ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ាឡេស៊ី​ដោះលែង​បុរស​កូរ៉េខាងជើង ​ដែល​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​ការសម្លាប់​លោក គីម ជុង​ណា​ម

ជនជាតិ​កូរ៉េខាងជើង​តែ​ម្នាក់​គត់​ដែល​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​ការធ្វើឃាត​តាម​បែប​សង្គ្រាមត្រជាក់​លើ​លោក គីម ជុង​ណា​ម គឺ​ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃ​សុក្រ​ស្រប​ពេល​ដែល​ទំនាក់ទំនង​ការទូត​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​និង​គួ​ឡា​ឡាំ​ពួរ​កំពុង​ឡើង​កំដៅ​ដោយសារ​អំពើ​ឃាតកម្ម​នេះ​។

លោក Ri Jong-Chol វ័យ​៤៧​ឆ្នាំ​ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​មួយថ្ងៃ​បន្ទាប់ពី​អគ្គ​រដ្ឋអាជ្ញា Mohamed Apandi Ali ប្រកាស​ថា គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​គាត់​ទេ​ហើយ​ថា គាត់​នឹង​ត្រូវបាន​និរទេស​នៅ​ថ្ងៃ​សុក្រ។

រថយន្ត​ដែល​ដឹក​លោក Ri ត្រូវបាន​អមដោយ​ក្បួន​រថយន្ត​របស់​ប៉ូលិស​ដែលមាន​រថយន្ត​ចំនួន​ប្រាំមួយ​គ្រឿង​និង​ម៉ូតូ​។ ផ្លូវត្រូវ​បាន​បិទ​នៅពេល​ក្បួន​នេះ​បាន​ចាក​ចេញពី​ស្ថានីយ៍​ន្ត​ប៉ូលិស​ជា​កន្លែង​ដែល​គាត់​ត្រូវបាន​ឃុំខ្លួន​។

​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ AFP ថា លោក Ri ត្រូវបាន​គេ​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​អន្តោប្រវេសន៍​នៅក្នុង​ទីក្រុង Putrajaya ។​

លោក​បាន​ថ្លែងថា “​ខ្ញុំ​មិនដឹងថា​នៅពេលណា​ដែល​គាត់​នឹងត្រូវ​និរទេស​ចេញ​នោះទេ​ខណៈដែល​ពួកគេ​នឹងត្រូវ​ការរៀបចំ​ឯកសា​រ​ធ្វើដំណើរ​”​។

​ការដោះលែង​លោក Ri បានធ្វើ​ឡើង​ពីរ​ថ្ងៃ​បន្ទាប់ពី​ស្ត្រី​ពីរ​នាក់​ដែលជា​ជនជាតិ​វៀតណាម​ម្នាក់​និង​ឥណ្ឌូនេស៊ី​ម្នាក់​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​សម្លាប់​បងប្រុសរ​បស់​មេដឹកនាំ​កូរ៉េខាងជើង​គឹម​ជុង​អ៊ុន​រូបនេះ​ដោយ​ប្រើ​សារធាតុពុល​ដ៏​សាហាវ​។

នជាតិ​កូរ៉េខាងជើង​ចំនួន​ប្រាំពីរ​នាក់​ផ្សេងទៀត​ដែល​គេ​កំពុង​តាម​ចាប់​ទាក់ទង​នឹង​ការសម្លាប់​នេះ​រួមទាំង​មន្ត្រីការទូត​ម្នាក់​និង​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ម្នាក់​ផងដែរ​នោះ​ត្រូវបាន​គេ​ជឿថា​នៅតែ​ស្ថិតក្នុង​ប្រទេស​ម៉ាឡេស៊ី​។

មនុស្ស​បួន​នាក់​ទៀត​ត្រូវបាន​គេ​គិតថា​បាន​រត់គេចខ្លួន​ទៅ​ទីក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ​នៃ​ការសម្លាប់ នេះ​។

គួរ​បញ្ជាក់​ថា លោក Ri ត្រូវបាន​ចាប់ខ្លួន​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការធ្វើឃាត​លោក គីម ជុង​ណា​ម នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង គួ​ឡា​ឡាំ​ពួរ៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114