ព័ត៍មានទាន់​ហេតុការណ៏
Search

បុគ្គលិក​សុខាភិបាល​ជាង​៨០០​នាក់​ ត្រូវ​សម្លាប់​ក្នុង “​ឧក្រិដ្ឋកម្ម​សង្គ្រាម​” នៅ​ស៊ី​រី​

ក្រុម​អ្នកស្រាវជ្រាវ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ថា បុគ្គលិក​សុខាភិបាល​ជាង​៨០០​នាក់​បាន​ស្លាប់​ដោយសារ “​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​” ក្នុងប្រទេស​ស៊ី​រី​ចាប់តាំងពី​ឆ្នាំ​២០១១​មក​។ ពួកគេ​បាន​ស្លាប់​នៅក្នុង​ការទម្លាក់​គ្រាប់បែក​លើ​មន្ទីរពេទ្យ ការបាញ់ប្រហារ ការធ្វើ​ទារុណកម្ម​និង​ការប្រហារជីវិត​ដែល​ភាគច្រើន​អនុវត្ត​ដោយ​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​។​

បើ​យោងតាម​ការវិភាគ​មួយ​ដែល​ចេញផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ Lancet បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ស៊ី​រី​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ប្រទេស​រុស្ស៊ី​បានប្រែក្លាយ​អ្នក​ថែទាំ​សុខភាព​ទៅជា​អាវុធ​នៃ​សង្គ្រាម​។​

វា​បាន​និយាយថា “​អាវុធ​នៃ​ការថែទាំ​សុខភាព​នេះ​បាន​បណ្តាល​ឲ្យ​កម្មករ​សុខាភិបាល​រាប់រយ​នាក់​ត្រូវ​សម្លាប់ រាប់រយ​នាក់​ទៀត​ត្រូវ​ជាប់គុក​ឬ​ធ្វើ​ទារុណកម្ម​ហើយ​ទីតាំង​សុខាភិបាល​រាប់រយ​កន្លែង​ត្រូវបាន​វាយប្រហារ​ដោយ​ចេតនា​និង​ជា​ប្រព័ន្ធ​”​។​

ម្យ៉ាងវិញទៀត គ្រូពេទ្យ​ប្រមាណ​១៥,០០០​នាក់​បាន​រត់​ចេញពី​ប្រទេស​នេះ​ដោយ​បន្សល់ទុក​ជន​ស៊ីវិល​រាប់សែន​នាក់​មិនអាច​ទទួលបាន​ការថែទាំ​សុខ​ភាពជា​មូលដ្ឋាន​។​

អ្នកនិពន្ធ​នៃ​របាយការណ៍​នេះ​បាន​និយាយថា “​សហគមន៍​អន្តរជាតិ​បាន​បន្សល់ទុក​ការរំលោភច្បាប់​មនុស្សធម៌​អន្តរជាតិ​និង​សិទ្ធិមនុស្ស​ដោយ​គ្មាន​ចម្លើយ​អ្វី​ទាល់តែសោះ​”​។​

របាយការណ៍​នេះ​ត្រូវបាន​ចងក្រង​ដោយ​ក្រុម​អ្នកជំនាញ​មកពី​សាកលវិទ្យាល័យ​នានា​ក្នុង​ទីក្រុង Beirut ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាមេរិក​ព្រមទាំង​អង្គការក្រៅរដ្ឋាភិបាល Syrian American Medical Society (SAMS) និង Multi-Aid Programs ។​

ទិន្នន័យ​ដែល​ពួកគេ​បាន​ប្រមូលផ្តុំ​បានបង្ហាញ​ថា បុគ្គលិក​សុខាភិបាល​ចំនួន​៧៨២​នាក់​ត្រូវបាន​សម្លាប់​ចាប់ពី​ខែមីនា​ឆ្នាំ​២០១១​ដល់​ខែកញ្ញា​ឆ្នាំមុន​។​

បើ​យោងតាម​ក្រុម​មិន​យកប្រាក់​កម្រៃ Physicians for Human Rights បាន​អះអាងថា ជា​សរុប ២៤៧​នាក់ (៣២​ភាគរយ​) គឺជា​វេជ្ជបណ្ឌិត​, ១៧៦​នាក់ (២៣​ភាគរយ​) គឺជា​គិលានុបដ្ឋាយិកា​និង​១៤៦​នាក់ (១៩​ភាគរយ​) គឺជា​គ្រូពេទ្យ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684