ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​ក្តីកង្វល់​ និង​ព្រួយបារម្ភ​របស់​ថ្នាក់ដឹកនាំ ​និង​ប្រជាពលរដ្ឋ​ទូទៅ ដែល​ទាមទារ​ការចូលរួមពី​គ្រប់ភាគី ​និង​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់

សៀមរាប ៖ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ពិន ប្រាកដ អភិបាលរង​ខេត្ត​ និង​ជា​អនុប្រធាន​អចិ​ន្ត្រៃយ៍​អនុគណកម្មការ​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប ក្នុងឱកាស​បើក​វេទិកា​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ជូន​ដល់​សិស្សានុសិស្ស​ចំនួន​ប្រមាណ​ជាង​ ៣៥០​នាក់ នៅ​វិទ្យាល័យ​ក្រឡាញ់ ស្ថិតក្នុង​ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប កាលពី​ថ្ងៃទី​៦ ​ខែ​មិនា ​ឆ្នាំ​២០១៧ ​នេះ​។

​វេទិកា​អប់រំផ្សព្វផ្សាយ​ច្បាប់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​ត្រូវបាន​រៀបចំឡើង​ដោយ​លេខាធិការដ្ឋាន​ នៃ​អនុគណ​កម្ម​ការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដែលមាន ​មន្ទីរសាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​ ជា​សេនាធិការ​។
​  
​លោក ពិន​ ប្រាកដ អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា​៖​ ទោះបី​ផែនការ​ផ្សព្វផ្សាយ​ធ្វើឡើង​នេះ ពុំទាន់​មាន​ថវិកា​គាំទ្រ​ក៏ដោយ តែ​បានបង្ហាញ​ការយកចិត្ត​ទុកដាក់​ខ្ពស់ ​តាម​ការណែនាំ​ពីស​ម្តេច​ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណកម្មាធិ​ការ​ជាតិ​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។

​លោក​បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​អស់លោក លោកស្រី​ ជា​សមាជិក​នៃអនុគណកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ខេត្តសៀមរាប ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ ប្រឹងប្រែង​យក​អស់ពី​កម្លាំងកាយ​ចិត្ត សហការ​ និង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត​នូវ​រាល់​សកម្មភាព​ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុងពេល​កន្លងមក​ក៏ដូចជា​ពេល​ប្ចុ​ប្បន្ន និង​ទៅ​ថ្ងៃ​អនាគត ដើម្បី​ទប់ស្កាត់​, លុបបំបាត់ និង​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​តែង​កើតមាន​ឡើងជា​រៀងរាល់ថ្ងៃ​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ពាក់​ព័ន្ឋទៅនឹង​បញ្ហាគ្រោះថ្នាក់​ចរាចរណ៍ លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា​៖​ ដូចដែល​យើង​បានដឹង​រួចហើយ​ថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ ពិការ​ក្នុង​តួលេខ​គួរឱ្យ​ព្រួយបារម្ភ ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ដៃគូ​ពាក់ព័ន្ធ​កំពុងតែ​រួមគ្នា​ ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​តាម​គ្រប់​វិធីសាស្ត្រ និង​គ្រប់​រូបភាព​ដូចជា​ ការបង្កើន​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរ​ណ៍​ផ្លូវគោក ការ​រឹតបន្តឹង​ជំរុញ​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ​គោរព​ច្បាប់​ចរាចរ​ណ៍ និង​ការជួយឧបត្ថម្ភ​គាំទ្រ ​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក្នុង​ពិធី​នេះ​។

គ្រោះថ្នាក់​ចរាចរ​ណ៍ដែល​បាន​កើតឡើង ​គឺ​ដោយសារតែ​ការធ្វេសប្រហែស ការមិន​យោគយល់ ខ្វះ​អធ្យាស្រ័យ ការមិន​ទាន់​យល់ដឹង និង​មិន​គោរព​ច្បាប់​ចរាចរណ៍​ដូចជា​បើកបរ​ម៉ូតូ ឬ​កង់​ ដោយ​មិន​ពាក់មួក​សុវត្ថិភាព បើកបរ ​និង​ធ្វើដំណើរ​តាម​រថយន្ត​មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង បើកបរ​ហួស​ល្បឿន​កំណត់ និង​ការបត់ ឬ​វ៉ា​ ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ផ្ទុក​លើស​ចំណុះ​ ឬ​សំពីងសំពោង ការមិន​គោរព​សិទ្ធិ​អាទិភាព ការប្រើ​ទូរស័ព្ទដៃ​ពេល​កំពុងតែ​បើកបរ ការ​មិនបាន​ត្រួតពិនិត្យ​លក្ខណ​យានយន្ត​មុននឹង​ធ្វើដំណើរ ការបើកបរ​ដោយ​មិនមាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​តាម​ប្រភេទ​យានយន្ត និង​កត្តា​ផ្សេងៗ​ទៀត។

គ្រោះថ្នាក់​ចរាចរ​​ណ៍ ក៏បាន​បង្ក​ឲ្យ​មានការ​ខាតបង់​ទ្រព្យសម្បត្ដិ ​អាយុជីវិត​មនុស្ស​ និង​បន្សល់ទុក​នូវ​បញ្ហា​ពិការភាព ​កុមារកំព្រា ​ស្ដ្រី​មេម៉ាយ​ ចាស់​ឥត​ទីពឹង​ និង​បញ្ហា​សង្គម​ផ្សេងៗ​មួយចំនួនទៀត​។ ជាការ​ពិត​ បញ្ហា​ទាំងអស់នេះ​ គឺ​បង្កឡើង​ដោយ​បុគ្គល​ម្នាក់ ឬ​មនុស្ស​មួយក្រុម​ក៏ពិតមែន ប៉ុន្តែ​វា​ជា​ភារកិច្ច​ទទួលខុសត្រូវ​រួម ​របស់​យើងទាំងអស់គ្នា​។​លោក​បានអំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំងអស់​ ដែលជា​យុវជន​គំរូ​​ និង​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ សូម​មេ​ត្ដា​ចូលរួមចំណែក​ធ្វើជា​គំរូ​តាមរយៈ​ការ ​អនុវត្ដ​ជាក់ស្ដែង​ លើ​ការប្រើប្រាស់​មួកសុវត្ថិភាព​ក្នុងពេល​បើកបរ ​និងធ្វើដំណើរ​តាម​ម៉ូតូ​ និង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ជាពិសេស​ គឺ​ការ​ដាស់តឿន​រំលឹក​ដល់​សិស្ស​ មិត្ត​ភក្ត្រ ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ដែល​មិនទាន់​យល់ដឹង​ចេះ​ច្បាប់ ​ឱ្យបាន​យល់ដឹង​កាន់តែច្បាស់​ពី​សារៈសំខាន់ ​នៃ​ការប្រើប្រាស់​ផ្លូវថ្នល់ ​និង​ជំរុញឱ្យមាន​ ការគោរព​ច្បាប់​ចរាចរណ៍​នៅ​គ្រប់ពេល​ ធ្វើដំណើរ​តាម​យានយន្ត​។ទាំងអស់នេះសុ​ទ្ឋ​តែ​ជា​កត្តា​ ដែល​អាចជួយ​ឱ្យ​ចៀស​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុបាន ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា​។

​ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​ទាំងនេះ​ ក៏ដូចជា​ការអនុវត្ត​ផែនការ​សកម្មភាព​ទសវត្សរ៍សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ គោលនយោបាយ​ជាតិ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ និង​ផែនការ​សកម្មភាព​ជាតិ​ ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១១-២០២០ ​របស់​រាជរដ្ឋាភិបាល។​លោក កឹម ប៉ុណ្ណា ប្រធាន​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត ​និង​ជា​ប្រធាន​មន្ទីរ​សាធារណៈ ​និង​ដឹកជញ្ជូន​ខេត្ត ក៏​បានលើកឡើង​ដែរ​ថា​៖ ​តាមរយៈ​គណក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៍​ផ្លូវគោក និង​លេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​ បាន និងកំពុង​តែបង្កើន​នូវកិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល​រវាងអង្គការ​នានា​ ​វិស័យ​ឯកជន ប្រជាពលរដ្ឋ និង​សិស្ស និស្សិត ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់គ្នា ត្រូវ​រួមគ្នា​ជំរុញ​ឲ្យ​មានការ​គោរព​ឲ្យ​បាន​ម៉ឺ​ង​ម៉ាត់​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ជាពិសេស​លើ​មាត្រា​សំខាន់ៗ ដូចជា​ការតម្រូវ​ឲ្យ​មានការ​ពាក់មួក​សុវត្ថិភាព​ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​តាម​ម៉ូតូ រួមទាំង​កុមារ​ចាប់ពី​អាយុ​ ៣​ឆ្នាំ​ឡើង ដើម្បី​ទប់ស្កាត់ និង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​បង្ក​ពី​ការរងរ​បួ​ស​ក្បាល​ ឱ្យនៅ​ក​ម្រឹត​ទាប និង​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សុវត្ថិភាព​ចរាចរណ៍​ដ៏​គួរឱ្យ​ទុកចិត្ត និង​កក់ក្តៅ​ដល់​សង្គមជាតិ និង​អន្តរជាតិ​។

​លោក កឹម ប៉ុណ្ណា ថ្លែង​ដោយ​សុទិដ្ឋិនិយម​ថា​ ការចូលរួម​ជួយ​ផ្សព្វផ្សាយ​ជា​លក្ខណៈបុគ្គល ​គ្រួសារ​ និង​មិត្ត​ភក្ត្រ ​គឺ​ពិតជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ ដើម្បី​ជំរុញ​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ ផ្លាស់ប្តូរ​ឥរិយាបថដែល​ធ្លាប់តែ​មិន​គោរព​ច្បាប់​ ងាក​មក​ខិតខំ​រួមគ្នា​គោរព​ច្បាប់​ឲ្យ​បាន​ស្មើភាព​ និង​ម៉ឺងម៉ាត់​ ដើម្បី​ថែរក្សា​អាយុ​ជីវិត​មនុស្ស​ ជាពិសេស​អ្នក​ដែលជា​ទីស្រឡាញ់​ និង​ជា​បង្គោល​ក្នុង​គ្រួសារ​ និង​សង្គម​ឲ្យ​មាន​សុវត្ថិភាព​ សុខភាព​ និង​កាយសម្បទា​មាំទាំ ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ និង​ជា​ជ​ន្ទល់​ក្នុងការ​ថែរក្សា​ និង​អភិវឌ្ឍន៍​ប្រទេសជាតិ ​ឲ្យ​មានការ​រីកចម្រើន​ប្រកបដោយ​ចីរ​ភាព​។​

​អង្គពិធី​អប់រំ​ផ្សព្វផ្សាយ​ទាំងមូល ខ្ញុំ​សូម​អំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំងអស់ ​ដែលជា​យុវជន​គំរូ​ ​និង​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ សូម​មេ​ត្ដា​ចូលរួមចំណែក​ធ្វើជា​គំរូ​ តាមរយៈ​ការ​អនុវត្ដ​ជាក់ស្ដែង​ លើ​ការប្រើប្រាស់​មួកសុវត្ថិភាព​ក្នុងពេល​បើកបរ និង​ធ្វើដំណើរ​តាម​ម៉ូតូ​ និង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ជាពិសេស​ គឺ​ការ​ដាស់តឿន​រំលឹក​ដល់​សិស្ស មិត្ត​ភក្ត្រ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ដែល​មិនទាន់​យល់ដឹងចេះ​ច្បាប់ ឱ្យបាន​យល់ដឹង​កាន់តែច្បាស់​ពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​ផ្លូវថ្នល់ និង​ជំរុញឱ្យមាន​ការគោរព​ច្បាប់​ចរាចរណ៍​ នៅ​គ្រប់ពេល​ធ្វើដំណើរ​តាម​យានយន្ត​។

ក្នុងឱកាស​នោះ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ បានអប់រំពន្យល់​ណែនាំ​បកស្រាយ ​ជូន​ដល់​អ្នកចូលរួម​ទាំងអស់​ឱ្យបាន​ជ្រាប​កាន់តែច្បាស់ ​ពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ស្លាកសញ្ញា និង​វិធាន​នៃ​ការប្រើប្រាស់​ទ្រូងផ្លូវ ​ដើម្បី​កាត់បន្ថយ ​និង​បញ្ចៀស​ពី​គ្រោះថ្នាក់​ ដោយសារ​ការធ្វើ​ចរាច​រណ៍​តាម​ដងផ្លូវ និង​បាន​សួរ​សំណួរ ឱ្យ​សិស្សានុសិស្ស​ឆ្លើយ ពាក់​ព​ន្ឋ័​ទៅនឹង​ការបើកបរ​ប្រើប្រាស់​ផ្លូវថ្នល់ និង​មាន​ផ្តល់​រង្វាន់​ជា​ថវិកា​លើកទឹកចិត្ត​ ដល់​អ្នកឆ្លើយ​ត្រូវ​សំណួរ​ផងដែរ៕