ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​សំណេះសំណាល​ក្នុងឱកាស​ខួប​លើក​ទី​១០៦ ទិវា​អន្តរជាតិ​នារី​ ៨​​ មីនា របស់​ថ្នាក់​នាំ​មន្ទីរ​សាធារណការ និងដឹកជញ្ជូន​ខេត្តសៀមរាប​

សៀមរាប៖ នៅ​រសៀល​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៧ លោក​ គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​ និង​លោកស្រី បាន​អញ្ជើញ​ជួប​ធ្វើការ​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ជា​ស្ត្រី នាឱកាស​អបអរសាទ​រ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៦ ទិវា​អន្តរជាតិ​នារី​ ៨ ​មីនា ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ “​ស្ត្រី​ដើម្បី​សុខសន្តិភាព​និង​វឌ្ឍនភាព​” នៅ​សាលប្រជុំ​នៃ​មន្ទីរសាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត ដោយមាន​ការចូលរួម​ពី​អស់លោក​ លោកស្រី​ ជា​អនុប្រធាន​មន្ទីរ​ការិយាល័យ ​និង​អង្គភាពជា​ស្ត្រី​ប្រមាណ​ជា​ ៣៤​នាក់​ផងដែរ​។​ ​
​ 
​បន្ទាប់ពី​ការអាន​នូវ​ជីវប្រវត្តិ​ស្មារតី​ទិវា ០៨ មីនា ដោយ​លោកស្រី​ ស៊ឹម សុផាត អនុប្រធាន​អង្គភាព​ចុះបញ្ជី និង​ផ្ដល់​ប័ណ្ណបើកបរ នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ ក្នុងការ​រំលឹក​ពី​វីរៈភាព​នៃ​ការតស៊ូ​របស់​ស្ត្រី​ ក្នុងការ​ទាមទារ​សិទ្ធ​សសេរីភាព​ប្រជាធិបតេយ្យ​ និង​ការអនុវត្ត​សិទ្ធ​ស្មើភាព​ រវាង​ស្ត្រី​ និង​បុរស​។​ក្នុងនោះ​កញ្ញា ​ធឿន​ សុ​ណា​រី អនុប្រធាន​ការិយាល័យ​សាធារណការ បាន​អាន​នូវ​របាយកាណ៍​រីកចម្រើន ​របស់​ស្ត្រី​នៅក្នុង​មន្ទីរ​ផងដែរ​។

មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះដែរ ​លោក ​គឹម ​ប៉ុណ្ណា បានធ្វើការ​វាយតម្លៃ​ អំពី​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ក្នុង​អង្គភាព ​ដែល​បាន​ពុះពារ​ក្នុងការ​បំពេញការងារ​ ស្រប​ពេលដែល​រាជរដ្ឋាភិបាល​បា​នព​ន្លឿ​ន ​ក្នុងការ​ផ្តល់​ប័ណ្ណបើកបរ​ជូន​ដល់​ប្រជាពលរដ្ឋ​។លោក​ក៏បាន​បន្តទៀតថា​ ទិវា​នារី​អន្តរជាតិ​ ៨​ មិនា​ គឺជា​ការ​រំលឹក​អំពី​ការទទួលស្គាល់​ពី​សិទ្ធិ​របស់​នារី និង​ការបន្ត​ការពារ​សិទ្ធិ​នេះ​ ប្រឆាំងនឹង​ការរំលោភបំពាន​នានា ក៏ដូចជា​ការទាមទារ​ឲ្យ​មាន​សិទ្ធិ​ស្មើរ​គ្នា​ជាមួយនឹង​បុរសនៅក្នុង​សង្គម​ផងដែរ​។​

ទិវា​នារី​អន្តរជាតិ ក្នុង​គោលបំណង​រំលេច​ពី​តម្លៃ​នៃ​សន្តិភាព​ និង​ការលើកកម្ពស់​វប្បធម៌​អហិង្សា ​ដែល​រាជរដ្ឋាភិបាលបាន និង​កំពុង​គាំទ្រ​ ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ទាំង​បុរស ​និង​ស្ត្រី​ ដើម្បី​វឌ្ឍនភាព​សង្គម ​ឆ្ពោះទៅ​លើកកម្ពស់​សិទ្ធិ ស្ថានភាព ​ជីវភាព ​ឋានៈ​ និង​តួនាទី ​របស់​ស្ត្រី​ ក៏ដូចជា​សុខមាលភាព​សង្គម​ ដោយ​ធ្វើការ​ទប់ស្កាត់ ​និង​កាត់បន្ថយ​អំពើហិង្សា​ដោយ​សន្តិវិធី​ ហើយ​ស្ត្រី​ គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ និង​ការអប់រំ​ក្នុង​គ្រួសារ​ និង​សង្គមជាតិ​។

លោក​ប្រធាន​មន្ទីរ​ក៏បាន​គូសបញ្ជាក់ថា ​នៅ​រៀងរាល់ឆ្នាំ ​មន្ទីរ​តែង​ប្រារព្វ​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​នារី​ ជាម​ន្ត្រី​បុគ្គលិក​កម្មករ​ ក្នុង​លក្ខណៈ​មហា​គ្រួសារ​មន្ទីរ​តែមួយ​ ហើយ​ត្រូវបាន​ថ្នាក់ដឹកនាំ​មន្ទីរ​ បាន​យកចិត្តទុកដាក់​ខ្ពស់​ ចំពោះ​បងប្អូន​នារី​ដែល​ជួប​នូវ​ទុក្ខលំបាក​ក្នុង​គ្រួសារ ​ដោយ​មិន​ទុក​ឲ្យ​មន្ត្រី​ណា​ម្នាក់​ ថ្នាក់ដឹកនាំ​មិនបាន​គិត​គួ​នោះឡើយ​។

លោក​ គឹម ប៉ុណ្ណា​ ក៏បាន​លើក​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ដើម្បី​ព​ន្លឿ​ន​ការចូលរួម​របស់​ស្ត្រី ការលើកកម្ពស់​សមភា​ព​យេនឌ័រ ​ក្នុងតួនាទីធ្វើ​សេចក្តីសម្រេច​នៅតែ​ជាការ​ទទួលខុសត្រូវ​ដ៏​ធំធេង​របស់​ស្ត្រី ទោះបី​ការងារ​នេះ​ជាការ​ទទួលខុសត្រូវ​រួមគ្នា​រវាង​ស្ត្រី​ និង​បុរស​ក៏ដោយ ​ស្ត្រី​ភាគច្រើន​ស្ថិតនៅក្នុង​មុខតំណែង​ទាប​នៅក្នុង​វិស័យ​សាធារណៈ ជាសំខាន់​ក្នុង​មុខតំណែង​គ្រប់គ្រង​ ស្ត្រី​ភាគច្រើន​ជា​អនុប្រធាន​ ហើយ​ការ​ជំរុញ​ឲ្យ​ស្ត្រី​ចូលរួមចំណែក​ក្នុង​កិច្ចការ​នយោបាយ​សង្គម​។

​ក្នុងនោះ​លោក​ក៏បាន​ជំរុញ ​និង​ក្រើនរំលឹក​ដល់​មន្ត្រី​ បងប្អូន​នារី​ទៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​ទាំងអស់​ ត្រូវ​បង្កើន​ការជំរុញ​ឲ្យ​បងប្អូន​នារី​ជា​មន្ត្រីរាជការ​ទាំងអស់​ ធ្វើកា​ពង្រីកពង្រឹង​នូវ​សមត្ថភាព​របស់ខ្លួន ​តា​មរយៈ​ការបណ្តុះបណ្តាល ​ក្នុងការ​បង្កើន​នូវ​សមត្ថភាព​ចំណេះដឹង​របស់ខ្លួន ​ដើម្បី​ឲ្យ​ក្លាយខ្លួន​ភាពជា​អ្នកដឹកនាំ ​ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​សុខសន្តិភាព និង វឌ្ឍនភាព​ គឺ​ត្រូវបាន​ផ្ដល់នៅ​លទ្ធផល​ដូចជា​ ការលុបបំបាត់​ភាពក្រីក្រ​ ពង្រីកពង្រឹង​កំណើនសេដ្ឋកិច្ច ការការពារ​បរិស្ថាន​ សន្តិភាព​ និង​យុត្តិធម៌​សង្គម​ សម្រាប់​ទាំងអស់គ្នា​ និង សូម​បន្ត​ការពង្រឹង​ប្រពៃណី​សាមគ្គី​ផ្ទៃក្នុង​របស់​នារី​ផងដែរ ។

​ក្នុងនោះដែរ​ លោកស្រី​ភរិយា​លោក​ គឹម​ ប៉ុណ្ណា ក៏បាន​មានប្រសាសន៍​ផ្តល់នូវ​បទពិសោធន៍​អនុសាសន៍​ ក្នុងការ​អប់រំ​កូនចៅ ​និង​ក្រុមគ្រួសារ ​ប្រកបដោយ​អហិង្សា​ និង​សន្តិវិធី​ ដែល​បងប្អូន​ស្ត្រី​យើង​​អាច​ទទួលយកបាន ​ធ្វើជា​គំរូ​ក្នុងការ​អប់រំ​នៅ​សង្គម​គ្រួសារ​របស់ខ្លួន​ផងដែរ​។

​ក្នុងឱកាស​នោះដែរ ​លោក ​គឹម ប៉ុណ្ណា ក៏បាន​ជូន​បាច់ផ្កា​ដល់​ភរិយា​របស់លោក និង​ជូន​បាច់ផ្កា​ដល់​បងប្អូន​នារី​ក្នុង​គោរព​សិទ្ធិ​គ្នា​ និង បាន​ចែក​នូវ​វត្ថុ​អនុស្សាវរីយ៍​ដល់​បងប្អូន​ស្ត្រី​ម្នាក់ៗ ​សារុង​១​ ព្រមទាំង​ផ្តល់​ពេលវេលាដល់បងប្អូន​នារី​ បាន​ទៅ​ទស្សនា​កម្សាន្ត​នៅ​ខេត្តកោះកុងទៀតផង​ដែរ ៕​​