ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយព្រះពរ​សម្តេចម៉ែ​ក្នុងឱកាស​អបអរ​ខួប​ទី​១០៦ ទិវា អន្តរជាតិ​នារី ៨​ មីនា​

​ភ្នំពេញ​៖ ក្នុងឱកាស​អបអរ​ខួប​ទី​១០៦ ​នៃ​ទិវា​អន្តរជាតិ​នារី ៨​ មីនា ​២០១៧ ក្រោម​ប្រធានបទ «​ស្ត្រី​ដើម្បី​សុខសន្តិភាព និង​វឌ្ឍនភាព​» ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ​កា​លពី​ថ្ងៃទី​០៦​ មីនា បានចេញ​សារលិខិត​ថ្វាយព្រះពរ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ជា​ព្រះប្រធាន​កិត្តិយសកាកបាទក្រហមកម្ពុជា។

​នៅក្នុង​សារលិខិត​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានសរសេរថា «​ខ្ញុំម្ចាស់ ព្រមទាំង​សហការី អ្នកស្ម័គ្រចិត្តយុវជន នៃ​កាកបាទក្រហមកម្ពុជាទូទាំងប្រទេស សូម​ព្រះ​បរម​រាជានុញ្ញាត សូម​សម្តែង​ថ្វាយ​នូវ ព្រះ​សព្ទសាធុការ​ពរជ័យ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ ចំពោះ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះកាយពល​មាំមួន ព្រះ​ជន្មាយុ​យឺនយូរ គង់ប្រថាប់​នៅ​ជា​ម្លប់ ត្រជាក់​ដល់​កូន ចៅ ចៅទួត គ្រប់ៗ​រូប​ជ្រកកោន ប្រកបដោយ​សុខដុមរមនាជា​រៀង​ដរាប​ទៅ​»។

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​សរសេរ​បន្តថា ​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ ​ខ្ញុំម្ចាស់​សូម​ព្រះ​រាជានុញ្ញាត​ សម្ដែង​នូវ​ព្រះ​កតញ្ញូ​កតវេទិតា​ធម៌​យ៉ាង​ធំធេង​ ចំពោះ​ព្រះរាជសារ​ចូលរួម​អបអរ​ជាមួយ​បងប្អូន​រួម​ជាតិ ​គាំទ្រ​ប្រធានបទ​នៃ​ទិវា​អន្តរជាតិ​នារី​ ៨ ​មីនា ឆ្នាំ​២០១៧​នេះ​ និង​ថ្វាយ​តម្រិះ​ប្រកបដោយ​អត្ថន័យ​ និង​ខ្លឹមសារ​មាន​អត្ថន័យ​ជ្រាលជ្រៅ ​ប្រោស​ប្រទាន​កម្លាំងចិត្ត​យ៉ាង​ធំធេង ​ដល់​ប្រជានុរាស្ត្រ​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​បន្ត​រក្សាសុខ​សន្តិ​ភា​ព និង​ការចូលរួម​អភិវឌ្ឍ​ប្រទេស​ បន្ត​ការលើក​កម្ពស់​តម្លៃ​ស្ត្រី​ក្នុង​សង្គមជាតិ​ និង​ជាពិសេស​បានធ្វើ​ឲ្យ​ខ្ញុំម្ចាស់ ​និង​សហការី​នៅក្នុង​កាកបាទក្រហមកម្ពុជា​ កាន់តែ​មាន​ឆ​ន្ទៈ​មោះមុត​ខ្លាំងក្លា​ថែមទៀត ​ក្នុងការ​បំពេញការងារ​មនុស្សធម៌​ដង្ហែ​តាម​ព្រះរាជ​គន្លង ​វីរៈ ​គំរូ​មនុស្សធម៌​ដ៏​ឆ្នើម​នៃ​ព្រះករុណា​ ព្រះមហាវីរក្សត្រ ​ព្រះ​បរម​រតន​កោដ្ឋ ​និង​សម្តេចព្រះ​មហាក្សត្រី​ ព្រះវររាជ​មាតា​ជាតិខ្មែរ​ និង​ព្រះករុណា​ ព្រះបាទ​សម្តេច​ ព្រះបរមនាថ​ ន​រោត្តម​សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​បាន​បន្ថែមថា ​ខ្ញុំម្ចាស់​សូម​ព្រះ​បរម​រាជានុញ្ញាត​ជាថ្មី​ម្តងទៀត ​លើក​ហត្ថ​ប្រណម​បួងសួង​ដល់​តេ​ជះ​ព្រះ​បារី​ នៃ​ដួង​ព្រះ​ញ្ញាណ​ក្ខ​ន្ធ​អតីត​ព្រះមហាវីវរក្សត្រ ​ព្រះមហា​ក្សត្រិយានី​ខ្មែរ​ គ្រប់​ព្រះអង្គ​ ពិសេស​ដួង​ព្រះ​ញ្ញាណ​ក្ខ​ន្ធ​ព្រះករុណា​ ព្រះមហាវីរក្សត្រ​ ព្រះ​បរម​រតន​កោដ្ឋ​ សូម​ទ្រង់​អភិបាល​គ្រង​រក្សា​ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ សូម​ព្រះ​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ ៤​ប្រការ​ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕