ព័ត៍មានទាន់​ហេតុការណ៏
Search

ខេត្តស្ទឹងត្រែង​បង្កើន​ការងារ​សម្អាត​បរិស្ថាន ​ក្នុង​ក្រុង​មុនពេល​បុណ្យ​ទន្លេ​ ឈានចូល​មកដល់​

​ស្ទឹងត្រែង ​៖ ​នៅមុន​ពេល​បុណ្យ​ទន្លេ​ ឈាន​មកដល់ ​អាជ្ញាធរខេត្ត​ស្ទឹងត្រែង ​បាន​អំពាវនាវ​មន្ត្រីរាជការ​អង្គការ​សង្គម​ស៊ីវិល​ អាជីវករ និង​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យយកចិត្តទុកដាក់ កែប្រែ​ឥរិយាបថ​ទុកដាក់​សំរាម ឲ្យ​បាន​ត្រឹមត្រូវ​ ហើយ​បើ​បុគ្គល​ឬ​អាជីវក​រណា​នៅ​បន្ត​ចោល​សំរាម​រាយប៉ាយ តាម​ទីសាធារណៈ ត្រូវ​ផាកពិន័យ​តាម​ច្បាប់។​

លោក​ ដួង​ ពៅ​ អភិបាលរង​ខេត្ត​ បាន​បញ្ជាក់ថា ​៖ ​ការងារ​ធ្វើ​ឲ្យ​ទីក្រុង​ស្អាត​សំខាន់បំផុត​គឺ​ស្មារតី​ចូលរួម​ពី​ប្រជាពលរដ្ឋ ហើយ​កន្លង​អាជ្ញាធរ​បាន​បើក​យុទ្ធនាការ រើស​សំរាម​ច្រើនលើក​រួច​មកហើយ ​តែ​មិនមាន​ប្រសិទ្ធភាព​ សំរាម​នៅតែ​រាយប៉ាយ​។​


លោក​អភិបាលរង​បង្ហាញថា​ ៖ ​វិធានការ​ថ្មី​នេះ ​អាជ្ញាធរខេត្ត​ បាន​ចែក​ផែនការ​ឲ្យ​មន្ទីរ​អង្គភាព​នី​មួយៗ​ទទួលខុស​ទៅតាម​តំបន់​គោលដៅ ហើយ​បើ​រកឃើញ​បុគ្គល​ណា​រឹងរូស មិន​ព្រម​ចូលរួម​សម្អាត​បរិស្ថាន នៅតាម​ផ្ទះ​របស់ខ្លួន​ត្រូវមាន​វិធានការ​។​

អ្នកស្រី​ ហ៊ួ​ន ​ឡយ នៅ​ភូមិ​គីឡូ​២​ សង្កាត់​ស្ទឹង​ត្រែង បាន​គាំទ្រ​ចំពោះ​វិធានការ​នេះ ពីព្រោះ​ប្រជាពលរដ្ឋ​មួយចំនួន​តូច​តែប៉ុណ្ណោះ ដែល​នៅ​លួច​ចោល​សំរាម​ពាសវាល​ពាសកាល ហើយ​ទម្លាក់កំហុស​ទៅលើ​អាជ្ញា​ធរថា​មិនបាន​រៀបចំ​ផ្នែក​បរិស្ថាន​ឲ្យ​បាន​ស្អាត​ត្រឹមត្រូវ​។​

​អ្នកស្រី​ស្នើ​ឲ្យ​ការ​ក្រុមការងារ​ពិនិត្យ​លើ​បញ្ហា​សំរាម​នេះ ឲ្យ​បាន​តឹងរ៉ឹង​បើ​នៅមាន​អ្នក​រឹង​រូស មិន​ចូលរួម ​អាជ្ញាធរ​គួរ​ចាត់វិធានការ ឲ្យ​បាន​ទៅតាម​ការណែនាំ ទើប​មានការ​រាងចាល​ចង់​ថា បើ​មិន​ចូលរួម​សម្អាត​ទេ​ ដូច​ថា​ផ្ទះ​ណា​នៅ​រាត់រាយ​អញ្ចឹង​យើង​ពិន័យ​ជា​ទឹកប្រាក់​អី​អញ្ចឹង​ទៅ ដើម្បី​ឲ្យ​គាត់​រាង​កុំ​ឲ្យ​នៅ​អញ្ចឹង​ទៀត។​

លោក ប៊ុន​ ណា​រី​ អភិបាលក្រុង​ស្ទឹងត្រែង បាន​សាទរ​ជាមួយ​ស្មារតី​គាំទ្រ​នេះ ពីព្រោះ​កន្លងមក​អាជ្ញាធរ​ពាក់​ព័​ន្ធ​បាន​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ការសម្អាត​បរិស្ថាន​នេះ​ជារឿយៗ តែ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​មិនទាន់បាន​ភ្ញាក់រលឹក​ចូលរួម​នៅឡើយ​។​


លោក​អភិបាលក្រុង​បញ្ជាក់ថា​ ៖​ នៅតែ​១០​ថ្ងៃ​ទៀត​បុណ្យ​ទន្លេ​នឹង​ចាប់ផ្តើម​ ហើយ​បុណ្យ​​ប្រពៃណីជាតិ​ខ្មែរ​យើង​ នឹង​ចូលមក​បន្ត ដូចនេះ​អាជ្ញាធរ​ខំប្រឹងប្រែង​ដើម្បី​កិត្តិយស និង​មុខមាត់​ខេត្ត​ទាំងអស់គ្នា អញ្ចឹង​កន្លង​មក​រដ្ឋបាល​ក្រុង​សាលាក្រុង បានរៀបចំ​យន្តការ​ប្រមូល​សំរាម​ហ្នឹង គឺ​ល្អ​ណាស់​មាន​ផែនការ​ប្រមូល ផែនការ​ដឹកជញ្ជូន​ផ្នែក​ការសម្អាត ហើយ​ក្នុងនេះ​ទៀត​យើង​នឹង​មានការ​ដាក់ពិន័យ តាម​អនុ​ក្រឹត្យ ​លេខ​១១៣ ​របស់​រាជ​រដ្ឋា​ភិ​បាល​ បើ​យើង​មិន​ធ្វើ​ដូច្នេះ​ទេ​ គាត់​នៅតែ​មិន​យល់ ហើយ​នៅតែ​មិន​ចូលរួម​ជាមួយ​យើង​។​

លោក​ អ៊​ន ​ប៉ោ​សឿន​ ប្រធាន​មន្ទីរ​ទេសចរ​ណ៍ខេត្តស្ទឹងត្រែង​ បាន​ទទួលស្គាល់ថា​ ៖​ នៅក្នុង​ក្រុង​យើង​នេះ​ នៅមាន​ប្រជាពលរដ្ឋ​តិច​តូច​តែប៉ុណ្ណោះ​ ដែល​គាត់​មិនទាន់​អនុវត្ត​បានល្អ​ដូចជា​ការសម្អាត​បរិស្ថាន​នៅតាម​មុខផ្ទះ ​ការ​វេច​ខ្ចប់​សំរាម​យកទៅដាក់​ក្នុង​ធុង​ជាដើម​។​



លោក​ប្រធាន​មន្ទីរ​អះអាងថា​ ៖ ​បន្ទាប់ពី​ខេត្ត​ឲ្យ​ទទួលខុស​ត្រូវ​ទៅតាម​ផែន​នី​មួយៗ​លោក​នឹង​ព្យាយាម​ពន្យល់​បងប្អូន​យើង​ឲ្យ​បាន​ដិតដល់​ដើម្បី​ចូលរួម​ធ្វើ​ឲ្យ​ទីក្រុង​ស្អាត បរិស្ថាន​ល្អ​ភ្ញៀវទេសចរ​មកលេង​ច្រើន​នៅក្នុង​បុណ្យ​ទន្លេ​ថ្ងៃទី​២៤​ ខែមីនា​ខាងមុខនេះ​។​

សូមបញ្ជាក់ថា ​៖ ​យន្តការ​ទទួលខុសត្រូវ​ផ្នែក​បរិស្ថាន​នេះ​អាជ្ញាធរខេត្ត​ ចែកចេញជា​១៨​ផែន ​ឲ្យ​មន្ទីរ​ស្ថាប័ន​ក្នុង​ខេត្ត​ចាត់ចែង​បង្កើន​ការរៀបចំ​សម្អាត​បរិស្ថាន ហើយ​ចាប់ពីពេលនេះ​តទៅ​សមត្ថកិច្ច​មិន​យោគយល់​ចំពោះ​បុគ្គល​ខិលខូច​នោះដែរ ដើម្បី​ខេត្ត​មាន​សោ​ភណ​ភាព និង​សណ្តាប់ធ្នាប់​ល្អ និង​ឈានទៅ​ចូល​ប្រ​កួត​ប្រចែង​ទីក្រុង​ស្អាត​ផង​៕

 

 

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684