Connect with us

ព័ត៌មានជាតិ

ប្រវត្តិស្នាដៃ ឯកឧត្ដម ទឹម ងួន ឥស្សរជនល្បីល្បាញ ឆ្នាំ ១៩២០-១៩៧៥

បានផុស

នៅ

ឯកឧត្ដម ទឹម ងួន ជា​ឥស្សរជន​ជាន់ខ្ពស់​មួយ​រូប មាន​ឈ្មោះ​ល្បីល្បាញ​ណាស់​ក្នុង​សង្គម​ខ្មែរ កាលពី​មុន​ឆ្នាំ ១៩៧៥ និង​បាន​កសាង​គុណសម្បត្តិ​ជាច្រើន​សន្ធឹក​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍ កសាង​សង្គម ជាតិ​ខ្មែរ។ ឯកឧត្ដម ទឹម ងួន ក៏​ធ្លាប់​ធ្វើ​ជា​ចៅហ្វាយ​ខេត្ត​ធំៗ នៃ​ប្រទេស​កម្ពុជា ដូចជា ខេត្ត​បាត់ដំបង និង កំពង់ចាម ជាដើម…។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រវត្តិ​ដ៏​អស្ចារ្យ​របស់ ឯកឧត្ដម ទឹម ងួន ឥស្សរជន​ដ៏​ល្បីល្បាញ នៃ​កម្ពុជា(១៩២០-១៩៧៥)

ឯកឧត្ដម ទឹម ងួន បាន​ប្រសូត​នៅ​ថ្ងៃ​ទី ២០ ខែ​មិថុនា ឆ្នាំ ១៩២០ ភូមិ​ទឹកល្អក់ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក្នុង​ត្រកូល​គ្រួសារ​កសិករ។ ឯកឧត្ដម មាន​ឪពុក​ឈ្មោះ ព្រំ ទឹម និង ម្ដាយ​ឈ្មោះ ផេង សួង ជា​កសិករ​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

ក្នុង​ចំណោម​បងប្អូន​សរុប ៩ នាក់ ឯកឧត្ដម ទឹម ងួន ជា​កូន​ទី ៨ ដោយ​ក្នុង​នោះ​រួមមាន ៖

១-លោកស្រី ទឹម ប្រុក

២-លោកស្រី ទឹម ហេង

៣-ឯកឧត្ដម ទឹម កេន អតីត​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​គមនាគមន៍ និង​ជា​សមាជិក​ក្រុម​បង្កើត​ច្បាប់​ដំបូង​បង្អស់ នៃ​កម្ពុជា តាំងពី​រជ្ជកាល​ព្រះករុណា ព្រះបាទ សម្ដេច​ព្រះ​នរោត្តម និង​ជា​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ។

៤-ឯកឧត្ដម ទឹម សារិ តំណាងរាស្ត្រ និង​ជា​អតីត​ចៅហ្វាយស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ក្នុង​សម័យ​អាណានិគមនិយម​បារាំង។

៥-លោកជំទាវ ទឹម ប្រៅ ភរិយា​ឯកឧត្ដម អ៊ឹង ហូ ចៅហ្វាយខេត្ត​សម័យ​អាណានិគមនិយម​បារាំង។

៦-លោកជំទាវ ទឹម មាន ភរិយា​ឯកឧត្ដម ឆាយ សាន

៧-លោកស្រី ទឹម វ៉ាន ភរិយា​លោក អ៊ឹម ហង្ស មន្ត្រី​ជាន់ខ្ពស់​ផ្នែក​យោធា​សម័យ​អាណានិគមនិយម​បារាំង។

៨-ឯកឧត្ដម ទឹម ងួន(ផ្ទាល់)

៩-លោកជំទាវ ទឹម វ៉ារី ភរិយា​ឯកឧត្ដម ណេត បូ ចៅហ្វាយស្រុក និង​ជា​តំណាងរាស្ត្រ នៃ​ប្រទេស​កម្ពុជា សម័យ​សង្គមរាស្ត្រនិយម។

កុមារ ទឹម ងួន ស្ថិត​ក្នុង​វ័យ​កុមារភាព បាន​ចូល​សិក្សា​រៀន​សូត្រ​នៅ​សាលា​វត្ត​ក្នុង​ភូមិ​កំណើត រួច​ក៏​បន្ត​ការ​សិក្សា​នា​រាជធានី​ភ្នំពេញ និង​ទទួល​បាន​សញ្ញាប័ត្រ​ទុតិយភូមិ​ជំនាន់​ទី ២ ឯ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​ឆ្នាំ ១៩៤០។ ក្រោយ​មក កុមារ ទឹម ងួន ក៏បាន​បន្ត​ការ​សិក្សា​វគ្គ​ខ្លី​ផ្នែក​រដ្ឋបាល​សាធារណៈ នៅ​សាលា«ស៊ីឡូសូបាស» នា​ទីក្រុង​ព្រៃនគរ ទឹកដី​កូសាំងស៊ីន។

លោក ទឹម ងួន ត្រឡប់​មក​មាតុភូមិ​វិញ នៅ​ខែ​តុលា ឆ្នាំ ១៩៤១ ហើយ​ភ្លាម​នោះ​លោក​ក៏បាន​ចូល​បម្រើ​ការងារ​រដ្ឋបាល នៃ​រាជរដ្ឋាភិបាល​កម្ពុជា តែម្ដង(២៦ ខែ​ធ្នូ ឆ្នាំ ១៩៤១ ដល់​ខែ​មិនា ឆ្នាំ ១៩៤៣) ក្នុង​តួនាទី​ជា​ភូឈួយ​ខេត្ត​ព្រៃវែង។ នៅ​ខែ​មិនា ឆ្នាំ ១៩៤៣ ដល់​ខែ​មករា ឆ្នាំ ១៩៤៥ លោក ទឹម ងួន បាន​ផ្លាស់​មក​ធ្វើជា​ភូឈួយ​ខេត្ត​កំពង់ចាម វិញ។

នៅ​ខែ​មករា ឆ្នាំ ១៩៤៥ ដល់​ខែ​កញ្ញា ឆ្នាំ ១៩៤៥ លោក ទឹម ងួន បាន​កាន់​តួនាទី​ជា​ចៅហ្វាយស្រុក​ព្រៃឈរ។ តមក នៅ​ខែ​កញ្ញា ឆ្នាំ ១៩៤៥ ដល់​ខែ​ឧសភា ឆ្នាំ ១៩៤៦ លោក​បាន​ទទួល​តួនាទី​ជា​ភូឈួយ​ខេត្ត​កំពង់ចាម។ ហើយ​នៅ​ខែ​ឧសភា ឆ្នាំ ១៩៤៦ ដល់​ខែ​វិច្ឆិកា ឆ្នាំ ១៩៤៦ លោក​ក៏បាន​តួនាទី​ជា​ចៅហ្វាយស្រុក​ក្រូចឆ្មារ ក្នុង​ឋានៈ​ជា​ភូឈួយ​ខេត្ត​នេះ។ លោក ទឹម ងួន បាន​ចូលរួម​ចំណែក​ជាច្រើន​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​ការ​ជួយ​រៀបចំ​រដ្ឋបាល​ជូន​ប្រជាជន​នៅ​មូលដ្ឋាន។

លោក ទឹម ងួន បាន​កាន់​តួនាទី​ជា​នាយខុទ្ទកាល័យ​ឯកឧត្ដម​រាជប្រតិភូ​គ្រប់គ្រង​ខេត្ត​សៀមរាប និង​បាត់ដំបង ពី ខែ​ធ្នូ ឆ្នាំ ១៩៤៦ ដល់​ខែ​ធ្នូ ឆ្នាំ ១៩៤៧ ដែល​កាលនោះ ឯកឧត្ដម លន់ ណុល មាន​ភារកិច្ច​ជា​រាជប្រតិភូ។

នៅ​រវាង​ខែ​មិនា ឆ្នាំ ១៩៤៧ ដល់​ខែ​កញ្ញា ឆ្នាំ ១៩៤៧ លោក ទឹម ងួន បាន​ទទួល​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​មួយ​ក្នុង​ក្រសួងការពារជាតិ។​

ឥស្សរជន​ដ៏​ល្បីល្បាញ​រូប​នេះ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង​កញ្ញា សាយ គុនថុន ដែល​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា នៅ​ឆ្នាំ ១៩៤៨។

លោក ទឹម ងួន និង​ភរិយា ទទួល​បាន​ចំណងដៃ​បុត្រា​បុត្រី​រួមគ្នា​ដល់​ទៅ ៧ រូប រួមមាន ៖

១-ទឹម ចាន់ថាល់ (ស្រី) ,២-ទឹម សូគីរីវ៉ាល់(ប្រុស) ,៣-ទឹម វរសេដ្ឋា(ប្រុស) ,៤-ទឹម វរពុទ្ធាន(ប្រុស), ៥-ទឹម ប៊ុនថុច (ស្រី), ៦-ទឹម ប៊ុណ្ណារិទ្ធ (ប្រុស) និង ៧-ទឹម ម៉នដេយ៉ា។

រាជរដ្ឋាភិបាល​កម្ពុជា ពី (ខែ​កក្កដា ឆ្នាំ ១៩៥០ ដល់​ខែ​សីហា ឆ្នាំ ១៩៥១) បាន​បញ្ជូន លោក ទឹម ងួន ឲ្យ​ទៅ​សិក្សា​វគ្គ​ខ្លី ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ នៅ​សាធារណរដ្ឋ​បារាំង។ នៅ​ខែ​តុលា ឆ្នាំ ១៩៥១ មក​ទល់​ខែ​កុម្ភៈ ឆ្នាំ ១៩៥៣ លោក​បាន​ទទួល​តួនាទី​ជា​នាយខុទ្ទកាល័យ និង​ជា​ចាងហ្វាង​ផ្នែក​កិច្ចការ​សេដ្ឋកិច្ច និង​នយោបាយ ព្រមទាំង​ជា​នាយក​ពិធីការ ដោយ​បាន​ទទួល​គោរមងារ​ជា «ឯកឧត្ដម» តាំងពី​ពេលនោះ​មក។

នៅ​ខែ​កុម្ភៈ ឆ្នាំ ១៩៥៣ មកទល់​ខែ​កញ្ញា ឆ្នាំ ១៩៥៥ ឯកឧត្ដម ទឹម ងួន បាន​កាន់​តួនាទី​ជា​ចៅហ្វាយ​ខេត្ត​ព្រៃវែង រួច​បំពេញ​មុខងារ​ត្រួត​ជា​មេបញ្ជាការ​ក្របខណ្ឌ​ទាហាន នា​ទឹកដី​ព្រៃវែង និង​ស្វាយរៀង ដោយ​មាន​ឋានន្តរសក្ដិ​វរសេនីយ៍ទោ ពី (ខែ​កុម្ភៈ ឆ្នាំ ១៩៥៤ ដល់​ខែ​សីហា ឆ្នាំ ១៩៥៤)។

ពេល «កម្ពុជា» ទើប​បាន​ឯករាជ្យ​ពេញ​បរិបូណ៌

នៅ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ ១៩៥៣ ឯកឧត្ដម ទឹម ងួន ក៏បាន​ចូលរួម​អភិវឌ្ឍន៍​ខេត្ត​ខណ្ឌ​ដែល​លោក​គ្រប់គ្រង ឃើញ​ថា ទទួល​បាន​ផល​ជា​ផ្លែផ្កា។ ជាមួយ​នោះ ឯកឧត្ដម ក៏​ទទួល​បាន​ការ​សរសើរ​ពី សម្ដេច​ព្រះ​ប្រមុខរដ្ឋ ដែល​ឲ្យ​ប្រជាជន​ខ្មែរ​រស់នៅ​ក្នុង​ខេត្ត​ទាំងនោះ ផ្លាស់ប្ដូរ​របត់​ថ្មី កសាង​ជីវភាព​ថ្មី ល្អ​ប្រសើរ​ជាង​មុន ក្នុង​សេរីភាព​ឯករាជ្យ​ជាតិ​ពិតប្រាកដ។

តមក ឯកឧត្ដម ក៏​បាន​ទទួល​តួនាទី​ជា​ចៅហ្វាយខេត្ត​កំពង់ចាម នៅ​ខែ​សីហា ឆ្នាំ ១៩៥៥ ដល់​ខែ​មេសា ឆ្នាំ ១៩៥៧។ នៅ​រវាង​ពី​ខែ​មិនា ឆ្នាំ ១៩៥៨ ដល់​ខែ​កក្កដា ឆ្នាំ ១៩៥៨ ឯកឧត្ដម ទឹម ងួន បាន​ទទួល​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ ហើយ​រវាង​ពី​ខែ​មិនា ឆ្នាំ ១៩៥៨ ដល់​ខែ​កុម្ភៈ ឆ្នាំ ១៩៥៩ ឯកឧត្ដម ទទួល​បាន​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ។

រវាង​ពី​ខែ​កុម្ភៈ ឆ្នាំ ១៩៥៩ ដល់​ខែ​កក្កដា ឆ្នាំ ១៩៦៦ ឯកឧត្ដម ទឹម ងួន បាន​កាន់​តួនាទី​ជា​ចៅហ្វាយ​ខេត្ត​បាត់ដំបង។ ការ​គ្រប់គ្រង​ខេត្ត​បាត់ដំបង​នេះ ឃើញ​ថា មាន​ការ​អភិវឌ្ឍ​ជា​ខ្លាំង ហើយ ឯកឧត្ដម ក៏​ជា​អ្នក​រៀបចំ​ប្លង់​មេ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត​ទាំងមូល​ដូចជា ៖ ផ្លូវ ថ្នល់ វត្ត​អារាម មន្ទីរពេទ្យ រោងចក្រ ជាដើម… តាម​គោលការណ៍​ផែនការ ៥ ឆ្នាំ របស់​រាជរដ្ឋាភិបាល​សង្គម​រាស្ត្រនិយម ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​ព្រះ​ប្រមុខរដ្ឋ។

ការ​ព្យាយាម​ជួយ​អភិវឌ្ឍន៍​ខេត្ត​បាត់ដំបង របស់ ឯកឧត្ដម ទឹម ងួន ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់ រហូត​ខេត្ត​នេះ ក្លាយ​ជា​ខេត្ត​ដ៏​ធំ​ក្នុង​ចំណោម​ខេត្ត​ធំៗ​ទាំង ៤ នៅ​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​ខេត្ត ក៏ដូចជា​ប្រជាជន​ទូទាំង​ប្រទេស បាន​ស្គាល់ និង​គោរព​ស្រលាញ់​រាប់អាន ឯកឧត្ដម ជា​ខ្លាំង។

តមកទៀត នៅ​ខែ​សីហា ឆ្នាំ ១៩៦៦ ក្រោយពី​បញ្ចប់​ការងារ​ជា​អភិបាលខេត្ត​បាត់ដំបង ឯកឧត្ដម ទឹម ងួន ក៏​មក​បំពេញ​តួនាទី​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អូស្ត្រាលី រហូតដល់​ខែ​កក្កដា ឆ្នាំ ១៩៧០។ ពេលនោះ ឯកឧត្ដម ក៏បាន​ទទួល​តួនាទី​បេសកកម្ម​ពិសេស ក្នុង​ការ​គ្រប់គ្រង​ខេត្ត​បាត់ដំបង​ម្តង​ទៀត ពី​ថ្ងៃ​ទី ២១ ខែ​មករា ឆ្នាំ ១៩៦៨ ដល់​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ ១៩៦៨។

ឯកឧត្ដម បាន​ទទួល​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ នៅ​ថ្ងៃ​ទី ១៦ ខែ​កក្កដា ឆ្នាំ ១៩៧០ ដល់​ថ្ងៃ​ទី ៧ ខែ​មិនា ឆ្នាំ ១៩៧១។ កំឡុង​ពេលនោះ ឯកឧត្ដម ទឹម ងួន មាន​តួនាទី​មួយទៀត ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈរដ្ឋមន្ត្រី ដោយ​កាន់​ការណ៍​ពី​ថ្ងៃ​ទី ៧ ខែ​មិនា ឆ្នាំ ១៩៧០ ដល់​ថ្ងៃ​ទី ១៨ ខែ​តុលា ឆ្នាំ ១៩៧១។

ឯកឧត្ដម ទឹម ងួន បាន​ទទួល​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី​ទី ១ នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ ដែល​មាន​តួនាទី​គ្រប់គ្រង​លើ​ស្ថាប័ន​រដ្ឋ ទាំង ៤ សំខាន់ គឺ ៖ ក្រសួងការពារជាតិ ក្រសួង​ធម្មការ ក្រសួងយុត្តិធម៌ និង​ក្រសួង​មុខងារ​សាធារណៈ នៅ​ថ្ងៃ​ទី ១៨ ខែ​តុលា ឆ្នាំ ១៩៧១។ ហើយ​នៅ​ថ្ងៃ​ទី ២១ ខែ​ឧសភា ឆ្នាំ ១៩៧២ ឯកឧត្ដម បាន​ទទួល​តួនាទី​ថ្មី​ជា​អគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ។ ពេលនោះ ឯកឧត្ដម និង​ក្រុម​គ្រួសារ បាន​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​ថៃ ខណៈ កម្ពុជា កំពុង​មាន​សង្គ្រាម​រ៉ាំរ៉ៃ។

ឥស្សរជន​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​រូបនេះ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ជាច្រើន​ក្នុង​កម្រិត​ថ្នាក់​ជាតិ និង​អន្តរជាតិ តាំងពី​សម័យ​អាណានិគមនិយម​បារាំង សម័យ​សង្គមរាស្ត្រនិយម និង សម័យ​សាធារណរដ្ឋ​ខ្មែរ។

ឥស្សរជន ទឹម ងួន បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី ៧ ខែ​មិនា ឆ្នាំ ១៩៧៥ ក្នុង​ជន្មាយុ ៥៥ ឆ្នាំ ដោយ​រោគាពាធ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ ពិធី​បុណ្យ​សព​របស់ ឯកឧត្ដម បាន​ប្រារព្ធ​ឡើង​យ៉ាង​អ៊ឹកធឹក នៅ​និវេសនដ្ឋាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ក្រោម​ការ​ជួយ​ជ្រោមជ្រែង នៃ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ។

ក្រោយ ឯកឧត្ដម ទឹម ងួន ទទួល​មរណភាព​ភ្លាម ក្រុម​គ្រួសារ​របស់ ឯកឧត្ដម ទាំងមូល ដែល​មាន​សមាជិក​ជាង ២០ នាក់ ត្រូវ​បាន​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ បញ្ជូន​ឲ្យ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ខណៈ​ស្ថានភាព​ប្រទេស​កម្ពុជា កំពុង​ជ្រួលច្របល់​ខ្លាំង។ ចំពោះ​ការ​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​ទី ៣ នេះ គឺជា​សំណាង​មហា​សំណាង ដែល​បណ្ដាល​ឲ្យ ភរិយា និង​កូន​របស់ ឯកឧត្ដម ទាំងអស់ រួច​ផុត​ពី​សេចក្ដី​ស្លាប់ ក្នុង​របប​វាល​ពិឃាដ​ប្រល័យ​ពូជសាសន៍​ប៉ុលពត។ សព្វថ្ងៃ ភរិយា និង កូនៗ​របស់ ឯកឧត្ដម ទឹម ងួន កំពុង​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក។

គួរ​ជម្រាប​ថា ឯកឧត្ដម ទឹម ងួន បាន​កសាង​គុណសម្បត្តិ​ជាច្រើន​សន្ធឹក​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍ និង​កសាង​សង្គម​ជាតិខ្មែរ​តាំងពី​មុន​ពេល​កម្ពុជា​បាន​ឯករាជ្យ រហូតដល់​ប្រទេស​កម្ពុជា​រស់នៅ​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម រវាង​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ១៩៧៥។ ហើយ​កាលពី​សម័យ​កម្ពុជា​មាន​ឈ្មោះ​ថា«​កោះ​សន្តិភាព» ឯកឧត្ដម ទឹម ងួន មាន​ឈ្មោះ​ល្បីល្បាញ​ណាស់​ក្នុង​សង្គម​ខ្មែរ ក្នុង​ឋានៈ​ជា​ឥស្សរជន​ជាន់​ខ្ពស់​មួយ​រូប ដែល​បាន​កាន់​ការ​អភិវឌ្ឍ​ខេត្ត​នានា និង​គ្រប់គ្រង​ស្ថាប័ន​ជាតិ​ជាច្រើន​ឆ្នាំ ដោយ​ចិត្ត​មោះមុត និង​ស្មោះស្ម័គ្រ​ជា​ពន់ពេក៕

អត្ថបទ ៖ ពិសី

ប្រភព ៖ ក្រុមព្រះសុរិយា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

សម្ដេចតេជោ ចោទសួរទៅកាន់វិទ្យុមួយថា តើល្ងង់មែនទេ ដែលវាយប្រហារភរិយាសម្ដេចធិបតី?

ព័ត៌មានជាតិ២ ថ្ងៃ មុន

វៀតណាម បំពាក់គ្រឿងឥស្សរិយយសជូនទាហាន និងមន្រ្តីកម្ពុជា ដែលមានស្នាដៃរុករកអដ្ឋិធាតុកងទ័ពធ្វើមាតុភូមិនិវត្តន៍

ជីវិតកម្សាន្ដ៥១ នាទី មុន

ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន

ព័ត៌មានជាតិ១ ថ្ងៃ មុន

សាលាដំបូងខេត្តសៀមរាប ស្រាយបំភ្លឺរឿងដោះលែងជនល្មើស ១៤នាក់ ឱ្យនៅក្រៅឃុំ ជុំវិញករណីរំលោភបូកក្មេងស្រីអាយុ ១៥ឆ្នាំ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

សម្ដេចធិបតី៖ «ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងផ្លាស់ប្ដូរអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា»

Sokha Hotels

ព័ត៌មានពេញនិយម