ព័ត៍មានទាន់​ហេតុការណ៏
Search

នាំ​ស្ត្រី​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ មក​តុលា​ការ បើក​កញ្ចប់​គ្រឿង​ញៀន​ ​

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៧ អនុ​រក្ស​ពន្ធនាគារ​ព្រៃ​ស បាន​បញ្ជូន​ស្ត្រី​ជនជាតិ​វេ​ណេ​ហ្ស៊ុ​យ​អា​ឡា​ម្នាក់​ មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ តាម​ដីកា​បញ្ជា​របស់​ចៅក្រម​តុលាការ ​ដើម្បី​បើក​កញ្ចប់​គ្រឿងញៀន​រប​ស់​នាង​នៅ​ចំពោះមុខ ។

ស្ត្រីជន​បរទេស​ ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ MEJIAS NEILIN COROMOTO អាយុ​២៨​ឆ្នាំ ជនជាតិ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ជា​អ្នក​ទេសចរ​ កាន់​លិខិតឆ្លងដែន​លេខ 121100315 ។ ជនសង្ស័យ​ត្រូវ​បានឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៨​ និង ​៣០​នាទី ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៧​ នៅក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈ​នាង​ធ្វើដំណើរ​តាម​យន្តហោះ​មកពី​ប្រទេស​ថៃ។​

ក្នុងការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​នេះ សមត្ថកិច្ច​បាន​រកឃើញ​ថា​នារី​ជា​ជនជាតិ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ម្នាក់នេះ ​បាន​ប្រើ​វិធីសាស្ត្រ​បង្កប់​គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន ​រហូត​ទៅដល់​ចំនួន​១៧៩,១២៣​ក្រាម​ឯ​ណោះ នៅក្នុង​ឡេវអាវ​រាប់រយ​គ្រាប់​ក្នុង​កាបូប​ដាក់​ខោអាវ​ធំ​មួយ ហើយធ្វើ​ដំណើរ​តាម​ជើងយន្តហោះ PG935 ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ ​ចូលមក​កាន់​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា ហើយក៏​ត្រូវ​កម្លាំង​ មាន​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​មានការ​សង្ស័យ​ក៏​ធ្វើការ​ឆែកឆេរ​រកឃើញ​សារធាតុ​ញៀន​ជាច្រើន​ដែល​គេ​បង្កប់​ក្នុង​ឡេវអាវ ឡេវ​ខោ​រាប់រយ​គ្រាប់​ក៏​​ឃាត់ខ្លួន​តែម្តង។​

សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៧ បាន​បញ្ជូន​ស្ត្រី​វេ​ណេ​ស៊ុយ​អា​ឡា​នេះ​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា។​

ក្រោយ​ការសាកសួរ​តំណាង​អយ្យការ​ និង​ចៅក្រម​តុលាការ​កម្ពុជា​ បាន​ឃុំខ្លួន​ជនសង្ស័យ​ដាក់ពន្ធនាគារ​ ជា​បណ្ដោះអាសន្ន​សិន ​ក្រោម​ការចោទប្រកាន់​ពីបទ​ដឹកជញ្ជូន​សារធាតុ​ញៀន​ឆ្លងដែន​ខុសច្បាប់ ហើយ​ទើប​នៅ​ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០១៧ ចៅក្រម​បាន​បង្គាប់​ឲ្យ​អនុ​រក្ស​ពន្ធនាគារ​បញ្ជូន​នាង​ មក​តុលាការ​ដើម្បី​បើក​កញ្ចប់​គ្រឿងញៀន​ ជា​វត្ថុតាង​នោះ​នៅ​ចំពោះមុខ​នាង​តែម្ដង៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684