ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ប្រធានព្រឹទ្ធសភា​ អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ ដែល​ធ្វើ​ការងារ​ជាមួយ​ស្ត្រី​ ចូលរួម​សកម្ម​ក្នុង​ផែនការ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​

​ភ្នំពេញ ​៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ បានធ្វើការ​អំពាវនាវ​ឲ្យ​ក្រសួង​កិច្ចការនារី អង្គការក្រៅរដ្ឋាភិបាល ដែល​ធ្វើ​ការងារ​ជាមួយ​ស្ត្រី ព្រមទាំង​នារី​គ្រប់រូប ចូលរួម​ឲ្យ​បាន​សកម្ម​ អនុវត្ត​នូវ​ផែនការ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ស្មារតី​ប្រកបដោយ​ការសហការ និង​ទទួលខុសត្រូវ ដើម្បីឲ្យ​ប្រទេសជាតិ​យើង​មានការ​អភិវឌ្ឍ​។

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​នារី ក្នុងឱកាស​អបអរសាទ​រ​ខួប​អនុស្សាវ​រី​យ៍​លើក​ទី​១០៦ ទិវា​នារី​អន្តរជាតិ​ ៨ ​មីនា ក្រោម​ប្រធានបទ “ស្ត្រី​ដើម្បី​សុខសន្តិភាព និង​វឌ្ឍនភាព” សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​គាំទ្រ និង​បន្ត​លើកទឹកចិត្ត​ដល់​ក្រសួង​កិច្ចការនារី ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​ដើម្បី​ស្ត្រី ដោយ​យកចិត្តទុកដាក់​ពិនិត្យ និង​ផ្តល់យោបល់​លើ​អត្ថបទ​ច្បាប់​នានា ដែល​ពាក់ព័ន្ធនឹង​បញ្ហា​ស្ត្រី ដើម្បី​ជា​ឧបករណ៍​សម្រាប់​អនុវត្ត​សមធម៌​យេនឌ័រ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ស្ត្រី និង​កុមារ​ឲ្យកាន់​តែមាន​ប្រសិទ្ធភាព​។
​ 
​សម្តេច​វិបុល​សេនា​ភក្តី បាន​បញ្ជាក់ថា តួនាទី​របស់​ស្ត្រី​ក្នុង​ឆាកនយោបាយ និង​ស្ថានភាព​ស្ត្រី​ ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់ ឆ្លើយតប​ជា​វិជ្ជមាន​នឹង​ផែនការ ​សកម្មភាព​ទីក្រុង​ប៉េកាំង​ឆ្នាំ​១៩៩៥ គោលដៅ​អភិវឌ្ឍន៍​សហ​វត្សរ៍ និងសេចក្តីសម្រេច​ចិត្ត​លើក​ទី​៨​ របស់​ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ​ លេខ​១៣២៥ ស្តីពី​ស្ត្រី​សន្តិភាព និង​សន្តិសុខ​។ សម្តេច​សេនា​វិបុល​ភក្តី ក៏បាន​សម្តែង​នូវ​ការអបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ ចំពោះ​សមិទ្ធផល​ទាំងឡាយ ដែល​បងប្អូន​នារី​យើង​សម្រេចបាន ក្នុងការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ដើម្បី​បុព្វហេតុ​កសាង អភិវឌ្ឍន៍ និង​ការពារ​ប្រទេសជាតិ​មាតុភូមិ​។

​ ​សម្តេច​វិបុល​សេនា​ភក្តី ប្រធានព្រឹទ្ធសភា ក៏បាន​បញ្ជាក់ដែរថា យើងទាំងអស់គ្នា​នៅទីនេះ​សុទ្ធតែជា​ម្ចាស់ឆ្នោត ដូច្នេះ​សូម​អំពាវនាវ​ឱ្យ​យើងទាំងអស់គ្នា​នៅទីនេះ រៀបចំ​កម្មវិធី​ការងារ​ឱ្យ​បានល្អ​ទុកពេល​មួយថ្ងៃ គឺ​នៅ​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ​២០១៧ ដើម្បី​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើ​រើស​គណបក្ស​ណា ដែលមាន​បេក្ខជន​ល្អ មាន​សមត្ថភាព មានគុណ​ភាព មានបទពិសោធន៍​ការងារ ដែល​ប្រជាជន​ជឿទុកចិត្ត និង​គាំទ្រ​ឱ្យកាន់អំណាច​នៅ​ថ្នាក់មូលដ្ឋាន​របស់​យើង ​សម្រាប់​អាណត្តិ ៥​ឆ្នាំ​បន្ត​ទៅមុខទៀត​។

សម្តេច​បន្ថែមថា មូលដ្ឋាន​ល្អ​មានការ​អភិវឌ្ឍ និង​នាំឱ្យ​រាជរដ្ឋាភិបាល ក៏មាន​ការអភិវឌ្ឍន៍​ផងដែរ រួមចំណែក​ជូន​ដល់​រាជរដ្ឋាភិបាល​ឱ្យមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ផងដែរ ហើយ​បើ​រដ្ឋាភិបាល​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ផងដែរ​នោះ នោះ​តួនាទី សិទ្ធិអំណាច និង​ស្ថានភាព​របស់​ស្ត្រី​នឹងត្រូវ​បាន​លើកកម្ពស់​តាមរយៈ​នោះ​ផងដែរ​។

​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​លើកឡើងថា ស្ត្រី​កម្ពុ​ជាង​ជិត​ ៥០​ភាគរយ​ ចូលប្រឡូក​ក្នុង​វិស័យ​ធំៗ​ចំនួន​បី ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ដែល​ក្នុងនោះ​រួមមាន​៖ ​វិស័យ​កសិកម្ម​, វិស័យ​ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម​។លោកស្រី រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច​មាន​សារៈសំខាន់​ណាស់ ដោយ​ស្ត្រី​អាច​រកប្រាក់​ចំណូល​ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ ដែល​ចូលរួម​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ ​របស់​គ្រួសារ និង​សង្គម​។

​គួរ​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ​ ប្រទេស​កម្ពុជា​ក៏ដូចជា​ប្រទេស​នានា​លើ​សកលលោក ​តែងតែ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​ មីនា ក្នុង​គោលបំណង​ រំលឹក​ពី​ការតស៊ូ​របស់​ស្ត្រី​ក្នុងការ​ទាមទារ​សិទ្ធិ សេរីភាព និង​ការអនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស និង​ស្ត្រី ដោយ​ពិនិត្យមើល​ផងដែរលើសមិទ្ធផល​សម្រេចបាន បញ្ហា​ប្រឈម​នៅ​សេសសល់ ដើម្បី​រៀបចំ​ផែនការ​សម្រាប់​អនុវត្ត​បន្តទៅ​ឆ្នាំ​មុខ​ទៀត ឆ្ពោះទៅ​លើកកម្ពស់​សមភា​ព​យេនឌ័រ និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​៕