ព័ត៍មានទាន់​ហេតុការណ៏
Search

សាខា​កាំកុងត្រូល​ខេត្ត​ត្បូងឃ្មុំ បន្ត​យុទ្ធនាការ​ ចុះ​ត្រួតពិនិត្យ​បន្លែ​ផ្លែឈើ​ នាំចូល​ពី​ប្រទេស​វៀតណាម

​ត្បូងឃ្មុំ​ ៖​ នៅ​រសៀល​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៧​​ សាខា​កាំកុងត្រូល​ខេត្ត​ត្បូងឃ្មុំ ដែលមាន​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិត្រពាំង​ផ្លុ​ង បានធ្វើ​ការចុះ​ត្រួតពិនិត្យបន្លែ​នាំចូល​ពី​ប្រទេស​វៀតណាម មានដូចជា ព​ពាយ ក្រូចឆ្មារ ខ្ទឹមក្រហម ការ៉ុត ប៉េងប៉ោះ ដំឡូងបារាំង ពោត​បារាំង និង​ផ្លែឈើ​ជាច្រើន​មុខ​ទៀត ។​

​លោក មាស មោរ៉ា ប្រធាន​សាខា​កាំកុងត្រូល​ប្រចាំខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា​៖ យុទ្ធនា​ការចុះ​ត្រួតពិនិត្យ​នេះ ដោយ​ផ្អែកទៅលើ​ការណែនាំ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ជាពិសេស​អនុសាសន៍​របស់ ឯកឧត្តម ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​កាំកុងត្រូល បាន​ណែនាំ​ដល់​មន្ត្រី​កាំកុងត្រូល គ្រប់​សាខា​ទាំងអស់​ទូទាំងប្រទេស ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ជា​ផលិតផល ម្ហូប​អារ​ហារ តាម​ទីផ្សារ​ជាប្រចាំ ជាពិសេស​ធ្វើការ​ពង្រឹង​នូវ​ការ​នាំចូល​បន្លែ ផ្លែឈើ និង​គ្រឿង​ឧបភោគបរិភោគ​ទាំងអស់​ តាម​ច្រកទ្វារ ព្រំដែន ដើម្បី​ធានា​សុខភាព​ដល់​ប្រជាពលរដ្ឋ ជា​អ្នកប្រើប្រាស់​។​

​លោក​បន្តថា​៖ ក្រោយ​ការពិនិត្យ​លើ​បន្លែ​ផ្លែឈើ​ទាំងនោះ គឺ​មិនបាន​ប្រទះឃើញ​បន្លែ​ដែល​សល់​យូរ ស្អុយរលួយ ខូចគុណភាព​នោះទេ ទន្ទឹមនឹងនោះ​មន្ត្រី​កាំកុងត្រូល បាន​យក​បន្លែ​ជា​គំរូ​ទាំងនោះ បញ្ជូនទៅ​មន្ទីរ​ពិសោធ​និ៍ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដើម្បី​វិភាគ​រកសារ​ធាតុគីមី​ហាមឃាត់ ដែល​បណ្តាលឲ្យ​ខូចសុខភាពអ្នកទទួល​ទាន​ជា​បន្តទៀត ។​

​ជាមួយគ្នា​នោះដែរ មន្ត្រី​កាំកុងត្រូលបានធ្វើ​ការណែនាំ ក៏ដូចជា​អំពាវនាវដល់​អាជីវករ ដែល​នាំ​បន្លែ ផ្លែឈើ ​និង​ម្ហូបអាហារ​ ដែល​នាំចូល​តាម​ច្រក​ត្រពាំង​ផ្លុ​ង​នេះ​ទាំងអស់ឲ្យ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់ ពោល​ គឺ​ការនាំ​ចូល​ទំនិញ​ជា​ផលិតផល​ម្ហូបអាហារ​ណា ដែលមាន​គុណភាព​ល្អ ជាពិសេស​ហាម​ដាច់ខាត​ មិនឲ្យ​មានការ​នាំចូល​ប​ន្លែ​ផ្លែឈើផ្ទុក​នូវ​សារ​ធាតុគីមី ដែល​បណ្តាលឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព អ្នកប្រើប្រាស់​នោះឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114