ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​បើក​មហោស្រព​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា​លើក​ទី​៣

ភ្នំពេញ​ ៖ ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន​បើកទូលាយ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​ក្រុមហ៊ុន Jeong Gong Culture Co. Ltd. នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ប្រារព្ធមហោស្រព​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា​លើក​ទី​៣ ឆ្នាំ​២០១៧​រយៈពេល​បី​ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ក្រោម​អធិបតីភាព​លោក ​ហង់​ ជួនណា​រ៉ុ​ន ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​និង​លោក​ វីលៀម​ហេ​ដ​ ឯកអគ្គ​រដ្ឋ​ទួត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​។


​មហោស្រព​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា​លើក​ទី​៣​ បាន​ប្រារព្ធធ្វើឡើង​ ក្នុង​គោលបំណង​ជំរុញ​សិស្សានុសិស្ស និស្សិត យុវជន លោកគ្រូ​-​អ្នកគ្រូ យកចិត្តទុកដាក់​លើ​ការសិក្សា និង​ស្រាវជ្រាវ​លើ​មុខជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដែលជា​ជំនាញ​ដ៏​មាន​សក្តានុពល​ សម្រាប់​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច ឧស្សាហកម្ម ក​សិ-ឧស្សាហកម្ម នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​មហោស្រព​នេះ​មានរយៈពេល​បីថ្ងៃ ​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​ និងមាន​សកម្មភាព​សំខាន់ៗ​រួមមាន​ ១- ពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា,២- សិក្ខាសាលា និង​វេទិកា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​គណិតវិទ្យា, ​​៣- ការប្រកួតប្រជែង​គណិត​វិទ្យា ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ ,៤- ការប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​។

​តាម​លទ្ធផល​ស្រាវជ្រាវ​របស់​វិទ្យា​សា្ថ​ន​បណ្តុះបណ្តាល ​និង​ស្រាវជ្រាវ ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(CDRI)​ បាន​ឲ្យ​ដឹងថា ​នៅ​ឆ្នាំ​២០១៥​ កន្លងទៅនេះ ​កម្ពុជា​ត្រូវការ​បណ្តុះបណ្តាល​វិស្វករ ​និង​បច្ចេកទេស​ជាង​ ៨​ម៉ឺន​នាក់ ​ដើម្បី​ឲ្យ​កម្ពុជា​ទទួលបាន​កំណើន​ផលទុន​សរុប​ក្នុងស្រុក ​GDP ​ចន្លោះ​ពី​ ៦​ ទៅ​ ៨​ភាគរយ​ នៅ​ ៥​ឆ្នាំ​ខាងមុខនេះ​។

​ដូចនេះ​លោក​សូម​ជំរុញ ​និងលើកទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ ​ជ្រើស​យក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ហៅ​កាត់​ថា ស្តេ​ម (STEM) បន្ថែមទៀត នៅពេល​ពួកគេ​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ ដោយសារ​ទីផ្សារការងារ​ទាំង​ក្នុង និង​ក្រៅប្រទេស កំពុង​ខ្វះខាត​អ្នកជំនាញ​ក្នុង​វិស័យនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114