ព័ត៍មានទាន់​ហេតុការណ៏
Search

អង្គការក្រៅរដ្ឋាភិបាល​ព្រមាន​ថា “​ជីវិត​ច្រើន​រាប់មិនអស់​កំពុងស្ថិត​ក្នុង​គ្រោះថ្នាក់​” ស្របពេល​ភាពអត់ឃ្លាន​នៅ​អាហ្វ្រិក​ខាងកើត​ជំរុញ​ឲ្យ​មានការ​អំពាវនាវ​ដ៏​ធំ​

នៅ​ថ្ងៃ​ពុធ ការអំពាវនាវ​ដ៏​ធំ​មួយ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយ​ដល់​មនុស្ស​ជាង​១៦​លាន​នាក់​ដែល​កំពុង​ប្រឈមមុខ​នឹង​ភាពអត់ឃ្លាន​នៅ​អាហ្វ្រិក​ខាងកើត​។​

គណៈកម្មការ​សង្គ្រោះបន្ទាន់​គ្រោះមហន្តរាយ​កំពុង​អំពាវនាវ​សុំ​មូលនិធិ​ដើម្បី​បង្កើន​ការឆ្លើយតប​ទៅនឹង​គ្រោះរាំងស្ងួត​នៅក្នុង​តំបន់​នេះ​និង​ទប់ស្កាត់​ភាពអត់ឃ្លាន​ក្នុង​ទំហំ​ដ៏​ធំ​មួយ​ខណៈពេលដែល​ទីភ្នាក់ងារ​ផ្តល់ជំនួយ​បាន​ព្រមាន​ថា​“​ជីវិត​ច្រើន​រាប់មិនអស់​កំពុងស្ថិត​ក្នុង​គ្រោះថ្នាក់​”​។​

គ្រោះរាំងស្ងួត​គឺមាន​ភាព​ធ្ងន់ធ្ងរ​នៅ​ទូទាំងប្រទេស​សូ​ម៉ាលី ភាគខាងត្បូង​និង​ភាគ​អាគ្នេយ៍​ប្រទេស​អេ​ត្យូ​ពី​និង​នៅ​ភាគ​ខាងជើង​និង​ឆ្នេរសមុទ្រ​ប្រទេស​កេ​ន​យ៉ា​។ នៅ​កណ្ដាល​និង​ភាគខាងត្បូង​ប្រទេស​សូ​ម៉ាលី​ត្រូវបាន​គេ​កត់ត្រា​ថា​មាន​តែមួយ​ភាគបី​ប៉ុណ្ណោះ​នៃ​ការ​ធ្លាក់ភ្លៀង​ដែល​គេ​រំពឹងទុក​។​

គ្រោះ​ទុរ្ភិក្ស​ត្រូវបាន​គេ​ប្រកាស​រួចទៅហើយ​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ស៊ូដង់​ខាងត្បូង​។ សង្គ្រាម​និង​ការដួលរលំ​នៃ​សេដ្ឋកិច្ច​បាន​បណ្តាល​ឲ្យ​មនុស្ស​១០០,០០០​នាក់​ប្រឈមមុខ​នឹង​ការអត់ឃ្លាន​ខណៈ​មនុស្ស​៤.៩​លាន​នាក់​ស្មើនឹង​ជាង​៤០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​គឺ​ត្រូវបាន​ចាត់ទុកថា​ជួបប្រទះ​អសន្ដិសុខ​ស្បៀងអាហារ​យ៉ាងខ្លាំង​ដោយ​អង្គការសហប្រជាជាតិ​។​

ស្របពេល​ជាមួយគ្នា​នោះ អង្គការសហប្រជាជាតិ​ក៏បាន​ព្រមាន​ផងដែរ​ថា ប្រទេស​សូ​ម៉ាលី​ក៏​ស្ថិតនៅលើ​គែម​នៃ​គ្រោះ​ទុរ្ភិក្ស​ផងដែរ​ខណៈ​មនុស្ស​៦.២​លាន​នាក់​ស្មើនឹង​ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​របស់​ប្រទេស​នេះ​គឺ​កំពុង​ត្រូវការ​ជំនួយ​ជាបន្ទាន់​។​

ប្រធានាធិបតី​សូ​ម៉ាលី​លោក Mohamed Abdullahi “Farmajo” Mohamed បានប្រកាសថា​គ្រោះរាំងស្ងួត​គឺជា​គ្រោះមហន្តរាយ​ជាតិ​និង​បាន​អំពាវនាវ​សុំ​ជំនួយ​ជាបន្ទាន់​។ នៅក្នុង​ប្រទេស​អេ​ត្យូ​ពី គ្រោះរាំងស្ងួត​នាពេល​បច្ចុប្បន្ននេះ​បាន​វាយប្រហារ​ប្រទេស​នេះ​មុនពេល​ដែល​វា​អាច​ងើបឡើង​វិញ​ពី​ផលប៉ះពាល់​នៃ​បាតុភូត El Nino នៅ​ឆ្នាំ​២០១៥​និង​ឆ្នាំ​២០១៦​ហើយ​មនុស្ស​ជាង​៥.៦​លាន​នាក់​កំពុងស្ថិត​នៅក្នុង​តម្រូវការ​ជាបន្ទាន់​។​

លោក Stephen O’Brien អ្នកសម្របសម្រួល​ផ្នែក​ជំនួយ​សង្គ្រោះបន្ទាន់​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា “​ខ្ញុំ​ទើបតែ​ទៅ​តំបន់​សូ​ម៉ាលី​នៃ​ប្រទេស​អេ​ត្យូ​ពី​ដែលជា​កន្លែង​ខ្ញុំ​បានឃើញ​ផលប៉ះពាល់​បំផ្លិចបំផ្លាញ​នៃ​គ្រោះរាំងស្ងួត​។ យើង​ត្រូវតែ​ធ្វើ​សកម្មភាព​។ ការបាត់បង់​ពេលវេលា​បានន័យថា​ជីវិត​ក៏ត្រូវ​បាត់បង់​តាម​នោះដែរ​”៕ The Guardian



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684