ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Donald Trump បង់ពន្ធ​៣៨​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០០៥

លោក​ប្រធានាធិបតី Donald Trump បាន​រកប្រាក់​ចំណូល​ជាង​១៥២.៧​លាន​ដុល្លារ​អាមេរិក​ហើយ​បាន​បង់ពន្ធ​សហព័ន្ធ​ចំនួន​៣៨.៤​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០០៥​។ នេះ​បើ​យោងតាម​របាយការណ៍​ព​ន្ធ​ប្រាក់ចំណូល​សហព័ន្ធ​រប​ស់​គាត់​ដែលមាន​ពីរ​ទំព័រ​សម្រាប់​ឆ្នាំ​នោះ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍ MSNBC និង​បង្ហោះ​តាម​អ៊ី​ន​ធើ​ណិ​ត​។​

សេត​វិមាន​បានបញ្ជាក់​អំពី​ចំនួន​ទឹកប្រាក់​នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ីមែល​មួយ​បន្ទាប់ពី​បណ្តាញ​បាន​និយាយថា ខ្លួន​មាន​គម្រោង​បញ្ចេញ​របាយការណ៍​។ ចំនួន​ដែល​រាយការណ៍ នៅលើ​ទូរទស្សន៍ MSNBC បាន​បង្ហាញថា លោក Trump បាន​បង់​អត្រាពន្ធ​ដែលមាន​ប្រសិទ្ធិភាព​ប្រហែល​២៤​ភាគរយ​ទៅ​២៥​ភាគរយ​នៅក្នុង​ឆ្នាំ​២០០៥​។ ជាមួយគ្នា​នោះ លោក Trump បាន​បដិសេធ​ធ្វើលិខិត​ប្រកាស​ពន្ធ​របស់ខ្លួន​ជា​សាធារណៈ​។​

អំឡុងពេល​បង្ហាញខ្លួន​ក្នុង​កម្មវិធី “The Rachel Maddow Show” អ្នកកាសែត​ជើងចាស់​លោក David Cay Johnston បាន​និយាយថា គាត់​បានទទួល​របាយ​ការណ៍​ក្នុង​អ៊ី​ម៉ែ​ល​ប៉ុន្តែ​មិនដឹងថា តើ​អ្នកណា​ផ្ញើមក​ឲ្យ​គាត់​ទេ​។ របាយការណ៍​ពន្ធ​ដែល​កម្មវិធី Maddow បង្ហាញ​គឺមាន​តែម​មួយ​ដែល​សរសេរថា “​ច្បាប់​ចម្លង​អតិថិជន​” ។​

ឯកសារ​នេះ​បាន​បង្ហាញថា លោក Trump និង​ភរិយា​របស់គាត់​គឺ​លោកស្រី Melania បាន​បង់ប្រាក់​ប្រហែល​៥.៣​លាន​ដុល្លារ​អាមេរិក​ក្នុង​ពន្ធ​លើ​ប្រាក់ចំណូល​សហព័ន្ធ​រួម​ជាមួយនឹង​ទឹកប្រាក់​ជាង​៣១​លាន​ដុល្លារ​ក្នុង​ពន្ធ​អប្បបរមា​ជំនួស​។​

លោក Johnston បាន​ឲ្យ​ដឹងថា លោក Trump ក៏បាន​រាយការណ៍​ផងដែរ​អំពី “​ប្រាក់ចំណូល​អវិជ្ជមាន​” ប្រហែល​១០៣​លាន​ដុល្លារ​នៅ​ឆ្នាំ​នោះ​បើទោះបីជា​ចំនួន​ទឹកប្រាក់​នេះ​មិន​ត្រូវបាន​ពន្យល់​ក្នុង​សំណុំបែបបទ​១០៤០​ដែល MSNBC បាន​បង្ហោះ​តាម​អ៊ី​ន​ធើ​ណិ​ត​ក៏ដោយ​។ លោក Johnston បន្តថា វា​បាន​ពាក់ព័ន្ធ​ទៅនឹង​ការខាតបង់​ពន្ធ​ចំនួន​៩១៦​លាន​ដុល្លារ​ចាប់ពី​ឆ្នាំ​១៩៩៥ មក​ដែល​កាសែត New York Times បាន​រាយការណ៍​ជា​លើកដំបូង​កាលពី​ឆ្នាំមុន​។​

ទោះបីជា​យ៉ាងណាក៏ដោយ របាយការណ៍​ពីរ​ទំព័រ​ដែល​ទូរទស្សន៍ MSNBC បាន​បង្ហោះ​តាម​អ៊ី​ន​ធើ​ណិ​ត​គឺ​មិន​បង្ហាញ​អ្វី​នោះទេ​អំពី​ប្រភព​ពិតប្រាកដ​នៃ​ប្រាក់ចំណូល​របស់ Trump ៕ Bloomberg



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684