ព័ត៍មានទាន់​ហេតុការណ៏
Search

មេបញ្ជាការ​ក្រុម IS នៅ​ក្រុង Mosul ត្រូវ​សម្លាប់​ ខណៈ​កងកម្លាំង​រដ្ឋាភិបាល​ប្រយុទ្ធ​ដណ្តើម​ស្ពាន​

កាលពី​ថ្ងៃ​អង្គារ កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បានសម្លាប់​មេបញ្ជាការ​ក្រុម​រដ្ឋ​ឥស្លាម​នៃ​ទីក្រុង​ចាស់​របស់​ក្រុង Mosul ខណៈ​ការប្រយុទ្ធ​សម្រាប់​បន្ទាយ​ចុងក្រោយ​របស់​ពួក​សកម្មប្រយុទ្ធ​នេះ​ក្នុងប្រទេស​អ៊ីរ៉ាក់​បាន​ផ្តោតលើ​ស្ពាន​មួយ​ដែល​ឆ្លងកាត់​ទន្លេ Tigris ។​

ខណៈ​ការ​វាយ​ប្រយុទ្ធ​គ្នា​កាន់តែខ្លាំង​ឡើង​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​នៅ​ថ្ងៃមុនៗ​នោះ ជន​ស៊ីវិល​បាន​ដើរ​ទាំង​ហ្វូង​ចេញពី​សង្កាត់​ភាគ​ខាងលិច​ដែល​ដណ្តើមបាន​មកវិញ​ដោយ​រដ្ឋាភិបាល​។​

មន្ត្រី​និយាយថា អ្នក​លប​បាញ់​ស៊ី​បរ​បស់​ក្រុម IS បង្អាក់​ការវាយលុក​របស់​អង្គភាព​ឆ្លើយតប​រហ័ស​នៃ​ក្រ​សូង​មហាផ្ទៃ​នៅលើ​ស្ពានដែក​ដែល​ត​ភ្ជាប់​ភាគ​ខាងលិច​និង​ខាងកើត​ទីក្រុង Mosul ។​
​កងកម្លាំង​រដ្ឋាភិបាល​ក៏បាន​សម្រុក​ចូលទៅក្នុង​តំបន់​ភាគ​ខាងលិច​ទីក្រុង Mosul ផងដែរ​ដែលជា​បន្ទាយ​ចុងក្រោយ​បំផុត​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ទីក្រុង​នេះ​។​

មន្ត្រីប៉ូលិស​សហព័ន្ធ​ម្នាក់​បាន​និយាយថា ប៉ូលិស​សហព័ន្ធ​បានសម្លាប់​មេបញ្ជាការ​ពួក​សកម្មប្រយុទ្ធ​នៃ​ទីក្រុង​ចាស់​គឺ​លោក Abu Abdul Rahman al-Ansary ក្នុងអំឡុងពេល​ប្រតិ​ប​ត្ដិ​ការ​បោសសម្អាត​សង្កាត់ Bab al-Tob ។ ខណៈដែល​មេដឹកនាំ​ក្រុម IS មួយចំនួន​បាន​ដកថយ​ចេញពី​ទីក្រុង Mosul រួចទៅហើយ​នោះ ការស្លាប់​របស់ Ansary នឹង​ក្លាយទៅជា​បញ្ហា​ប្រឈម​មួយទៀត​ចំពោះ​ពួក​សកម្មប្រយុទ្ធ​នៅពេល​ពួកគេ​បានគេច​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​និង​ផ្ទះមួយ​ទៅផ្ទះ​មួយ​។​

ការដណ្តើម​បាន​ស្ពានដែក​នេះ​នឹង​មានន័យថា​កងកម្លាំង​អ៊ីរ៉ាក់​បាន​កាន់កាប់​ស្ពាន​បី​ក្នុងចំណោម​ស្ពាន​ចំនួន​ប្រាំ​នៅក្នុង​ទីក្រុង Mosul ដែល​ឆ្លងកាត់​ទន្លេ Tigris ដែល​ស្ពាន​ទាំងអស់នេះ​ត្រូវ​ខូចខាត​ដោយ​ពួក​សកម្មប្រយុទ្ធ​និង​ការវាយប្រហារ​តាម​អាកាស​ដែល​ដឹកនាំ​ដោយ​អាមេរិក​។​

នៅក្បែរ​សារមន្ទីរ​ក្រុង Mosul កងកម្លាំង​អ៊ីរ៉ាក់​បាន​ប្រើ​រថពាសដែក​និង​រថក្រោះ​ដើម្បី​វាយប្រហារ​អ្នក​លប​បាញ់​ដែល​បាញ់ប្រហារ​លើ​កងទ័ព​ដែល​កំពុង​សម្អាត​តំបន់​នានា​នៅ​ជុំវិញ​ស្ពាន​។​

គួរ​បញ្ជាក់ថា ចាប់តាំងពី​ការចាប់ផ្តើម​ការវាយលុក​នៅក្នុង​ខែតុលា​មក កងកម្លាំង​អ៊ីរ៉ាក់​ដែលមាន​ការគាំទ្រ​ពី​ក្រុមចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បាន​ដណ្តើម​មកវិញ​នៃ​ភាគ​ខាងកើត​ទីក្រុង Mosul និង​ប្រហែល​៣០​ភាគរយ​នៃ​ភាគ​ខាងលិច​ទីក្រុង​នេះ​ពី​ពួក​សកម្មប្រយុទ្ធ​៕ Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684