ព័ត៍មានទាន់​ហេតុការណ៏
Search

ឥណ្ឌូនេស៊ី​បញ្ជូន​អ្នកទោស​អាមេរិក​ទៅ “​កោះ​ប្រហារជីវិត​”

ប្រទេស​ឥណ្ឌូនេស៊ី​បាន​បញ្ជូន​អ្នកទោស​អាមេរិក​ម្នាក់​ទៅកាន់​កោះ​មួយ​ដែល​គេ​ហៅថា កោះ​ប្រហារជីវិត​ដោយ​ជំរុញ​ឲ្យ​មាន​ភាព​ភ័យខ្លាច​ក្នុងចំណោម​អង្គការសិទ្ធិមនុស្ស​ដែលថា រដ្ឋាភិបាល​អាច​នឹង​កំពុង​ត្រៀម​សម្រាប់​ការប្រហារជីវិត​ដោយ​បាញ់សម្លាប់​ថ្មី​ទៀត។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា លោក Frank Amado ដែល​ប្រឈម​នឹង​ទោស​ប្រហារជីវិត​សម្រាប់​ការ​ជួញដូរ​គ្រឿងញៀន​គឺ​ត្រូវបាន​បញ្ជូន​ទៅកាន់​មណ្ឌល​នៅលើ​កោះ Nusa Kambangan ដែលជា​ទីតាំង​សម្រាប់​ការប្រហារជីវិត​នាពេល​ថ្មីៗ​នេះ។

កាសែត​ឥណ្ឌូនេស៊ី​បាន​រាយការណ៍​ថា ជនជាតិ​បរទេស​ចំនួន​ប្រាំមួយ​នាក់​ផ្សេងទៀត​ដែល​ជាប់ទោស​ប្រហារជីវិត​គឺអាច​ត្រូវបាន​បញ្ជូនទៅ​រួមជាមួយ​គាត់​ដោយ​ក្នុងនោះ​រួមមាន Chen Weibiao, Xiao Jin Zeng និង Lo Tin Yau មកពី​ប្រទេស​ចិន​, ជនជាតិ​ឥណ្ឌូនេស៊ី E Wee Hock, Frank Nwaomeka មកពី​ប្រទេស​នី​ហ្សេ​រី​យ៉ា​និង Lai Siu Cheung Anika មកពី​ទីក្រុង​ហុងកុង​។

គ្មាន​ពលរដ្ឋ​អាមេរិក​ណា​ម្នាក់​ដែល​ធ្លាប់​ត្រូវបាន​ប្រហារជីវិត​ដោយ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ទេ​។​
​លោក Ricky Gunawan នាយក​វិទ្យាស្ថាន Community Legal Aid ដែលជា​អង្គការ​មួយ​ក្នុង​ទីក្រុង​ហ្សា​ការ​តា​ដែល​ធ្វើការ​ជាមួយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ដើម្បី​តាមដាន​អំពី​ករណី​របស់ Amado បាន​និយាយថា “​នេះ​គឺជា​ការវិវត្តន៍​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​។ យើង​មិនអាច​ប្រាកដ​ទាំងស្រុង​ទេ​ថា​តើ​ការបញ្ជូន​ទាំងនេះ​គឺជា​ផ្នែក​នៃ​ការត្រៀម​លក្ខណៈ​សម្រាប់​ការប្រហារជីវិត​ថ្មី​ដែរ​ឬក៏​អត់​ដោយសារតែ​កង្វះ​តម្លាភាព​”​។

“​ការប្រហារជីវិត​នាពេល​ថ្មី​បំផុត​គឺធ្វើឡើង​ដោយ​ការបញ្ជូន​អ្នកទោស​ទៅកាន់​កោះ Nusa Kambangan ដែល​ត្រូវបាន​គេ​ហៅ​ជា​ញឹកញាប់​ថា កោះ​ប្រហារជីវិត​ប៉ុន្តែ​មានពេលខ្លះ​រដ្ឋាភិបាល​ក៏​បញ្ជូន​អ្នកទោស​នៅ​ទីនោះ​សម្រាប់​ហេតុផល​ផ្សេងទៀត​ផងដែរ​”​។

បន្ទាប់ពី​បញ្ឈប់​ការប្រហារជីវិត​នៅ​ចន្លោះ​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១២ ប្រទេស​ឥណ្ឌូនេស៊ី​បាន​អនុវត្ត​ការប្រហារជីវិត​ចំនួន​បី​លើក​ដែល​ចុងក្រោយ​បំផុត​គឺ​បាន​ធ្វើឡើង​នៅក្នុង​ខែកក្កដា​ឆ្នាំ​២០១៦៕ The Guardian



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114