ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ការងារ​ ប្រកាស​ទទួល​ពាក្យ​ប្រឡង​ជ្រើសរើស​សម្រស់​ឯក​ វាយនភណ្ឌ​ឆ្នាំ​២០១៧

ភ្នំពេញ​ ៖ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ចាប់ផ្ដើម​ទទួល​ពាក្យ​ប្រឡង​ជ្រើសរើស​ប្រឡង​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៧​ចាប់ពី​ថ្ងៃ​ទី​០៦​ដល់​ថ្ងៃ​ទី​១៧​ខែ​មីនា ​ឆ្នាំ​២០១៧ ​ដោយ​បេក្ខជន​បេក្ខនារី​អាច​ទៅ​រក​បាន​នៅ​ទីស្តីការ​ក្រសួង​ ឬ​តាម​មន្ទីរ​ការងារ​ និង​បណ្ដុះបណ្ដាល ​វិជ្ជាជីវៈ​ទាំង​២៥​រាជធានី​ខេត្ត។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣១​ទិវា​ពលកម្ម​អន្តរជាតិ​០១​ឧសភា ឆ្នាំ​២០១៧ និង​ក្នុង​គោលបំណង បង្កើត​ឱកាស​សប្បាយរីករាយ និង​លើកកម្ពស់​តម្លៃ​ការងារ​របស់​បងប្អូន​កម្មករ​-​កម្មការិនី​ដែល​កំពុង​បម្រើការ​នៅក្នុង​វិស័យ​ឧស្សាហកម្ម ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​វិស័យសេដ្ឋកិច្ច​ផ្សេងៗ​ទៀត ​ក្រសួង​ការងារ​បាន​សហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) និង​ស្ថានីយ​ទូរទស្សន៍​អ៊ី​ធី​វី (ETV)​រៀបចំ​ជ្រើសរើស​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៧​លើក​ទី​៣​។

សេចក្តី​ជូន​ដំណឹង​ដដែល​បាន​បន្តថា​ ចំពោះ​វគ្គ​ប្រឡង​ជម្រុះ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៣១​ខែមីនា​ ដោយ​បែង​ចែកជា​៣​មណ្ឌល​រួមមាន​៖ ១-​មណ្ឌល​ភ្នំពេញ សម្រាប់​បេក្ខជន​មកពី​រាជធានី​ភ្នំពេញ កណ្តាល តាកែវ កំពង់ឆ្នាំង កំពង់ស្ពឺ ពោធិ៍សាត់ បន្ទាយមានជ័យ សៀមរាប​កំពង់ធំ ព្រះវិហារ​បាត់ដំបង ឧ​ត្ត​រ​មានជ័យ​និង ប៉ៃលិន​។​ ២ -​មណ្ឌល​ព្រះសីហនុ​សម្រាប់​បេក្ខ​ជន​មកពី​ខេត្ត​ព្រះ​សី​ហ​នុ កោះកុង កែប​និង​ខេត្តកំពត និង ៣-​មណ្ឌល​ស្វាយរៀង​សម្រាប់​បេក្ខជន​មកពី​ខេត្តស្វាយរៀង កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌល​គិ​រី​និង​រតនគីរី​។​

មណ្ឌល​ប្រឡង​នីមួយៗ​ត្រូវ​ជ្រើសរើស​បេក្ខជន​ចំនួន​៤​រូប​ និង​បេ​ក្ខ​នារី​ចំនួន​៤​រូប​ដើម្បី​ចូលរួម​ប្រឡង​វគ្គ​ផ្ដាច់ព្រ័ត្រ ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៧ ​ដោយមាន​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ស្ថានីយ​ទូរទស្សន៍​អ៊ី​ធី​វី (ETV) ។

គួរ​បញ្ជាក់ថា​កម្មករ​-ការិនី ​ដែល​ចូលរួម​ប្រកួត​ក្នុង​«​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៧»​នេះ​ត្រូវមាន​អាយុ​ចាប់ពី​១៨​ដល់​៣០​ឆ្នាំ​ និង​មាន​កម្ពស់​ចាប់ពី​១,៦២​សម្រាប់​បេក្ខជន​និង​១,៥៨​សម្រាប់​បេក្ខនារី ​ហើយ​ជា​បេក្ខជន​កំពុង​បម្រើការ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​។​

កម្មវិធី​ប្រឡង​ជ្រើសរើស​កម្មការិនី​សម្រស់​ឯក​លើកទីមួយ កាលពី​ឆ្នាំ​២០១៥ មាន ការចូលរួម​ពី​បេក្ខជន​ និង​បេ​ក្ខ​នារី​ចំនួន ៥៨​រូប មកពី ៣២​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​។ ​ចំណែក​ឆ្នាំ​២០១៦​ មាន​បងប្អូន​កម្មករ​កម្ម​ការិនី​បានដាក់​ពាក្យ​ចូលរួម​ប្រកួត​ចំនួន ៤៣១ នាក់​មកពី​មណ្ឌល​ចំនួន ៣ គឺ​ទីស្តីការក្រសួង​ចំនួន ២៣៥​នាក់​, ខេត្ត​ព្រះសីហនុ ៧៩​នាក់ និង​ខេត្តស្វាយរៀង​ចំនួន ១១៧​នាក់​។ ដោយឡែក​សម្រាប់​ឆ្នាំ​២០១៧​ ដែល​ជា​លើក​ទី​៣​នៃ​ប្រឡង​ជ្រើសរើស​កម្មការិនី​សម្រស់​ឯក​នៅ​មិនទាន់​ដឹង​ចំនួន​នៅឡើយ​ទេ ​ព្រោះ​ទើប​ប្រកាស​ដាក់ពាក្យ​ចាប់ពី​ថ្ងៃ​ទី​០៦​ដល់​ថ្ងៃ​ទី​១៧ ខែ​​មីនា ឆ្នាំ​២០១៧៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114