ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ នឹង​ស្នើ​ហិរញ្ញប្បទាន​ពី​ចិន​សម្រាប់​គម្រោង​សាងសង់​ស្ពាន​ចំនួន​២​បន្ថែមទៀត​ឆ្លងកាត់​ទន្លេមេគង្គ​លើ​មេគង្គ​ក្រោម

​ភ្នំពេញ ​៖ ​សម្ដេច​តេ​ជោ​ ហ៊ុន សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា ​ដើម្បី​ធ្វើ​ឲ្យ​ផ្លូវ​ក្រវាត់ក្រុង​ពេញលក្ខណៈ​ រាជរដ្ឋាភិបាល​ នឹង ​សាងសង់ស្ពាន​ចំនួន​២​ទៀត​ ឆ្លងកាត់​ទន្លេមេគង្គ​លើ ​និង​មេគង្គ​ក្រោម​ដើម្បី​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ជម្លៀស​ការកកស្ទះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​ពាក់ព័ន្ធ​គម្រោង​សាងសង់​ស្ពាន​ទាំងពីរ​នេះ​ សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ជួយ​ប្រាប់​ទៅ​រដ្ឋាភិបាល​ចិន​ថា ​កម្ពុជា​ត្រូវការ​ហិរញ្ញប្បទាន​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​យុទ្ធ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ទទួលបាន​ជោគជ័យ។

សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បែបនេះ​ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​៦​ខែមីនា​ ឆ្នាំ​២០១៧​ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​២​កំណាត់​ទី​២​និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រុង​ខ្សែ​ទី​២​កំណាត់​ទី​១​មហាវិថី​មិត្តភាព​ភ្នំពេញ​ហាណូយ​ពី​ទំនប់​កប់​ស្រូវ​មហាវិថី​សហព័ន្ធរុស្ស៊ី។

សម្តេច​តេ​ជោ​ បាន​មានប្រសាសន៍ថា “​យើង​ត្រូវការ​សាងសង់​ស្ពាន​ចំនួន​២​ទៀត​មួយ​ឆ្លងទន្លេ​មេគង្គ​លើ​ពី​ជ្រោយចង្វារ​ទៅ​ស្វាយជ្រុំ​ និង ​ស្ពាន​មួយទៀត​ឆ្លងទន្លេ​មេគង្គ​ក្រោម​ពី​អរិយ​ក្សត្រ​មក​ក្តី​តា​កុយ​”​។

សម្តេច​តេ​ជោ​ បាន​ស្នើ​ទៅ​មិត្ត​ចិន​ឲ្យ​បន្ត​ជួយ​ដល់​គម្រោង​សាងសង់​ស្ពាន​ទាំងពីរ​នេះ​ដើម្បី​ឲ្យ​ស្រប​ទៅ​យុទ្ធសាស្ត្រ​ផ្លូវ​សូត្រ​របស់​ប្រទេស​ចិន​។ សម្តេច​តេ​ជោ​ក៏បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​នៅ​ក្នុង​ខែ​ឧសភា​ ខាងមុខ​សម្តេច​ នឹង​ទៅ​ចូលរួម​ក្នុង​សន្និសីទ​ទាក់ទង​ និង ​យុទ្ធសាស្ត្រ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ដូចនេះ​សង្ឃឹមថា​សំណើ​នេះ​នឹង​ត្រូវ​បាន​ដាក់​ជូន​ទៅ​មិន​ចិន​។

ពាក់ព័ន្ធ​ការ​សម្ពោធ​ផ្លូវ​ក្រវាត់ក្រុង​សម្ដេច​បាន​មានប្រសាសន៍ថា​ ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​នេះ​នឹង​សម្រួល​ព្រមទាំង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ និង ​អាច​ឲ្យ​ប្រជាពលរដ្ឋ​ជំរុញ​ការ​ដឹកជញ្ជូន​ទំនិញ​ពី​ផ្លូវជាតិ​លេខ​៥​ទៅ​ផ្លូវជាតិ​លេខ​២​និង​ទៅ​ផ្លូវជាតិ​លេខ​១​ បាន​ឆាប់រហ័ស​និង​កាន់តែ​ងាយស្រួល​បន្ថែមទៀត​។

ជា​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ឆ្លើយតប​កំណើន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​កំពុង​កើន​ដល់​ជិត​៣​លាន​នាក់​និង​កំណើន​យានយន្ត​ជាង​២​លាន​គ្រឿង​។ ផ្លូវ​នេះ​នឹង​ជួយ​រំដោះ​ចរាចរណ៍​រថយន្ត​ដឹកទំនិញ​ធំៗ​មិន​ឲ្យ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ហើយក៏​ជួយ​ទាញ​បណ្តា​រោងចក្រ​នានា​ទៅកាន់​ជាយ​រាជធានី​ភ្នំពេញ​ផងដែរ។

សម្តេច​តេ​ជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​ថ្លែងអំណរគុណ​មិត្ត​ចិន​ និង ​រដ្ឋាភិបាល​ប្រទេស​វៀតណាម​ ដែល​បាន​ចូលរួម​ជួយ​ដល់​គម្រោង​ផ្លូវ​ទាំងពីរ​ខាងលើ​នេះ​។ សម្ដេច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​អ្នកបើកបរ​រថយន្ត​ទូទៅ​បើកបរ​គោរព​ច្បាប់​កុំ​ដឹក​លើស​ទម្ងន់​និង​ចូលរួម​ថែរក្សា​ផ្លូវថ្នល់​ឲ្យ​បាន​ល្អ​ដើម្បី​យើង​ប្រើប្រាស់​បានយូរ​អង្វែង។

លោក​ទេសរដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង ​ដឹក​ជញ្ជូន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​២​កំណាត់​ទី​២​ដែល​ត្រូវ​បើក​ការដ្ឋាន​សាងសង់​នេះ​មាន​ប្រវែង​ជិត​១៧​គីឡូម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​សរសៃដែក​ ស្តង់ដារ​ផ្លូវ​កម្រិត​ទី​១​តាម​គំរូ​បទដ្ឋាន​បច្ចេកទេស​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ផ្លូវ​នេះ​មាន​ទទឹង​សរុប​ប្រវែង​២៣​ម៉ែត្រ​មាន​ទទឹង​ទ្រូងផ្លូវ​សម្រាប់​ចរាចរណ៍​ជាង​១៨២០​ម៉ែត្រ​ដែល​ជា​គន្លង​ទិសដៅ​ចរាចរណ៍​សម្រាប់​រថយន្ត​ប្រវែង​៣៥​ម៉ែត្រ​បួន​គន្លង​២​ទៅ​២​មក​គន្លង​ម៉ូតូ​ទ​ទឺង​២១០​ម៉ែត្រ​មាន​ពី​គន្លង​មួយ​ទៅ​មួយ​មក​ចិញ្ចើម​ផ្លូវ​ទទឹង​១៥០​ម៉ែត្រ​ សងខាង​សួន​ពុះ​ចែក​ទ្រូងផ្លូវ​ទទឹង​១៨០​ម៉ែត្រ​សាងសង់​ស្ពាន​អាកាស​១​កន្លែង​ប្រវែង​សរុប​៩៤២​ម៉ែត្រ​សាងសង់​ស្ពាន​ធំ​មួយ​កន្លែង​ប្រវែង​១០៥​ម៉ែត្រ​ និង ​លូ​ចំនួន​១៧​កន្លែង​។ ចំណុច​ចាប់​ផ្តើម​ផ្លូវ​ក្រវាត់ក្រុង​ទី​២​កំណាត់​ទី​២​នេះ​ចាប់ផ្តើម​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​ត្រង់​ភ្លើងស្តុប​រតនៈ​ផ្លា​ហ្សា​ ភ្លើងស្តុប​ផ្សារ​ដី​ហុយ​ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។

ផ្លូវ​នេះ​រត់​កាត់​តាម​បណ្តោយ​ផ្លូវ​ណ័​ដ​ប្រ៊ី​ដ​ ផ្លូវ​ទ្រុងមាន់ ​ផ្លូវ​ភូមិ​ទួល​ពង្រ​ ផ្លូវ​ទំនប់​៧​មករា​ ផ្លូវ៦០​ម៉ែត្រ​មហាវិថី​តេ​ជោ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​២​ត្រង់​គីឡូម៉ែត្រ​លេខ​១៤៤១៧​ ចំណុច​គល់​ស្ពាន​ព្រែក​ហូរ​ផ្នែក​ខាងជើង​នៅត្រង់​ភូមិ​តា​ក្តុល​សង្កាត់​តា​ក្តុល ​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​ និង ​ត​ភ្ជាប់​ទៅ​ផ្លូវ​លេខ​១១៥​និង​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ​ក្រុង​តាខ្មៅ ខេត្តកណ្តាល។

កំណាត់​ផ្លូវ​នេះ​ គ្រោង​ចំណាយ​ថវិកា​សាងសង់​ជិត​៦២​លាន​ដុល្លារ​អាមេរិក​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​រួម​ជា​មួយ​ថវិកា​បដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុ​ជា​សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​ និង ​បោសសំអាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។ ផ្លូវ​នេះ​គ្រោង​ចំណាយ​ពេល​សាងសង់​ប្រមាណ​៣៦​ខែ​ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​ឆ្នាំ​២០១៩​។

ដោយឡែក​ផ្លូវ​ដែល​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វិញ​គឺជា​មហាវិថី​មិត្តភាព​ភ្នំពេញ​ហាណូយ​ដែល​ជា​ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​ទី​២​កំណាត់​ទី​១​។ ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ជាង​១០​គីឡូម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​សរសៃដែក​កម្រាស់​២០​សង់ទីម៉ែត្រ​ទទឹង​ផ្លូវ ​ប្រវែង​២២​ម៉ែត្រ ​ដោយមាន​សួនច្បារ​និង​ដាំ​បង្គោល​ភ្លើង​នៅ​ចំ​កណ្តាល​។

ផ្លូវ​កំណាត់​ទី​១​ ដែល​ដាក់​ឲ្យ​ប្រើប្រាស់​នេះ​ចាប់​ផ្តើម​ពី​ទំនប់​កប់​ស្រូវ​ដល់​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ខណ្ឌ​សែន​សុខ​។​ មហាវិថី​មិត្តភាព​ភ្នំពេញ​ហាណូយ​ ឬ​ ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​២​កំណាត់​ទី​១​នេះ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​១០​លាន​ដុល្លារ ​ជួយ​គាំទ្រ​ជា​ថវិកា​បដិភាគ​៥០​ភាគរយ​ពី​សាលាក្រុង​ហាណូយ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​រីឯ​ថវិកា​៥០​ភាគរយ​ទៀត​សម្រាប់​ការសាងសង់​ការរៀបចំ​សួន​និង​ដាំ​បង្គោល​ភ្លើង​ជា​ថវិកា​របស់​សាលា​រាជធានី​ភ្នំពេញ។

លោក​ទេសរដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល​ បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ក្រោយពេល​សាងសង់​រួចរាល់​ជា​ស្ថាពរ​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​២​នេះ​ នឹង​ធ្វើ​ឲ្យ​ចរាចរណ៍​និង​ការ​ដឹកជញ្ជូន​មាន​ភាព​ងាយស្រួល​ជាង​មុន​និង​ជួយ​សម្រួល​ចរាចរណ៍​រាជធានី​ភ្នំពេញ​មិន​ឲ្យ​កកស្ទះ​ច្រើន​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​និង​រយៈពេល​ នៃ​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ជំរុញ​ការ​ដឹកជញ្ជូន​ការ​ផ្គត់ផ្គង់​ភស្តុភារ​ និង ​ទំនិញ​ពី​ផ្លូវជាតិ​លេខ​៥​ទៅ​ផ្លូវជាតិ​លេខ​២​ និង ​ទៅ​ផ្លូវជាតិ​លេខ​១​បាន​ឆាប់រហ័ស​ជាពិសេស​ត​ភ្ជាប់​ទៅ​តំបន់​ទំនប់​កប់​ស្រូវ​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង ​និង ​ប្រែ​ក្លាយទៅជា​មជ្ឈមណ្ឌល​ស្តុក​ទុក​ផ្គត់ផ្គង់​និង​ចែកចាយ​ទំនិញ​នៅ​តំបន់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​ត​ភ្ជាប់​ទៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​និង​ទៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម។

លោក​ទេសរដ្ឋមន្ត្រី​បន្ត​ថា ​ផ្លូវ​នេះ​ក៏​នឹង​ជួយ​កែលំអ​និង​បង្កើន​សោភ័ណភាព​រាជធានី​ភ្នំពេញ​ជួយ​ជំរុញ​បន្ថែម​ការ​អភិវឌ្ឍ​រីកចម្រើន​ដល់​បណ្តា​ខណ្ឌ​នានា​នៅ​តាម​តំបន់​អម​សងខាង​ផ្លូវ​ផង​ដែរ​ព្រមទាំង​អាច​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​ និង ​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ស្របតាម​ការ​រីកចម្រើន​ និង ​ការ​អភិវឌ្ឍន៍​ថ្មីៗ​របស់​រាជធានី​ភ្នំពេញ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114