ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី និង​ចិន ជួយ​អន្តរាគមន៍​ពលរដ្ឋ​ខ្មែរ​៣​នាក់​

​ភ្នំពេញ​ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ បាន​ថ្លែង​កាលពី ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៧​ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ចិន បាន​ជួយ​អន្តរាគមន៍​ពលរដ្ឋ​ខ្មែរ ​៣​នាក់ បាន​ត្រឡប់​កម្ពុជា​វិញ​។

​តាម​លោក ជុំ សុន្ទរី ករណី​ទី​១ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរា​គម​ដោះស្រាយ​បញ្ហា និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ ២​នាក់ រួមមាន ១-ពល​ការិនី ស​.​ផ​.​ល អាយុ​ ៣៤​ឆ្នាំ មកពី​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានធ្វើ​ដំណើរ​តាមរថយន្ត ​កាត់​តាម​ព្រំដែន​ថៃ​ទៅកាន់​ម៉ាឡេស៊ី ធ្វើការ​ជា​អ្នក​បោសសម្អាតកាលពី​ខែកញ្ញា ឆ្នាំ​២០១៦ តាមរយៈ​មេខ្យល់​។ ដោយ​ចង់​ត្រឡប់មក​កម្ពុជា​វិញ នាង​បាន​ស្នើសុំ​អន្តរាគមន៍​ពី​ស្ថានទូត​នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៧​។ តាម​ការទាមទារ​រប​ស់​ស្ថានទូត និយោជក​របស់​ពលកា​រ​នី បាន​យល់ព្រម​ប្រគល់​លិខិតឆ្លងដែន​ជូន​នាង​វិញ​។

២- ពល​ការិនី ច​.​ប​.​រ អាយុ​ ៣៧​ឆ្នាំ មកពី​ខេត្តកំពង់ចាម បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១១ ធ្វើការ​ជាជាង​មាស តាមរយៈ​ក្រុមហ៊ុន​មួយ​នៅ​កម្ពុជា​។បន្ទាប់មក នៅ​ខែធ្នូ ឆ្នាំ​២០១៦ នាង​បាន​ប្តូរ​ការងារ​ជា​អ្នកធ្វើការ​តាម​ផ្ទះ​វិញ​។ដោយ​ធ្វើ​ការលំបាក ពល​ការិនី​បាន​ទៅ​ស្ថានទូត ​នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៧ ស្នើ​ជួយ​ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​។ តាម​ការទាមទារ​រប​ស់​ស្ថានទូត និយោជក​របស់​នាង បានប្រគល់​សម្លៀកបំពាក់ និង​សម្ភារៈ​ផ្ទាល់ខ្លួន​ជូន​នាង​វិញ​។

​ស្ថានទូត​បាន​សម្របសម្រួល​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍​ម៉ាឡេស៊ី ព្រមទាំង​ផ្តល់​កន្លែងស្នាក់នៅ និង​អាហារ​បរិភោគ ជូន​ពល​ការិនី​ទាំង ​២​នាក់ អំឡុងពេល​រង់ចាំ​ត្រឡប់មក​កម្ពុជា​វិញ​។ អ្នក​ទាំងពីរបាន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៧:៣០ តាម​ជើងយន្តហោះ MH 762 ។

​ករណី​ទី​២. ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន បាន​អន្តរា​គម​ជួយ​ស្ត្រី​ខ្មែរ​ម្នាក់ ឈ្មោះ ឆ​.​ស​.​រ អាយុ​ ៦៤​ឆ្នាំ ដែល​ត្រូវបាន​ប៉ូលីស​ចិន​ទីក្រុង​ណាន​នី​ង ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ពីបទ​ធ្វើដំណើរ​ចូល​ប្រទេស​ចិន​ដោយ​ខុសច្បាប់ (​គាត់​ទៅលេង​ចៅ និង​កូនស្រី​ដែលមាន​ប្តី​ជា​ជន​ជាតិចិន​)​។

​តាម​លោក ជុំ សុន្ទរី បាន​ឲ្យ​ដឹង​ដែរ​ថា ស្ថានទូត​បាន​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ចិន អោយមាន​ការដោះលែង​ និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ស្ត្រី​ខ្មែរ​ខាងលើ​។ គាត់​បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១២និង​២០​នាទី ថ្ងៃត្រង់ តាម​ជើងយន្តហោះ MU 745 ៕