ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងពាណិជ្ជកម្ម រៀបចំ​ទិវា​ដំឡូង​មី​ លើកដំបូង​ នៅ​កម្ពុជា ​ដើម្បី​ដាក់តាំង​បង្ហាញ​ផលិតផល​ដំឡូង​មី និង​ការប្រឡងប្រណាំង​ ស្នាដៃ​ឆ្នើម​ឆ្នាំ​២០១៧

​បាត់ដំបង​ ៖​ កាលពី​រសៀល​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៧​ក្រសួងពាណិជ្ជកម្ម រៀបចំ​ទិវា​ដំឡូង​មី​លើកដំបូង​នៅ​កម្ពុជា ​ ក្រោម​អធិបតីភាព លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​សាលាខេត្ត និង​អាជ្ញាធរ​ជុំវិញ​ខេត្តបាត់ដំបង​, មន្ត្រីរាជការ​, ពាណិជ្ជករ និង​កសិករ​ប្រមាណ ៨០០​នាក់​។​



ទិវា​នេះ​ បាន​នាំមក​នូវ​ការដាក់​តាំង​បង្ហាញ​ផលិតផល​ដំឡូង​មី និង​ការប្រឡងប្រណាំង​ស្នាដៃ​ឆ្នើម​ឆ្នាំ​២០១៧ ដែលមាន​ការចូលរួម​ពី​តំណាង​វិស័យ​ឯកជន​, អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាកសិករ​មកពី​តំបន់​នានា​ក្នុង​ខេត្តបាត់ដំបង​។​

នៅក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​អង្គពិធី អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ជំរុញ​វិស័យ​ដំឡូង​មី ​ដែលជា​ដំណាំ​អទិភាព​ទី​២ បន្ទាប់ពី​វិស័យ​ស្រូវ​ អង្ករ​ជាតិ ដូច​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា CTIS​។ លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​អាជ្ញាធរខេត្ត ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​សហការ​រៀបចំ​ទិវា​នេះ​ឡើង ក្នុង​គោលបំណង​លើកកម្ពស់​ផលិតផល​ដំឡូង​មី​កម្ពុជា និង​ជំរុញ​ការនាំចេញ​។​

“​វេទិកា​នេះ នឹង​បង្កើត​ឱកាស​ទីផ្សារ តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទំនាក់ទំនង​កសិករ ជាមួយ​អ្នក​កែច្នៃ និង​អ្នក​នាំ​ចេញពី​តំបន់​មួយ​ទៅ​តំបន់​មួយ ឲ្យមាន​ភាពរឹងមាំ​ និង ​ប្រទាក់ក្រឡា ព្រមទាំង​ផ្តល់ឱកាស​ដល់​ភាគី​ទាំងអស់ កំណត់​ពី​បញ្ហា​ប្រឈម ផ្លាស់ប្តូរ​ព័ត៌មាន និង​ចំណេះដឹង​ទៅវិញទៅមក​” ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​។​



ចាប់តាំងពី​ឆ្នាំ​២០១១ ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​ បាន​កើន​ចាប់ពី ៤០០​ពាន់​ហិក​តា ដល់ ៥៧៤​ពាន់​ហិកតា ក្នុង​ឆ្នាំ​២០១៥ ហើយ​បានផ្តល់​ទិន្នផល​សរុប ១៣​លាន​តោន​។ ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ជាទី​ផ្សារ​ដ៏​ធំ​សម្រាប់​ផលិតផល​ដំឡូង​មី​កម្ពុជា (​មើមដំឡូង​ស្រស់ ចំណិត​ដំឡូង​ក្រៀម និង​ម្សៅដំឡូង​មី​)​។

បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ព​ន្លឿ​ន​ការបំពេញ​លក្ខខណ្ឌ​នានា ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​ដំឡូង​មី ទៅកាន់​ប្រទេស​ចិន ​ដែលជា​ទីផ្សារ​ធំជាងគេ​ក្នុង​ពិភពលោក ដោយសារ ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​រួចរាល់ លើ​ពិធីសារ​ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​លក្ខខណ្ឌ​តម្រូវ​ផ្នែក​ភូតគាម​អនាម័យ​៕​​