ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​គឺជា​ឆ្អឹងខ្នង​នៃ​ប្រទេសជាតិ​

ភ្នំពេញ ​៖ ​លោក​ សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ​ និងលោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង ភរិយា បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៦ ទិវា​អន្តរជាតិ​នារី ៨ មីនា ២០១៧ ក្រោម​ប្រធានបទ ស្ត្រី​ដើម្បី​សុខសន្តិភាព និង​វឌ្ឍនភាព​ ព្រមទាំង​មានការចូលរួមអបអរសាទរពី​លោក​អភិបាលរង លោកនាយក នាយករង លោក លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ និង​មន្ត្រី​ជា​នារី​ក្រោម​ឱវាទ នៅ​រដ្ឋបាល​ខណ្ឌ អធិការដ្ឋាននគរបាល​ខណ្ឌ សង្កាត់ផ្សារ ទាំងអស់​ សរុប​ចំនួន​ ១១៣​រូប​ កាលពី​ព្រឹក​ថ្ងៃទី​០៧​ ខែមីនា ​ឆ្នាំ​២០១៦ ​នេះ​។​

​ការ​ប្រារព្ធ​ពិធី ដើម្បី​អបអរសាទរខួប​លើក​ទី​១០៦ នៃ​ទិវា​អន្តរជាតិ​នារី​ ៨ ​មីនា ក្រោម​ប្រធានបទ​”​ស្ត្រី​ដើម្បី​សុខសន្តិភាព និង​វឌ្ឍនភាព​”​ នេះដែរ លោក​ សុខ ពេញ​វុ​ធ ​អភិបាលនៃ​គណៈ​អភិបាលខណ្ឌដូនពេញ បាន​លើកឡើងថា បន្ទាប់ពី​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​១-​ទី​២-​និង​ទី​៣ ដោយ​ផ្នែក​មួយ​ផ្ដោតទៅលើ​គោលនយោបាយ​សមភាព​”​យែ​ន​ឌ័​រ​” ដែល​ចាត់ទុក​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ ក្នុង​ដំណើរ​ឆ្ពោះទៅមុខ និង​លើកកម្ពស់​ស្ថានភាព សិទ្ធិ ឋានៈ និង​តួនាទី​របស់​ស្ត្រី​នៅ​កម្ពុជា ដើម្បី​សមភាព​ពិតប្រាកដ​រវាង​បុរស​ និង​ស្ត្រី​ ក៏ដូចជា​សុខមាលភាព​សង្គម កាត់បន្ថយ​អំពើហិង្សា ដែលជា​បំណងប្រាថ្នា​របស់​បុគ្គល​គ្រប់រូប គ្រប់​វិស័យ គ្រប់​ទីកន្លែង ពិសេស​ស្ត្រី ជា​ភ្នាក់ងារ​នាំមក​នូវ​ការផ្លាស់ប្ដូរ​ឥរិយាបទ​ក្នុង​គ្រួសារ​ តាមរយៈការអប់រំ​ទូន្មាន​កូនចៅ​ឲ្យ​បានល្អ មិន​ប្រព្រឹត្ត​អំពើ​ឧបាយ​មុខ និង​ការប្រើ​ហិង្សា​គ្រប់​រូបភាព ។

បន្ថែម​ពីនេះ អំពើហិង្សា គឺជា​ឧបសគ្គ​នៃ​វឌ្ឍនភាព សេដ្ឋកិច្ចសង្គម​របស់​ប្រទេសជាតិ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត អារម្មណ៍ និង​រាងកាយ​របស់​បុគ្គល ជាពិសេស​អំពើហិង្សា​ គឺជា​ការរំលោភ​សិទ្ធិមនុស្ស​ ដែលមាន​ផលប៉ះពាល់​អវិជ្ជមាន​ខ្លាំង​ទៅលើ​ស្ត្រី និង​កុមារ។ ម្យ៉ាងវិញទៀត​ការ​លំហូរ​ចូល​នូវ​វប្បធម៌​បរទេស បច្ចេកវិជ្ជា​ព័ត៌មាន បាននាំមក​នូវ​រូបភាព​ផ្សេងៗនៃ​អំពើហិង្សា ការជួញដូរ​មនុស្ស ការរំលោភ​សេពសន្ថវៈ និង​ប្រើប្រាស់​គ្រឿងញៀន ដែល​អ្នករងគ្រោះ​ភាគច្រើន​ជា​ស្ត្រី និង​កុមារ។

​លោកអភិបាលខណ្ឌ​ដូនពេញ ​បានលើកឡើង​ទៀតថា ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បានសម្រេច​លុបចោល​ការ​យក​តម្លៃ​សេវា​មួយចំនួន​ ទាក់ទង​នឹង​សេវា​រដ្ឋបាល​សាធារណៈ ​(​អត្រា​នុ​កូ​ល​ដ្ឋា​ន​)​ គឺ​ផ្ដល់ជូន​ដោយ​ឥតគិតថ្លៃ​នូវ​សេវា​ចុះបញ្ជី ​និង​បណ្ដាញ​សង្គម​ទំនើប​ជាដើម​ ហើយ​បញ្ហា​ដែល​នៅ​សេសសល់ តម្រូវ​ឲ្យ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ និង​ដៃគូរ​អភិវឌ្ឍន៍ ​រួមគ្នា​អនុវត្ត​បន្តទៀតឲ្យ​កាន់​តែមាន​ភាពប្រសើ​ឡើង​ ព្រមទាំង​បន្ត​ការគាំទ្រ​ និង​ប្រែក្លាយ​ខ្លឹមសារ​នៃ​ប្រធានបទ​ “​ស្ត្រី​ដើម្បី​សុខសន្តិភាព ​និង​វឌ្ឍនភាព​”​ ដើម្បី​ឲ្យ​ក្លាយទៅជា​សកម្មភាព​ជាក់ស្ដែង ឈានទៅសម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។​

​ជាមួយគ្នា​នោះ លោក សុខ ពេញ​វុ​ធ ​អភិបាល​ខណ្ឌដូនពេញ​ និង​លោក​ ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ និង​ភរិយា​របស់លោក ក៏បានផ្តល់​ថវិកា​ទៅដល់​នារី​ទាំងអស់ ដោយ​មួយរូប​ទទួលបាន​ ៥០,០០០៛ និង​សារុង​ចំនួន​ ០១៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114