

លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​( គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែ​កក្កដា ឆ្នាំ ២០២៣ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការរៀបចំ​ការិយាល័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ ឆ្នាំ ២០២៣ នៅ​ទីតាំង​ការិយាល័យ សាលា​គរុកោសល្យ​វិ​ក្រិត​ការ​ក្រុង​តាខ្មៅ​សម្រាប់​បើក​ដំណើរការ​បោះឆ្នោត​ថ្ងៃស្អែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អប​ដំណើរ​ជាមួយ​លោក​ប្រធាន គ​.​ជ​.​ប នាឱកាស​នោះដែរ​រួមមាន លោក បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្ដាល និង​លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្ត​កណ្ដាល ព្រមទាំង​មន្ត្រី​ជា​ច្រើន​នាក់​ទៀត។

សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា នឹង​អញ្ជើញ​មក​បោះឆ្នោត​នៅ​ការិយាល័យ លេខ ១៦៩៧ សាលា​គរុកោសល្យ​វិ​ក្រិត​ការ​ក្រុង​តាខ្មៅ នៅ​ថ្ងៃអាទិត្យ ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ស្អែក​នេះ។

ការិយាល័យ​បោះឆ្នោត នៅក្នុង​ខេត្តកណ្ដាល មកដល់ពេលនេះ ត្រូវ​បានរៀបចំ​រួចរាល់​អស់ហើយ តាម​សាលារៀន និង​តាម​វត្ត​អារាម​មួយចំនួនទៀត សម្រាប់​ពលរដ្ឋ​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ នេះ។

បើ​តាម​លោក ស្វាយ សិទ្ធី ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា គ្រប់​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ទាំងអស់ បាន​យក​សម្ភារៈ​មួយ​ចំនួន ពី​ស្នាក់​ការ​គណៈកម្មការ ទៅ​ដំឡើង​រៀបចំ​នៅក្នុង​បន្ទប់​ការិយាល័យ​បោះឆ្នោត​របស់ខ្លួន លើកលែង​សម្ភារៈ​បី​មុខ ដូចជា ទឹកខ្មៅ សន្លឹកឆ្នោត និង​ត្រា គឺ​នៅ​មិនទាន់​ប្រគល់​ទៅតាម​ការិយាល័យ បោះ​ឆ្នោត​នោះ​ទេ និង​មាន​ក្រុម​សមត្ថ​កិច្ចការពារ​តឹងរ៉ឹង។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នា​ថ្ងៃអាទិត្យ ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ស្អែក​នេះ គ​.​ជ​.​ប រៀបចំ​ទីតាំង​ការិយាល័យ​បោះឆ្នោត ប្រមាណ​ជាង ២ ម៉ឺន​ការិយាល័យ នៅ​ទូទាំង​ប្រទេស និង​មាន​មន្ត្រី គ​.​ជ​.​ប បម្រើការ​តាម​ការិយាល័យ​បោះឆ្នោត ប្រមាណ​ជាង ១៤ ម៉ឺន​នាក់ ចាំ​ទទួល​ពលរដ្ឋ​ប្រមាណ ៩ លាន ៧ សែន​នាក់ អញ្ជើញ​ចូលរួម​បោះឆ្នោត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម