ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចប្រជុំ​សំណេះសំណាល​ និង ​បូកសរុប​លទ្ធផល​ការងារ​រួម​ ដែល​សម្រេច​បាន​សម្រាប់​ឆ្នាំ២០១៦ ​និង ​លើក​ទិសដៅ​បន្ត​សម្រាប់​ឆ្នាំ​២០១៧ ​នៅ​អធិការដ្ឋាន នគរបាល​ក្រុង​សៀមរាប

សៀមរាប ​៖ ​នា​ព្រឹក​ថ្ងៃ​ទី​០៦ ​ខែ​មីនា​ ឆ្នាំ​២០១៧ ​វេលា​ម៉ោង​៩​ព្រឹក ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​មាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦​ ដើម​ឆ្នាំ​២០១៧​ និង ​លើក​ទិសដៅ​បន្ត​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា​ច សា​វិ​ន ស្នងការ​រង​ទទួល​ផែន​ធនធានមនុស្ស​ និង ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ដោយមាន​លោកនាយ​រង​ការិយាល័យ​បុគ្គលិក​លោក​អធិការ​,​អធិការ​រង​លោកនាយ​,​នាយរង​ផ្នែក​លោកនាយ​,​នាយរង​ប៉ុស្តិ៍​ទាំង​១២​សង្កាត់​ចូលរួម​ចំនួន​៤៨​នាក់​ផងដែរ។

ជា​កិច្ច​ស្វាគមន៍​អង្គប្រជុំ លោក​វរ​សេនីយ៍​ឯក ទិ​ត្យ ណា​រ៉ុង អធិការ​នគរបាល​ក្រុង​សៀមរាប​បាន​រាយការណ៍​អំពី​រចនាសម្ព័ន្ធ និង អាន​របាយការណ៍ លទ្ធផល​ការងារ​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៦​និង​ដើមឆ្នាំ​២០១៧​ជូន​គណអធិបតី។

លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង បន្ត​ថា ​ទី​១.​លទ្ធផល​ការងារ​ផ្សព្វផ្សាយ​ភូមិ​ឃុំ​សុវត្ថិភាព​ឆ្នាំ២០១៦ ​ធ្វើការ​ផ្សព្វផ្សាយ​បាន​ចំនួន​៦១២​លើក​ និង ​នៅ​តាម​បណ្តា​ភូមិ​ទាំង​៩៩​ ក្នុង​ក្រុង​សៀមរាប​មាន​បងប្អូន​ប្រជាពលរដ្ឋ ​និង ​សិស្សានុសិស្ស​ចូលរួម​ចំនួន​២៣៤៣៣​នាក់ ​ស្រី​១២១៤៣​នាក់​(​បូក​យោង​២៣៦២៤៩​នាក់​)​ ដើម​ឆ្នាំ​២០១៧ ​ធ្វើការ​ផ្សព្វ​ផ្សាយ​បាន​ចំនួន​៨៦​លើក​នៅតាម​បណ្តា​ភូមិ​ទាំង​៩៩​ក្នុង​ក្រុង​សៀមរាប​មាន​បងប្អូន​ប្រជាពលរដ្ឋ​ និង ​សិស្សានុសិស្ស​ចូលរួម​ចំនួន​៥០៨៥​នាក់ ​ស្រី២៥៦០​នាក់​ (​បូក​យោង​២៣៦២៤៤​នាក់​)​។ ទី២​ការងារ​អនុវត្ត​ដិ​ការ​(​ឆ្នាំ​២០១៦+​ដើមឆ្នាំ​២០១៧)​អនុវត្ត​ដិ​ការ​បាន​ចំនួន​១២​លើក​។ ឃាត់​ជនល្មើស​បាន​ចំនួន​១២​នាក់​ក្នុងនោះ​ប​ទម​ជ្ឈឹ​ម​មាន​ចំនួន​០៩​នាក់​បទឧក្រិដ្ឋ​មាន​ចំនួន​០៣​នាក់។

ទី៣​ករណី​ឃាតកម្ម​(​ឆ្នាំ​២០១៦+​ដើមឆ្នាំ​២០១៧)​មាន​ចំនួន​៤​លើក​បង្ក្រាប​បាន​ចំនួន​០៣​លើក​រួមមាន ករណី​ទី​១/​ករណី​ឃាតកម្ម​កាត់​ក្បាល​កាលពី​ថ្ងៃទី​១៣​ខែ​០២​ឆ្នាំ​២០១៦(​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​០១​នាក់​)​នៅ​ចំណុច​ផ្ទះសំណាក់​ប្រាសាទកែវ ​ក្នុង​ភូមិ​តាភុល ​សង្កាត់​ស្វាយដង្គុំ ក្រុងសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ​ចាន់ ឆៃ​យ៉ា ភេទ​ប្រុស អាយុ៤០​ឆ្នាំ​ រស់នៅ​ភូមិ​គោក​ដូង​ សង្កាត់​ទឹក​វិល កសាង​សំណុំរឿង និង​វត្ថុ​តាង បញ្ជូន​ទៅ​តុលាការ។ ករណី​ទី​២/​អំពើ​ឃាតកម្ម​កាលពី​ថ្ងៃ​ទី​១១ ​ខែសីហា ​ឆ្នាំ​២០១៦​នៅ​ចំណុច​អាង​ក្រពើ​ភូមិ​វត្ត​ដំណាក់​សង្កាត់​សាលា​កំរើក​(​បណ្តាលអោយ​ស្លាប់​មនុស្ស​ចំនួន​០១​នាក់​)​ ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​ ស្រី​ចំនួនម្នាក់​ និង​ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​។

ជនសង្ស័យ ​និង ​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​។ ករណី​ទី​៣​អំពើ​ឃាតកម្ម​គ្រោងទុកជាមុន​កាលពី​ថ្ងៃទី​០១​ ខែមករា ​ឆ្នាំ​២០១៧(​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​០២​នាក់ រង​របួស​ធ្ងន់​ចំនួន​០១​នាក់​/​ស្រី )​នៅ​ចំណុច ភូមិ​សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប។

ឃាត់​បាន​ជន​ដៃដល់​បាន​ចំនួន​ម្នាក់ ឈ្មោះ ជា សុ​ជៀន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ ស្វាយ​ធំ ស្រុក​លលា​ប្អៀ​ង ខេត្ត​កំ ពង់​ឆ្នាំង កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់។ ៣.​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដើម​ឆ្នាំ​២០១៧​ធ្វើការ​បង្ក្រាប​ការជួញដូរ​និង​ចាត់ចែង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​បាន​ចំនួន​៣៩​លើក ​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ជួញដូរ​និង​ចាត់ចែង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​ បាន​ចំនួន​១៦៧​នាក់​ ស្រី​ចំនួន​៥៦​នាក់​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចំនួន​២៥​នាក់​ ស្រី​ចំនួន​០៣​នាក់​ បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ និង ​បន្សាប​សារធាតុ​ញៀន​បាន​ចំនួន​១៤២​នាក់​ ស្រី​ចំនួន​៥៣​នាក់​។ ៤.​បង្ក្រាប​ការ​ភ្នាល់​ល្បែង​ស៊ីសង​ខុសច្បាប់​(​ឆ្នាំ​២០១៦+​ដើមឆ្នាំ​២០១៧)​ ធ្វើការ​បង្ក្រាបបាន​ចំនួន​០៧​លើក​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤១​នាក់​ ស្រី​១៨​នាក់​ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិ​វិធី​ច្បាប់។

ជា​កិច្ច​បញ្ចប់​លោកស្នងការ​រង​បាន​ធ្វើការ​កោតសរសើរ​ដល់​កងកម្លាំង​នគរបាល​ក្រុង​សៀមរាប​ទាំងអស់​ ដែល​បាន​ប្រឹងប្រែង​បំពេញការងារ​បំរើ​ជាតិ​មាតុភូមិ បម្រើ​បងប្អូន​ប្រជាពលរដ្ឋ រក្សាការពារ សន្តិសុខ​សណ្តាប់ធ្នាប់​បាន​ល្អ គួរ​ឲ្យ​កត់សម្គាល់​។

លោក​ស្នងការ​រង​ក៏បាន​ដាស់តឿន​ទាំងអស់​ត្រូវ​ត្រៀមខ្លួន​ជានិច្ច​បម្រើ​ប្រជាពលរដ្ឋ​ ក្នុង​អាកប្បកិរិយា​សមរម្យ​ប្រាស្រ័យ​ទាក់ទង​ល្អជា​ពិសេស​នា​ពេល​ខាង​មុខ​នេះ ​ខេត្ត​សៀមរាប​និង​មាន​ប្រារព្ធ​ពិធីបុណ្យ​អង្គរ​សង្ក្រាន្ត ដូច្នេះ​កម្លាំង​ទាំងអស់​ត្រូវតែ ចូលរួម​សហការ​ រក្សា​ការពារ សន្តិសុខ សណ្តាប់​ធ្នាប់ ធ្វើ​យ៉ាង​ណា ឲ្យ​បាន​លទ្ធផល​ល្អ​ដូច​បណ្តា​ឆ្នាំ​មុនៗ​កន្លងមក​ ព្រោះ​ខេត្ត​សៀមរាប​ជា​តំបន់​ប៉ូល​ទេសចរណ៍​ដ៏​មាន​សារៈ​សំខាន់​ផង​ដែរ​៕