ព័ត៍មានទាន់​ហេតុការណ៏
Search

តាម​ស្រាវ​មុខសញ្ញា​ចែកចាយ រហូត​ឈានដល់​ការឃាត់ខ្លួន​ មនុស្ស​៥​នាក់​ ​

បាត់ដំបង ៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ចំនួន​៥​នាក់ ត្រូវបាន​កម្លាំង​មូលដ្ឋាន​​កងរាជអាវុធហត្ថ​ស្រុក​មោងឫស្សី​ ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ខណៈដែល​ពួកគេ​​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​ផង និង​ចម្លើយសារភាព​ទៅលើ​មុខសញ្ញា​ដទៃទៀត​ផង។​

​ក្នុង​កិច្ច​ប្រតិបត្តិ​ការលើកដំបូង​ គឺ​បាន​ប្រព្រឹត្តឡើង​នៅវេលា​ម៉ោង ១០ យប់ ថ្ងៃទី ៦ ​ខែមីនា ឆ្នាំ​២០១៧ ដោយ​កម្លាំង ​បាន​ចុះទៅ​កាន់​ចំណុច ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ គឺ​ក្នុងនោះ​មានឈ្មោះ ហាក់ ហា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ស្តៅ ឃុំ​គារ ស្រុក​មោងឫស្សី និង​ឈ្មោះ ពេ​ង ចន្ថា ហៅ​តួ​ក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ទួល​ធ្នង់ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង។ ក្នុងការ​ឃាត់ខ្លួន​នេះ កម្លាំងបានធ្វើ​ការដកហូត​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០៣​កញ្ចប់ និង​ម៉ូតូ​ម៉ាក​ស្កូ​ពី​ពណ៌​ស​០១​គ្រឿង គ្មាន​ស្លាក​លេខ។​

​បន្ទាប់ពី​បាន​នាំខ្លួន​យកមក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មោងឫស្សី ដើម្បី​សាក​​សួរ រួចមក ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា គ្រឿងញៀន​ទាំងនេះ​គេ​បាន​ទិញ​ពី​ឈ្មោះ យើ​ន ភេទ​ប្រុស។ នៅវេលា​ម៉ោង ១១ យប់ ថ្ងៃ ខែ ឆ្នាំ​ដដែល កម្លាំង​បាន​បន្ត​កិច្ចប្រតិបត្តិការ​ជា​លើក​ទី​២ ដោយបាន​ចុះទៅ​ចំណុច ភូមិ​មោង ឃុំ​មោង ស្រុក​មោងឫស្សី ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ អ៊ួ​ម អ៊ុយ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជា​កម្មករ រស់នៅ​ភូមិ​គារ​២ ឃុំ​គារ ស្រុក​មោងឫស្សី ដោយបាន​ដកហូត​គ្រឿងញៀន​ប្រភេទ ម៉ា​ទឹកកក​មួយកញ្ចប់ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​០១​គ្រឿង ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ស្លាកលេខ បាត់ដំបង ១X- ២០៤៨ ខណៈពេលដែល​ជនសង្ស័យ​កំពុង​ឈរ​លក់​គ្រឿងញៀន។​

​រហូតដល់​ម៉ោង​១ រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី ០៧ ខែមីនា ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​ចុះទៅ​កាន់​ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោងឫស្សី ម្តងទៀត​ដើម្បី​ច្បាម​យក​មេខ្លោង​ធំ​ ដែល​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាព គឺ​នៅ​ទីបំផុត​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​បន្ថែមទៀត ដែល​ពួកគេ​មានឈ្មោះ លឿ​ត សំណាង ហៅ​យើ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ​និង​ឈ្មោះ ហា ហាល់ ហៅ​ហ៉ី​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ដូន​ទ្រី ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។​

ជា​លទ្ធផល​នៅក្នុង​កិច្ចប្រតិបត្តិការ​ទាំង​៣​លើក​នេះ កម្លាំង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៥​នាក់ គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​០៤​កញ្ចប់ ម៉ូតូ​០២​គ្រឿង និង​ទូរស័ព្ទដៃ ០៧​គ្រឿង​ ដោយ​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ ការិយាល័យ ប្រឆាំង​គ្រឿងញៀន​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ដើម្បីចាត់ការ​តាម​នីតិវិធី​ច្បាប់៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684