Connect with us

ព័ត៌មានជាតិ

ការប្រជុំចរចាកំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ ២០២៤ នឹងត្រូវធ្វើឡើងនៅពាក់កណ្ដាលខែសីហា ឆ្នាំ ២០២៣នេះ

បានផុស

នៅ

ការប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ-និយោជិត នៅក្នុងផ្នែកវាយនភណ្ឌកាត់ដេរនៅក្នុងឆ្នាំ ២០២៤ នឹងត្រូវធ្វើឡើងនៅពាក់កណ្ដាលខែសីហា ឆ្នាំ ២០២៣នេះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៣១ ខែកក្កដានេះថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញលិខិតអញ្ជើញក្រុមសហជីព ដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល​ ដើម្បីចូលរួមការប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ-និយោជិត នៅក្នុងឆ្នាំ ២០២៤។ ការប្រជុំនឹងត្រូវរៀបចំឡើងនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ខាងមុខ។

លោក ហ្វា សាលី បានឲ្យដឹងថា ភាគីសហជីព មិនទាន់បានជួបប្រជុំគ្នា ដើម្បីកំណត់តួលេខជាក់លាក់ណាមួយ សម្រាប់យកទៅចរចានៅឡើយទេ។ ប៉ុន្តែក្រុមសហជីព តាមរយៈការប្រជុំនាពេលកន្លងមកបានយកតួនាទី ជាអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដោយបានទៅលើលោក គឹម ចាន់ សំណាង ដែលជាប្រធានសហភាពសិទ្ធិកម្មករកម្ពុជា។

ប្រធានសម្ព័ន្ធសហជីពជាតិ បន្ថែមបែបនេះថា «ការកំណត់ប្រាក់ឈ្នួល គឺក្រុមសហជីពនៅពុំទាន់បានកំណត់ប្រាក់ឈ្នួលនៅឡើយទេ ប៉ុន្តែយើងនៅមានពេលប្រមាណ ១៥ ទៅ ១៦ថ្ងៃទៀត ចឹងវាអត់ជាបញ្ហានៅក្នុងការកំណត់តួលេខ ប៉ុន្តែជាទូទៅការកំណត់តួលេខនេះ គឺក្រុមសហជីពមិនដែលសូវត្រូវគ្នាទេ»។

លោក ហ្វា សាលី ក៏លើកឡើងដែរថា ការចរចាប្រាក់ឈ្នួលនាឆ្នាំ ២០២៤ គឺរឿងដ៏ពិបាកមួយ។ ពិបាក​នៅត្រង់ថា វិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នៅបន្តអូសបន្លាយ ហើយការបញ្ជាទិញក៏មានការកាត់បន្ថយផងដែរ។

តែយ៉ាងណាក៏ដោយ លោកសង្ឃឹមថា រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលដឹកនាំដោយយុវជនបន្តវេន នឹងគិតគូរទៅលើបញ្ហាប្រាក់ឈ្នួលរបស់កម្មករ-និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិត​ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ។

នៅឆ្នាំ ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ទទួលបានចំនួន ២០០ដុល្លារអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម