ព័ត៍មានទាន់​ហេតុការណ៏
Search

យក​គ្នា​ជា​ក្លើ​ម្រាក់​ជាច្រើន​ឆ្នាំ​មក​ហើយ​​ ​​បែរជា​វាយ​សំពង​គ្នា ​គ្មាន​ត្រាប្រណី ​ទីបំផុត​ម្នាក់​ជាប់​គុក ​ម្នាក់​ជាប់​ខ្នោះ

កំពង់ធំ ​៖​ ចាស់​ស្ទាវ​២​នាក់ ​រស់នៅ​ផ្ទះ​ជាប់​សំយាប​គ្នា ​ហើយ​យក​គ្នា​ជា​ក្លើ​ម្រាក់​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ​ ​​បែរជា​វាយ​សំពង​គ្នា ​សុទ្ធតែ​ដំបង​ឫស្សី ​ គ្មាន​ស្តាយ​ស្រណោះ កាត់ផ្ដាច់​អស់​មនោសញ្ចេតនា​​​ ទីបំផុត​ម្នាក់​រង​របួស​ដេរ​ជាច្រើន​ថ្នេរ​ ម្នាក់​ជាប់​ខ្មោះ។

បុរស​វ័យ​ចំណាស់​២​នាក់ បាន​ប្រើ​អំពើ​ហិង្សា​ដាក់គ្នា​ដោយ​ចេតនា ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន រួម​ជាមួយនឹង​វត្ថុតាង មាន​(​ដំបង​ឫស្សី​)។ ចំណែក​ជន​បង្ក​​មានឈ្មោះ ម៉ែន ឌី ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​បារាយណ៍​ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ពី​បទ​យក​ដំបង​ឫស្សី​វាយ​ទៅលើ​ញាតិ​នៅផ្ទះ​ជិតគ្នា ដែល​ជា​ជនរងគ្រោះ​ឈ្មោះ ឆេង ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ផ្ទះ​ក្បែរ​គ្នា បណ្តាល​ឲ្យ​រយះ​ដេរ​ជាច្រើន​ថ្នេរ​ កាលពី​វេលា​ម៉ោង​១៧ និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ នៅ​ភូមិ​សំរោង ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។

តាម​ប្រភព​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹងថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ខឹងសម្បា ដោយ​ចោទប្រកាន់​ជនរងគ្រោះ​ថា បាន​លួច​សម្ភារៈ និង​អង្ករ​របស់​ខ្លួន ដោយ​ពុំបាន​សុំ​ការ​អនុញ្ញាត ទើប​ធ្វើ​ឲ្យ​មានការ​ប្រកែក​ត​ពាក្យ​ត​សម្ដី ​​ឡើង​តឹង​សរសៃ​ក​រៀងខ្លួន ធ្វើ​ឲ្យ​ជនសង្ស័យ​អត់​ទ្រាំលែងបាន ក៏​ទាញ​ដំបង​ឫស្សី​ប្រវែង​ជាង​កន្លះ​ម៉ែត្រ វាយ​សំពោង​ជុំវិញ​ដងខ្លួន បណ្តាល​ឲ្យ​ដេកពេទ្យ​តែ​ម្តង ទើប​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​។​

ក្រោយពី​កើតហេតុ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន រួមទាំង​វត្ថុតាង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ចំណែក​ជនរងគ្រោះ របួសធ្ងន់​៥​កន្លែង ចំ​ពីលើ​ក្បាល​១​កន្លែង ,​ចំ​ថ្ងាស​១​កន្លែង , ចំក្បាល​ផ្នែក​ខាងក្រោយ​១​កន្លែង , ចំ​ភ្នែក​ឆ្វេង​១​កន្លែង , ចំ​ស្មង​ជើង​ឆ្វេង​១​កន្លែង។ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ស្វាយ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114