ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​ចុះហត្ថលេខា ​កំណត់​ព្រំប្រទល់​ដីស្រែ​ផលិត​អំបិល​ខេត្ត កំពត​-​កែប​

​កំពត​ ៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែងថា ការចុះហត្ថលេខា​កំណត់​ព្រំដី​ស្រែអំបិល​នាពេល​នេះដែរ គឺជា​ជំហាន​ទី​១ ដើម្បី​ការពារ​កំណត់​ព្រំប្រទល់​សំដៅ ថែរក្សា​ប្រពៃណី​នេះ​ តកូនតចៅ​សម្រាប់​អ្នក​ផលិត​អំបិល​ នៅ​ខេត្តកំពត​និង​ខេត្ត​កែប កុំឲ្យ​មាន​ស្ថាប័ន ឬ​បុគ្គល​ណា​ឬ​អ្នក​វិយោគិ​ន​ណា​នឹកឃើញ​ចង់​មក​លូកដៃ យក​ដីស្រែ​អំបិល​ទៅ អភិវឌ្ឍន៍​អ្វី​ផ្សេង ដែលនាំឲ្យ​បាត់បង់​ផ្ទៃដី​ផលិត​អំបិល​ម្ដង​បន្តិចៗ​ទៅ​អនាគត​ខាងមុខ។ ព្រោះថា​អំបិល​មិនមែន​បម្រើ​តែ​សេចក្ដីត្រូវការ ​និង ប្រយោជន៍​សម្រាប់តែ​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​មាន​ទំហំធំធេង បម្រើ​លើ​ប្រយោជន៍​ជាច្រើន​ទាំង​វិស័យ កសិកម្ម ឧស្សាហកម្ម និង​វិស័យ​ផ្សេងៗ​ទៀត។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី ចុះហត្ថលេខា ស្ដីពី​ការកំណត់​ព្រំប្រទល់​ដីស្រែ ផលិត​អំបិល ក្នុង​ខេត្តកំពត និង​ខេត្ត​កែប នៅ​ទីស្នាក់ការ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប នៅ​រសៀល​ថ្ងៃ​០៥​ ខែ មីនា ឆ្នាំ​២០១៧ ដោយមានការ​ចូលរួម​ពី លោកចាន់ ចេស្ដា អភិបាល​នៃ​គណៈ​ភិ​បាល​ខេត្តកំពត លោកកែន ស​ត្ថា អភិបាល​នៃ​គណៈអ​ភិ​បាល​ខេត្ត​កែប និង​ប្រតិភូ​ក្រុមការងារ​ចម្រុះ​អន្តរក្រសួង ព្រមទាំង​អស់លោក លោកស្រី​ជា​តំណាង​អាជ្ញាធរ ឃុំ សង្កាត់ ក្រុង ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ទាំងពីរ​មួយចំនួនទៀត។​

​លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត កែប បានដឹងថា កន្លងមក​រាជរដ្ឋាភិបាល បានចេញ​សេចក្ដីជូនដំណឹង​(​សជណ​)​ចំនួន​៨​លើក​មកហើយ ដែលមាន​ផ្ទៃដី ប្រមាណ​ជិត​៤​ពាន់​ហិកតា ដែល​ផ្ដល់​ជា​កម្ម​សិទ្ធ ឲ្យ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រុម​ផលិតករ​អំបិល​ទុក​សម្រាប់​តកូនតចៅ ហើយ​ផ្ទៃដី​ដែល​នៅសល់​ប្រមាណ​២០០​ហិកតា​ទៀត​​ ដែល​ក្រុមសាមគ្គី​ផលិត​អំបិល​កំពុង​ដាក់​ស្នើសុំ​រាជរដ្ឋាភិបាល​បន្តទៀត​។​

លោកសុង សេង​ហួត អនុរដ្ឋលេខាធិការ​ក្រសួង ឧស្សាហកម្ម និង​សិប្បកម្ម ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​-​ខេត្ត ដើម្បី​គ្រប់គ្រង និង​ការអភិវឌ្ឍ​ការងារ​ស្រែអំបិល ក៏បាន​ធ្វើ​របាយការណ៍​ឲ្យ​ដឹង​ដែរ​ថា ដោយ​ឆ្លងតាម​ទិន្នន័យ​នៃ ការចុះពិនិត្យ​សិក្សា​ជាច្រើនលើក​ច្រើនសារ របស់​ក្រុមការងារ រកឃើញថា ចាំបាច់​ត្រូវមាន​ការកំណត់ និង​ថែរក្សា តំបន់​ដ៏​មាន​សក្ដានុពល​សម្រាប់​ផលិត​អំបិល​នេះ ឲ្យ​បាន​គង់វង្ស​រហូត។ បើ​ពុំ​ដូច្នេះ​ទេ តំបន់​នេះ​ត្រូវបាន​បាត់បង់ ហើយ​នោះ ប្រទេស​កម្ពុជា នឹង​ប្រឈម​ការខ្វះខាត​នូវ​បរិមាណ​ផលិតផល​អំបិល ដែលជា​ទំនិញ​យុទ្ធសាស្ត្រ​របស់​ជាតិ ហើយ​និង​ប៉ះពាល់ ដល់​សេចក្ដីត្រូវការ​របស់​ស​ង្គ​ម​ទាំងមូល​យ៉ាងខ្លាំង ទើប​ឈានដល់​កម្មវិធី​នាពេលនេះ​ដើម្បី​ជា​មូលដ្ឋាន​ស្នើសុំ​គោលការណ៍​រាជរដ្ឋាភិបាល​សម្រេច​ប​ន្ត​បន្ទាប់​ទៀត​។​

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ចាត់​ទុ​ត​ការ​ឈានដល់​ការចុះហត្ថលេខា​នាពេលនេះ​គឺជា​លទ្ធ​កើតចេញពី​ក្រុមការងារ​ពី​បណ្ដា​អន្តរក្រសួង​-​ខេត្ត​និង មន្ទីរ​ដែល បាន​ខិតខំ​រួមគ្នា សម្រេច​ឯកសារ​សំខាន់ៗ​ជា​ជំហាន​ដំបូង​សម្រាប់​ជា​មូលដ្ឋាន​ស្នើសុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ដោយ​មិនទាន់​ឈានដល់​ការផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធ​នៅឡើយ​ទេ ដែល​ជំហាន​បច្ចេកទេស​នេះ​ដាច់​ដោយ​ផ្នែក​លើ​បែបបទ​ជំនាញ​សុរិយោដី​។ ដូចនេះ​រាជរដ្ឋាភិបាល​ត្រូវការ​ឲ្យមាន​គោលការណ៍​ថែរក្សា​ផ្ទៃដី​ផលិត​អំបិល​ឲ្យបាន​គង់វង្ស​ដើម្បី ទៅ​ពេលខាងមុខ​យើង​នឹង​បញ្ជៀ​សប​ញ្ហា​វិប្បត្តិ​ការខ្វះខាត​អំបិល ដោយសារ​ការបាត់បង់​ផ្ទៃដី​ផលិត​អំបិល​ ដែល​យើង​នាំគ្នា​បង្វែរ​យកទៅ​បំរើ​លើ​វិស័យ​ផ្សេងៗ​ទៀត។​

​សូមបញ្ជាក់ថា ពិធី​ក្នុង​ការចូលរួម​ចុះហត្ថលេខា​កំណត់​ព្រំប្រទល់​រួម​គឺមាន ខេត្តកំពត មាន​អាជ្ញាធរ ស្រុក ក្រុង​ចំនួន​៣ និង​ឃុំ​សង្កាត់​ចំនួន​៨ ខេត្ត​កែប មាន​ឃុំ​សង្កាត់ ចំនួន​៥ និង​ក្រុង​ស្រុក​ចំនួន​២ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ចំនួន​២​នៃ​ខេត្ត​ទាំង​២៕

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684