ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ពាណិជ្ជកម្មកម្ពុជា​ ចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​តំណាង​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប លើក​ទី​១៥

ហ្វីលីពីន​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​អាស៊ាន កាលពី​ថ្ងៃ​សុក្រ​ ទី​១០ ខែមីនា ឆ្នាំ​២០១៧​ បានដឹកនាំ​គ​ណៈប្រតិភូ​របស់​កម្ពុជា​ ទៅ​ចូលរួមក្នុង​កិច្ចប្រជុំ​ពិភាក្សា​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​តំណាង​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប លើក​ទី​១៥ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​សេដ្ឋកិច្ច​, ពាណិជ្ជកម្ម និង​វិនិយោគ​។

​ក្រសួង​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​សហប្រធាន លោក រ៉ា​មុន ឡូ​ប៉េ​ស (Ramon Lopez) អគ្គលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ហ្វីលីពីន និង​លោកស្រី សេ​ស៊ី​លៀ ម៉ា​ល់​ស្រម (Cecilia Malmstrom) តំណាង​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​។​ លោក រ៉ា​មុន ឡូ​ប៉េ​ស បាន​លើកឡើងថា “​អាស៊ាន​បានក្លាយ​ជាទី​ផ្សារ​ដ៏​មាន​ប្រជាប្រិយភាព ​របស់​ពាណិជ្ជកម្ម និង​លំហូរ​នៃ​ការវិនិយោគ​ដោយផ្ទាល់​ពី​សហភាព​អឺរ៉ុប​”​។​

ចំណែក​លោ​ស្រី សេ​ស៊ី​លៀ ម៉ា​ល់​ស្រម បាន​យល់ស្រប​ថា “​អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ ដែល​ទំនាក់ទំនង​ល្អ​ជាមួយ​សហភាព​អឺរ៉ុប ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច ហើយ​សហភាព​អឺរ៉ុប​ ចង់​ចូលរួម​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​។​

​កិច្ចប្រជុំ​នេះបានកត់សម្គាល់​នូវ​បញ្ហា​នានា និង​អនុសាសន៍​មួយចំនួន ដែល​បានលើកឡើង​ដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហភាព​អឺរ៉ុប ហើយ​បាន​កោតសរសើរ​ក្រុមប្រឹក្សា​នេះ ចំពោះ​ការចូលរួម​យ៉ាងសកម្ម​ ក្នុង​ការជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​អាស៊ាន​-​សហភាព​អឺរ៉ុប​ តាមរយៈ​វេទិកា​ផ្សេងៗ​។ លើសពីនេះ កិច្ចប្រជុំ​ក៏បាន​អនុម័ត​លើ​កម្មវិធី​ការងារ​ពាណិជ្ជកម្ម និង​វិនិយោគ​អាស៊ាន​-​សហភាព​អឺរ៉ុប សម្រាប់​ឆ្នាំ​២០១៧-២០១៨ ព្រមទាំង​ចរចា​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង​ ពាណិជ្ជកម្ម​អាស៊ាន​-​សហភាព​អឺរ៉ុប​ ឡើងវិញ​។

​យោងតាម​ទិន្ន័យ​របស់​សហភាព​អឺរ៉ុប ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាស៊ាន​-​សហភាព​អឺរ៉ុប មាន​ចំនួន ២០៨​ពាន់​លាន​អឺរ៉ូ ក្នុង​ឆ្នាំ​២០១៦ ហើយ​សហភាព​អឺរ៉ុបនៅតែ​ជា​ប្រភព​នៃ​លំហូរ​វិនិយោគ​ដោយផ្ទាល់​ដ៏​សំខាន់​ជាងគេ នៅក្នុង​តំបន់​អាស៊ាន សម្រាប់​ឆ្នាំ​២០១៥ ដែលមាន​ទំហំ​ទឹកប្រាក់ ២៣,៣​ពាន់​លាន​អឺរ៉ូ​៕​