ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​អបអរ​ខួប​លើក​ទី​១០៦​ ទិវា​អន្តរជាតិ​នារី​ ៨ មីនា ឆ្នាំ​២០១៧

​ភ្នំពេញ ៖​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ ​បាន​ចូលរួម​អបអរ​ខួប​លើក​ទី​១០៦ ​ទិវា​អន្តរជាតិ​នារី​ ៨ មីនា ​២០១៧​ក្រោម​ប្រធានបទ​ ”​ស្រី្ត​ដើម្បី​សុខសន្តិភាព​ និង​វឌ្ឍនភាព​” ​កាលពី​ល្ងាច ថ្ងៃទី​៦ ​ខែមីនា​ ឆ្នាំ​២០១៧​ នៅ​ទីស្តីការក្រសួង​ ក្រោម​វត្តមានលោកស្រី ភឿង សក្កា​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ​ជា​ស្ត្រី​ជាច្រើន​ថែមទៀត​។

បន្ទាប់ពី​មានការ​អាន​នូវ​ប្រវត្តិ​ទិវា​អន្តរជាតិ​នារី​ ៨​ មីនា​ និង​ព្រះរាជសារ​សម្តេច​ព្រះមហា​ក្ស​ត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ ​និង​សុភមង្គល​ក្នុង​ឱ​កាស​អបអរ​ខួប​លើក​ទី​១០៦ ​នៃ​ទិវា​អន្តរជាតិ​នារី​ ៨ មីនា ​រួចមក លោក ភឿង សក្កា​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ថា ដូច​បណ្តា​ឆ្នាំមុនៗ​ដែរ ការរៀបចំ​ពិធី​ដ៏​មាន​សារៈប្រយោជន៍​នេះ​ គឺជា​ឱកាស​ដ៏​ប្រពៃ សម្រាប់​យើងទាំងអស់គ្នា​រំលឹក​ឡើង​ នូវ​ការតស៊ូ​របស់​ស្ត្រី​នៅ​ជុំវិញ​ពិភពលោក អំពី​ការប្រើប្រាស់​កិច្ចសន្ទនា​ និង​សន្តិភាព​ ជំនួស​ឲ្យ​ការប្រើ​អំពើហិង្សាក្នុងការ​ដោះស្រាយ​ជំលោះ​ផ្សេងៗ​ ដែល​បាន​កើតឡើង​តាំងពី​សង្គ្រាមលោកលើកទី​១ ​មក​ម្លេះ​។

ដោយហេតុថា ជម្លោះ​ និង​អំពើហិង្សា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខមាលភាព​ផ្លូវចិត្ត និង​រាងកាយ​របស់​បុគ្គល​ ជាពិសេសការប្រើ​អំពើហិង្សាលើ​ស្ត្រី ​និង​កុមារ ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ ក្នុងនោះ​ស្ត្រី​ខ្មែរ ​២១​ភាគរយ ដែល​ធ្លាប់មាន​ដៃគូ​ចន្លោះ​ពី​អាយុ ​១៥​ឆ្នាំ​ទៅដល់​ ៦៤ឆ្នាំ​ ធ្លាប់​ទទួលរង​នូវ​អំពើ​ហឹ​ង្សា​លើ​រាងកាយ ​និង​អំពើ​ហឹ​ង្សា​លើផ្លូវ​ភេទ ដោយ​ដៃគូ​សិ្ន​ទ្ធ​ស្នាល​របស់ខ្លួន ជា​បុរស នៅក្នុង​ជីវិត​របស់​ពួកគេ ​ខណៈ​ស្ត្រី​ ៣២​ភាគរយ​ទៀត ទទួលរង​នូវ​ការបំពាន​ផ្លូវចិត្ត​ (​តួលេខ​ទទួលបាន​ពី​រាជរដ្ឋាភិបាល​ អង្គការ​សុខភាព​ពិភពលោក​) ដែល​ទាំងអស់នេះ ជា​អំពើ​រំលោភសិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ និង​ជាការ​រាំងស្ទះ​ដល់​វឌ្ឍនភាព​សេដ្ឋកិច្ចសង្គម​។

​ហេតុផល​នេះ​ដែល តម្រូវ​ឲ្យ​យើង​ទាំងអស់​គ្នាត្រូវ​មាន​ឆន្ទៈ រួមគ្នា​ក្នុងការ​លប់បំបាត់​អំពើហិង្សាគ្រប់​រូបភាព​ទៅលើ​ស្ត្រី ​ដោយ​ផ្តល់​មកវិញ​នូវ​ភាពកក់ក្តៅ ភាពសុខដុមរមនា ពោរពេញ​ដោយ​កិត្តិយស​សំរាប់​ស្ត្រី និង​បរិយាកាស​ ប្រកបដោយ​សុខសន្តិភាព ការរីកចំរើន​ មាន​វឌ្ឍនភាពក្នុង​គ្រួសារ​ និង​សង្គម​។​មានន័យថា មាន​សុខសន្តិភាព គឺមាន​ការអភិវឌ្ឍ​គ្រប់​វិស័យ និង​គ្រប់​ទីកន្លែង​។

​ ​លោកស្រីរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ប្រធានបទ​ឆ្នាំនេះ​បាន​លើកឡើងថា “​ស្ត្រី​ដើម្បី​សុខសន្តិភាព និង​វឌ្ឍនភាព​” ក្នុង​គោលបំនង​រំលេចពី​តម្លៃ​នៃ​សន្តិភាព​ និង​ការលើក​កំពស់​វប្បធម៌​អហិង្សា ដែល​រាជរដ្ឋាភិបាល​កំពុង​គាំទ្រ ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​រួមទាំង​បុរស ទាំង​ស្ត្រី ដើម្បី​វឌ្ឍនភាព​សង្គម ឆ្ពោះទៅ​លើក​កំពស់​សិទ្ធិ ស្ថានភាព​រស់នៅ ជីវភាព ឋានៈ តួនាទី​ស្ត្រី ធ្វើការ​ទប់ស្កាត់ និង​កាត់បន្ថយ​អំពើ​ហឹ​ង្សា ព្រមទាំង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។​ភារៈ​ដ៏​មាន​សារៈសំខាន់​នេះ ​ត្រូវការ​ចាំបាច់នូវ​តួនាទី​របស់​ស្ត្រី​ ដោយហេតុថា ស្ត្រី​គឺជា​មាតា និង​ជា​សាស្ត្រ​ចា​រ្យ​នៃ​មនុស្សជាតិ តែ​ក៏​ចាំបាច់​ត្រូវ​លើក​កំពស់​ភាពជា​គំរូ​របស់​បុរស ក្នុងការ​លប់បំបាត់​អំពើហិង្សា​គ្រប់​រូបភាព ដោយ​រួមគ្នាថែរក្សា​វប្បធម៌​អហិង្សា​ឲ្យ​បានជា​ស្ថាពរ​៕​

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114