ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ប្រធានព្រឹទ្ធសភា​ អញ្ជើញ​ជា​អធិបតីភាព​ ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៦ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៧

ភ្នំពេញ​ ៖​ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវេលា​ម៉ោង ៩ និង​០០​នាទី ព្រឹក​ថ្ងៃទី ០៧ ខែ​មីនា​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​នារី ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​១០៦ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៧ នៅ​វិមាន​ព្រឹទ្ធសភា​។​

ក្នុងនាម​គណៈប្រតិភូ​នារី ដែលមាន​សមាសភាព​អន្តរ​ស្ថាប័ន តំណាង​សង្គម​ស៊ីវិល​ ​និង ​វិស័យ​ឯកជន លោកស្រី​វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អនុញ្ញាតឲ្យ​គណៈប្រតិភូ​នារី បាន​ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៦ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៧ នាពេលនេះ​។​

លោកស្រី​រដ្ឋមន្ត្រី​បញ្ជាក់ជូន​បន្ថែមថា ក្នុង​ពិធី​អបអរ​សារ​ទរ​ខួប​លើក​ទី​១០៦ ទិវា​អន្តរជាតិ​នារី​ឆ្នាំនេះ លើ​ប្រធានបទ “​ស្ត្រី​ដើម្បី​សុខសន្តិភាព និង​វឌ្ឍនភាព​” ក្នុង​គោលបំណង​រំលេច​ពី​តម្លៃ​នៃ​សន្តិភាព និង​ការលើកកម្ពស់​វប្បធម៌​អហិង្សា ដែល​រាជរដ្ឋាភិបាល បាននិងកំពុង​ថែរក្សា និង​ជំ​រុញឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ចូលរួមចំណែក​ក្នុង​ដំណើរការ​នៃ​បេសកកម្ម​ថែរក្សា​សុខសន្តិភាព​នេះ​ឲ្យបាន​គង់វង្ស​បន្ត​ឆ្ពោះទៅមុខ ដោយហេតុថា ការបាត់បង់​នូវ​សន្តិភាព និង​វត្ត​មាននៃ​អំពើហិង្សា​នៅក្នុង​សង្គមជាតិ​មួយ គឺជា​ប្រភព​នៃ​ការរាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​ដ៏​ចម្បង​នៃ​សង្គមជាតិ​នោះ​។

ប្រធានបទ​នេះ​ក៏​ជំរុញឲ្យមាន​ការចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន រួមគ្នា​កាត់បន្ថយ​អំពើហិង្សា​ក្នុងសង្គម និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី លើកកម្ពស់​សន្តិ​ភាពជា​វិជ្ជមាន គោរព​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​របស់​សង្គមជាតិ ស្រប​ពេលដែល​សន្តិសុខ​ពិភពលោក​កំពុងមាន​ភាព​តានតឹង​៕