ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងការបរទេស​កម្ពុជា​សហការ​រៀបចំ​ទិវា ASEM Day ក្រោម​ប្រធានបទ “​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​ក្នុង​ទសវត្សរ៍​ទី​៣

ភ្នំពេញ​ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មូលនិធិ​អាស៊ី​-​អឺរ៉ុប (Asia-Europe Foundation – ASEF) កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៧ បានរៀបចំ​ទិវា​នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM Day) ក្រោម​ប្រធានបទ “​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​ក្នុង​ទសវត្សរ៍​ទី​៣” ដែល​ពិធី​នោះ បានរៀបចំ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​

លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែលជា​អធិបតី​ក្នុង​ពិធី​នោះ បាន​លើកឡើងថា ពិធី​នេះ រៀបចំឡើង​ក្នុង​មាន​គោលបំណង​លើកកម្ពស់​ការ យល់ដឹង​ពី​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (​ហៅ កាត់​ថា​ASEM) និង​មូលនិធិ​អាស៊ី​-​អឺរ៉ុប (​ហៅ​កាត់​ថា​ASEF) ក្នុងចំណោម​និស្សិត​និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ជំរុញ ឲ្យ​មាន​ការចូល​រួម​កាន់តែ​ទូលំទូលាយ​ជាង​មុន តាមរយៈ​កិច្ចសហប្រតិបត្តិការ​នា​នារ​វាង​កម្ពុជា​និង​មូលនិធិ​អាស៊ី​-​អឺរ៉ុប នា​ពេល​អនាគត ហើយ​នឹង​បន្ត​រៀបចំ​ប្រារព្ធ​ទិវា​នេះ នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ស្របតាម​ស្មារតី​នៃ​សេចក្តី​ប្រកាស​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ ដែល​មេដឹកនាំ ASEM បានអនុម័ត​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ នៅ​ខែកក្កដា ឆ្នាំ​២០១៦ ដែល​ក្នុងនោះ​មានការ​ណែនាំ​ឲ្យ​មានកា​រ​ប្រារព្ធ​ទិវា ASEM Day នៅ​រៀងរាល់​ដើមខែ​មីនា នៅតាម​ប្រទេស​ជា​សមាជិក។

លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើង​ទៀតថា ដោយ​ចាប់ផ្តើម​ទទួលស្គាល់​ពី​ការ​អភិវឌ្ឍ​​ ការលូតលាស់​យ៉ាង​រហ័ស និង​សក្ដានុពល​ដ៏​សំខាន់​នៅ​តំបន់​អាស៊ី ប្រទេស​នៅ​តំបន់​អឺរ៉ុប បាន​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​អាស៊ី តាមរយៈ​ការពង្រីក​និង​ធ្វើ​ទំនើបកម្ម​ទំនាក់ទំនង​លើ​សសរស្ដម្ភ​បី គឺ​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​។ ក្នុង​រយៈពេល​២​ទសវត្សរ៍​កន្លងមក ASEM បាន​ដើរតួ​យ៉ាងសំខាន់​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​រវាង​តំបន់​អាស៊ី​ និង​តំបន់​អឺរ៉ុប ក្នុង​កិច្ចប្រឹងប្រែង​ថែរក្សា​សន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍ​សង្គម ​និង​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព។ ទន្ទឹមនឹងនេះ ASEM​បាន​ក្លាយ​ជា​វេទិកា​មួយ​សម្រាប់​ប្រទេស​សមាជិក​ផ្លាស់ប្ដូរ​ទស្សនៈ និង​ជំរុញ​គោលនយោបាយ​រួមគ្នា​ក្នុង​រូបភាព​បើកចំហ និង​ទូលំទូលាយ​ប្រកបដោយ​ន័យ​ស្ថាបនា​និង​ការ​គោរព​គ្នា​ទៅវិញទៅមក សំដៅ​រួមចំណែក​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​លើ​ការ​ប្រឈម​សកល​ចម្បង​ៗ​នា​ពេល​បច្ចុប្បន្ន ដូចជា បញ្ហា​សន្តិសុខ​តាម​តំបន់ អាវុធ​ប្រល័យ​លោក ភេរវកម្ម លំហូរ​ជន​ចំណាកស្រុក ការប្រែប្រួល​អាកាសធាតុ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព កំណែទម្រង់​អង្គការសហប្រជាជាតិ ពាណិជ្ជកម្ម បើកទូលាយ សមាហរណកម្ម​សេដ្ឋកិច្ច ជាដើម​។​

តាម​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី កាលពី​ខែកក្កដា ឆ្នាំ​២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ជាមួយ​មេដឹកនាំ​ប្រទេស​ផ្សេងទៀត​ដោយ​ស្មើភាព​គ្នា អំពី​សារៈសំខាន់​នៃ​ការ​រួមគ្នា​ដោះស្រាយ​ការ​ប្រឈម​ថ្នាក់​តំបន់​និង​សកល ដូចជា ការតភ្ជាប់​នៃ​តំបន់​អាស៊ី​-​អឺរ៉ុប ការប្រែប្រួល​អាកាសធាតុ ជំងឺឆ្លង ទេសន្តរប្រវេសក៍ ការប្រយុទ្ធប្រឆាំង​អំពើ​ជ្រុលនិយម​ជាដើម​។​

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើង​នូវ​បញ្ហា​ប្រឈម​សំខាន់ៗ​មួយចំនួន ដែល ASEM កំពុង​ជួបប្រទះ ​និង​ត្រូវ​បន្ត​ដោះស្រាយ​ក្នុង​ទសវត្សរ៍​ទី​៣ ទី​១, មិនទាន់​សម្រេច​បាន​នូវ​លទ្ធផល​ជាក់ស្តែង​ជា​ដុំកំភួន​នៅឡើយ​ក្នុង​ការ​ដោះស្រាយ​ការ​ប្រឈម​ថ្នាក់​តំបន់ និង​សកល ដូច្នេះ ASEM ត្រូវ​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ជាក់ស្តែង សំដៅ​រួមគ្នា​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ ដែល​ផលប្រយោជន៍​ទៅវិញទៅមក​។​

ទី​២, ការតភ្ជាប់ (Connectivity) នៅ​បន្ត​ជា​ប្រធានបទ​ស្នូល​សម្រាប់​អនាគត​របស់ ASEM ព្រោះ​កង្វះ​ការ​តភ្ជាប់​នឹង​ជះឥទ្ធិពល​ដល់​ការ​ទាញយក​សក្ដានុពល​ពេញលេញ ដើម្បី​ជំរុញ កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​រវាង​តំបន់​ទាំងពីរ​។ ការ​តភ្ជាប់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត ស្ថាប័ន ព្រមទាំង​ប្រជាជន​ និង​ប្រជាជន​រវាង​តំបន់​ទាំងពីរ មិន​ត្រឹមតែ​ជួយ​ពង្រឹង ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​របស់​តំបន់​ទាំងពីរ​ទេ ប៉ុន្តែ​វា​នឹង​ផ្តល់​នូវ​សន្ទុះ​ថ្មី​មួយទៀត​ដល់​ការ អភិវឌ្ឍ​និង​កំណើន​ប្រកបដោយ​ចីរភាព​នៅលើ​ពិភពលោក​ផងដែរ​។

ទី​៣, ការយល់ដឹង​អំពី​ដំណើរការ ASEM នៅមាន​ក​ម្រឹត​ក្នុងចំណោម​ប្រជាជន​ទូទៅ ហើយ​យើង​ទទួលស្គាល់ថា ប្រជាជន​នៅ​ប្រទេស​កម្ពុជា​ពុំទាន់​មានការ​យល់ដឹង ឲ្យ​បាន​ទូលំទូលាយ​អំពី​ដំណើរ ASEM នេះ​ទេ​។ ដូច្នេះ​យើង​ត្រូវ​ខិតខំ​បន្ថែម​ទៀត ក្នុង​ការ​ផ្សព្វផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​នេះ តាមរយៈ​ការ​ចែករំលែក​ព័ត៌មាន សិក្ខាសាលា និង​ព្រឹត្តិការណ៍​ផ្សេងៗ ដូច​អ្វីដែល​យើង​កំពុង​រៀបចំ​នៅពេលនេះ​។

លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើង​ទៀតថា ប្រទេស​កម្ពុជា​បានផ្តល់​សារៈសំខាន់​លើ​សមាហរណកម្ម និង​ការតភ្ជាប់​គ្នា​រវាង​តំបន់​អាស៊ី និង​អឺរ៉ុប និង​ត្រៀម​បន្ត​ចូលរួម​ដោយ​ស្ថាបនា​ជំរុញ​កិច្ចសហប្រតិបត្តិការ​និង​ភាពជា​ដៃគូ​ប្រកបដោយ​ផ្លែផ្កា​រវាង​តំបន់​ទាំងពីរ​នេះ​នាពេល​អនាគត​។

ឆ្លៀតឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកទឹកចិត្ត​សកលវិទ្យាធិការ សាស្ត្រាចារ្យ និង​ក្មួយៗ​និស្សិត​ទាំងអស់ ពិនិត្យ​លទ្ធភាព និង​ស្វែងរក​ឱកាស​ចូលរួម​ក្នុង​ដំណើរការ ASEM តាមរយៈ​ការរៀបចំ​ជា​គំនិត​ផ្តួចផ្តើម​សម្រាប់​យុវជន និង​ចូលរួម​ក្នុង​សិក្ខាសាលា និង​វេទិកា​ផ្សេងៗ​រៀបចំ​ដោយ​មូលនិធិ​អាស៊ី​-​អឺរ៉ុប ដូចជា Model ASEM Conference, ASEM Youth Dialogues, ASEF Young Leaders Summit ជាដើម​។ សំដៅ​ជំរុញ​ការ​តភ្ជាប់​ប្រជាជន​និង​ប្រជាជន ដែល​នឹង​រួមចំណែក​ដល់​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ភាពជា​ដៃគូ​រវាង​អាស៊ី​និង​អឺរ៉ុប ការអភិវឌ្ឍ​និង​វិបុលភាព​ក្នុង​តំបន់​ទាំងពីរ ព្រមទាំង​សន្តិភាព និង​ស្ថិរភាព​ពិភពលោក៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114