ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​គឺជា​តម្លៃ​ដ៏​ថ្លៃថ្លា​ខ្ពង់ខ្ពស់​បំផុត​មិនអាច​កាត់ថ្លៃ​បាន​

​ភ្នំពេញ​ ៖ ​ស្ត្រី​គឺជា​តម្លៃ​ដ៏​ថ្លៃថ្លា​ខ្ពង់ខ្ពស់​បំផុត​មិនអាច​កាត់ថ្លៃ​បាន​ ពិសេស​ស្ត្រី​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​អភិវឌ្ឍន៍​ក្នុងសង្គម​គ្រួសារ​ ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល​ឲ្យ​រីកចម្រើន​ជឿនលឿន​។​

លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​មានប្រសាសន៍​បែបនេះ​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៦ ​ទិវា​អន្តរជាតិ​នារី ​០៨​មីនា​ឆ្នាំ​២០១៧​ក្រោម​ប្រធានបទ​(​ស្ត្រី​ដើម្បី​សន្តិភាព​និង​វឌ្ឍនភាព​)​ ដែល​បានរៀបចំ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៧ ​ខែ​មីនា​ឆ្នាំ​២០១៧​នៅ​សាលប្រជុំ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្រោម​អធិបតីភាព​លោកស្រី​គ្រុយ លាង​ស៊ីម អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ស្ត្រី​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដែលមាន​ចំនួន​៧១១​នាក់​នៃ​បុគ្គលិក​សរុប​១៣២២​នាក់​ស្មើនឹង​៥៤%​នៃ​ចំនួន​បុគ្គលិក​ទាំងអស់​។​

បន្ទាប់ពី​លោកស្រី គ្រុយ លាង​ស៊ី អនុរដ្ឋលេខាធិកា​ក្រសួងសុខាភិបាល​បាន​អាន​នូវ​ព្រះរាជសារ​របស់​សម្តេច​ព្រះមហាក្សត្រ​ត្រី​ន​រោ​ត​ម្ត​មុនីនាថ​សីហនុ​ព្រះ​វ​រាជមាតា​ជាតិខ្មែរ​ក្នុង​សេរីភាព​សេចក្តីថ្លៃថ្នូ​ និង​សុភមង្គល​រួម​មក ​លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បុគ្គលិក​ក៏​ជា​កូនចៅ​នារី​ថា ​ទិវា​០៨​មីនា​ត្រូវបាន​ប្រារព្វ​ធ្វើឡើង​ក្នុង​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។​

លោក​សាស្ត្រាចារ្យ អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​បន្តទៀតថា ​ប្រធានបទ​សម្រាប់​ទិវា​អន្តរជាតិ​នារី​០៨​មីនាឆ្នាំ​២០១៧​នេះ​គឺ​(​ស្ត្រី​ដើម្បី​សន្តិភាព​និង​វឌ្ឍនភាព​)​ព្រោ​អថា​តួនាទី​ស្ត្រី​កម្ពុជា​កាន់តែ​លេចធ្លោ​ក្រោយពី​ប្រទេស​កម្ពុជា​ទទួលបាន​មរតក​ដ៏​ថ្លៃថ្លា​គឺ​សន្តិភាព​ដែលជា​មរតក​របស់​ស​ម្តេច​តេ​ជោ​ហ៊ុន សែន​ក្នុង​ការបញ្ចប់​ភ្លើងសង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ទាំងស្រុង​នៅ​ឆ្នាំ​១៩៩៨​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​បានធ្វើ​ឲ្យ​សង្គម​គ្រួសារ​ខ្មែរ​ទាំងមូល​ដែល​ធ្លាប់​ទាស់ទែង​គ្នា​ក្នុង​អតីតកាល​បាន​រូប​រួម​សាមគ្គី​គ្នា​មាន​ឯកភាព​ទឹកដី​ទាំងស្រុង ​និង​រួមរស់​ជាមួយគ្នា​ប្រកបដោយ​មោទនភាព​បំផុត​។​

លោក​សាស្ត្រាចារ្យ បាន​បន្តទៀតថា ស្ត្រី​គឺជា​ឆ្អឹងខ្នង​នៃ​ប្រទេសជាតិ ស្ត្រី​ជា​មាតា​នៃ​ពិភពលោក ​ដូច្នេះ​ការកសាង​ប្រទេសមួយ​ឲ្យ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​ជឿនលឿន​ទៅបាន​គឺ​មិនអាច​ខ្វះ​ស្ត្រី​បានទេ។ ដូច្នេះ​បងប្អូន​ស្ត្រី​ត្រូវ​តស៊ូ​ឡើង​បន្តទៀត​ដើម្បី​ជៀសវាង​ពី​ពាក្យ​តំណាល​ថា​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំនោះ​។ ​ដូច្នេះ​ស្ត្រី​ក៏មាន​សិទ្ធិ​ស្មើ​បុរស​ដែរ​ព្រោះ​ស្ត្រី​ជា​កម្លាំងចលករ​មួយ​ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​ដោយ​សមភាព​ប្រកបដោយ​ចីរភាព​៕​