ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ចូលនិវត្តន៍​ដែល​ស្វែងរកភាព​កក់ក្តៅ​ បាន​សម្រុក​មកកាន់​ខេត្ត​ហៃ​ណាន ដែល​បានក្លាយ​ទៅជា​រដ្ឋ Florida របស់​ចិន

មាន​សំណាង​ដោយមាន​ឆ្នេរសមុទ្រ​ខ្សាច់ និង​លម្អ​ដោយ​ដើម​ត្នោត​ម៉្យាង និង​អាកាសធាតុ​ល្អ​នោះ ខេត្ត​ហៃ​ណាន​ជា​កោះ​នេះ​ ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ឆាប់រហ័ស​ថា ជា​រដ្ឋ Florida របស់​ចិន​ដោយបាន​ទាក់ទាញ​អ្នក​ចូលនិវត្តន៍​ជាច្រើន​ឲ្យ​ចាក​ចេញពី​ស្រុកកំណើត​របស់ខ្លួន​ដែល​ត្រជាក់​ខ្លាំង​មក​សម្រុក​លំហែកាយ​នៅទីនេះ។

អ្នក​ចូលនិវត្តន៍​ម្នាក់​វ័យ​៧១​ឆ្នាំ ដែល​ប្រាប់​ឈ្មោះ​ត្រកូល​ថា Wang បាន​និយាយ​ថា នៅផ្ទះ​នៅ Harbin សីតុណ្ហភាព​អាច​មាន​កម្រិត​ដក​៣២​អង្សា​សេ គឺ​មិន​អាច​ទ្រាំ​បាន​នោះ​ទេ ប៉ុន្តែ​នៅទីនេះ​សីតុណ្ហភាព​គឺ​ល្អឥតខ្ចោះ​។ ដោយ​ទទួលរង​ពី​ការធ្លាក់​ព្រិល​នៅក្នុង​ទីក្រុង​ដែល​មាន​ការបំពុល និង​មាន​ភាព​ត្រជាក់​ខ្លាំង​របស់​ខេត្ត Heilongji ដែល​មាន​ការថយចុះ​ទាំង​ឧស្សាហកម្ម និង​ប្រជាជន​និង​ស្ថិត​នៅជាប់​ព្រំដែន​នៃ​ទឹកដី​ស៊ី​បេ​រី​របស់​ប្រទេស​រុ​ស្ស៊ី​នោះ អ្នកស្រី Wang និង​ស្វាមី​របស់​អ្នកស្រី​បាន​ចំណាកស្រុក​នៅ​រៀងរាល់​រដូវ​ត្រជាក់​មកកាន់​ទីក្រុង​ក​ម្សា​ន្ត Sanya របស់​ខេត្ត​ហៃ​ណាន​នៅក្នុង​រយៈពេល​៨​ឆ្នាំ​កន្លងមកនេះ។

អ្នកស្រី Ningxia អ្នក​កើត​ជំងឺហឺត​វ័យ​៦០​ឆ្នាំ​មកពី​ខេត្ត Heilongjiang ដែរ ដែល​បាន​ចូលរួម​ជាមួយ​អ្នកស្រី Wang នៅក្នុង​ការហាត់​ប្រាណ​ជាមួយ​ក្រុម​រាំ​បក់ផ្លិត​ដែល​មាន​ពណ៌​ភ្លឺ​ចិញ្ចាច​នៅ​ជិត​មាត់សមុទ្រ​ចិន​ខាងត្បូង​នោះបាន​និយាយថា នៅទីនេះ​យើង​អាច​ដកដង្ហើម​បាន ហើយ​អាកាសធាតុ​ដ៏​កក់ក្តៅ​នេះ គឺ​ល្អ​ខ្លាំង​សម្រាប់​សុខភាព​របស់​យើង​។ យើង​បានឃើញ​មនុស្ស​ជាច្រើន​នៅទីនេះ​មកពី​ខេត្ត​របស់​យើង​។ ដូច្នេះ​យើង​ប្រាកដ​ក្នុង​ចិត្ត​ថា យើង​នឹងមិន​អផ្សុក​នោះទេ​។ អ្នកស្រី Qi បាន​បាន​និយាយ​ដូច្នេះ​។

លោក Huang Cheng ជា​សង្គម​វិទូ​ម្នាក់​នៅ​សកល​វិទ្យាល័យ Sauya បាន​និយាយ​ថា មនុស្ស​ចាស់​នៅ​ចន្លោះ​៦០០០០០ និង​៧០០០០០​នាក់ បាន​មក​ដល់ទី​ក្រុងក​ម្សា​ន្ត Sanya នេះ​នៅ​រាល់​រដូវ​ត្រជាក់ គឺ​ជិត​ពីរដង​នៃ​ប្រជាជន​របស់ខ្លួន​។ ជិត​ពាក់កណ្តាល​នៃ “​បក្សី​បម្លាស់​ទី​” ទាំងនេះ​ដូចដែល​គេ​និយម​ហៅ​នោះ គឺ​មកពី​បណ្តា​ខេត្ត​នា​ទិសឦសាន​ប្រទេស​មាន​ខេត្ត Heilongjiang, Jilin និង Liaoning ជាដើម។

និន្នាការ​នេះ​បានចាប់ផ្តើម​នៅក្នុង​ឆ្នាំ​២០០០​នៅ ពេលដែល​អ្នកស្រុក​រប​ស់​ខេត្ត​ទាំងនោះ​បានចាប់ផ្តើម​ទិញ​ផ្ទះ​នៅ Sanya បើក​ធ្វើ​អាជីវកម្ម និង​ទាក់ទាញ​មិត្តភក្តិ និង​គ្រួសារ​ឲ្យ​ចូលរួម​ជាមួយ​ពួកគេ​បង្កើតបាន​នូវ​ការវិវត្ត​បន្តិច​ម្តងៗ​ប្រកបដោយ​ប្រសិទ្ធភាព​។ លោក Huang បាន​និយាយ​ដូច្នេះ​។ មជ្ឈមណ្ឌល​កម្សាន្ត​ដែលមាន​លក្ខណៈ​សម្រាប់​ម​នុស្ស​ចាស់​ដូចជា​តុ​ល្បែង​របស់​ចិន​បាន​រីកចម្រើន​ដូច​ផ្សិត​។ តុ​វាយ​ពីង​ប៉ុង តុ​បុក​ប៊ី​យ៉ា តុ​លេង​ចក្រ​ង្គ តុ​សរសេរ​អក្សរ​ដោយ​ប្រើ​ជក់​ការ​គូររូប ឬក៏​វិទ្យាសាស្ត្រ​កុំព្យូទ័រ គឺ​ស្ថិតនៅ​ក្នុងចំណោម​ការផ្តល់​សម្រាប់​ការកម្សាន្ត​។ នាយក​របស់​មជ្ឈមណ្ឌល​មួយបែប​នេះ ដេ​ល​គ្រាន់តែ​ប្រាប់​ឈ្មោះ​ត្រកូល Zhang បាន​និយាយ​ឲ្យ​ដឹង​ដូច្នេះ៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114