ព័ត៍មានទាន់​ហេតុការណ៏
Search

បន្ត​ដំណើរ​ការ​អ៊ុត​កៅស៊ូ​ការដ្ឋាន​ទី ៤៤ និង​៤៥​លើផ្លូវ​លេខ ៥៥៤ និង​ផ្លូវ​លេខ ២០៥​ក្នុង​ខណ្ឌទួលគោក​និង​ចំការមន

ភ្នំពេញ​ ៖ ការដ្ឋាន​ជួសជុល​និង​អ៊ុត​កៅស៊ូ​AC​នៅ​ក្នុ​ងរាជ​ធានី​ភ្នំពេញ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានិង​កំពុងដំណើរការ​យ៉ាង​មមាញឹក ដើម្បីអោយ​បាន​រួចរាល់​ទៅតាម​អ្វីដែល​ជាការ​គ្រោងទុក។

ជាក់ស្តែង​សម្រាប់​ថ្ងៃ​ទី​០៦ ខែ​មិនា ឆ្នាំ​២០១៧​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននឹងកំពុង​ដំណើរការ​អ៊ុត​កៅស៊ូ​ការដ្ឋាន​ថ្មី ចំនួន​២​ខ្សែ​នោះ​គឺ ផ្លូវ​លេខ ៥៥៤ ចាប់ពី​ផ្លូវ​លេខ ២៩១ ដល់​ផ្លូវ​លេខ ៣១៣ ក្នុង​ខណ្ឌទួលគោក និង​នៅ​លើ​ផ្លូវ​លេខ ២០៥ ផ្លូវ​ខាងកើត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ចាប់ពី​ផ្លូវ​លេខ ៤៣០ ដល់​មហាវិថី​ព្រះសីហនុ ក្នុង​ខណ្ឌចំការមន។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៥ ខែ​មិនា ឆ្នាំ​២០១៧​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននឹងកំពុង​ដំណើរការ​អ៊ុត​កៅស៊ូ​ការដ្ឋាន​ថ្មី គឺ ផ្លូវ​លេខ ១៦៧ ចាប់ពី​មហាវិថី​ម៉ៅ​សេទុង ដល់​ផ្លូវ​លេខ ៤៥០ ក្នុង​ខណ្ឌចំការមន។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នេះ​ជា​គម្រោង​យុទ្ធនា​ការ​ជួសជុល​កែលំអ​ផ្លូវ​ឡើងវិញ សរុប​ចំនួន​៥៧​ខ្សែ នៅ​ក្នុង​ខណ្ឌ​ចំនួន​៩ ក្នុង​រាជធានី​ភ្នំពេញ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​ជា​គម្រោង​ក្រោយពី​ទទួល​ការខូចខាត​ដោយសារ​ទឹកភ្លៀង និង​ដោយសារ​រថយន្ត​ដឹក​ធ្ងន់​លួច​ចូល​ក្រុង​ក្នុង​រដូវវស្សា​កន្លងមក។

ក្រៅពី​ផ្លូវ​៥៧​ខ្សែ ក្នុង​គម្រោង​ដែល​បាន​បើក​ការដ្ឋាន​ជួសជុល ក្នុង​យុទ្ធនាការ​នេះ ក៏​នៅ​មាន​ផ្លូវ​ប្រភេទ​កៅស៊ូ​ប្រភេទ​បេតុង សរុប​ចំនួន​១៨០​គីឡូម៉ែត្រ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ស្ថាបនា​នៅ​ក្នុង​ផែនការ​ឆ្នាំ​២០១៧​ផងដែរ។

គួរ​បញ្ជាក់​ផងដែរ គ្រប់​ពិធី​បើកការដ្ឋាន​ជួសជុល និង​អ៊ុត​កៅស៊ូ​AC​កន្លងមក អាជ្ញាធរ​រាជធានី​ភ្នំពេញ តែង​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ដែល​ត្រូវ​ជួសជុល ជួយ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ លើ​ការងារ​ត្រួតពិនិត្យ​មើល​ពី​គុណភាព​ផ្លូវ ជៀសវាង​កុំ​ឲ្យ​ដូច​ពាក្យ​គេ​និយាយ​ថា ចាក់​ក្រាស​ស៊ី​ស្តើង ចាក់​ស្ដើង​ស៊ី​ក្រាស់ ស្ថាបនា​ផ្លូវ​គ្មាន​គុណភាព​៕