ព័ត៍មានទាន់​ហេតុការណ៏
Search

កសិករ​ចិញ្ចឹម​មាន់​តាម​បច្ចេកទេស​កសិកម្ម ទទួលផល​ល្អ​ជាងចិញ្ចឹម​មាន់​តាម​ទម្លាប់​

​ត្បូងឃ្មុំ ​៖ កសិករ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ស្រឡប់ ស្រុក​/​ខេត្ត​ត្បូងឃ្មុំ ជ្រើស​រើសយក​របរ​ចិញ្ចឹម​មាន់​ស្រែ មាន់​ខ្មែរ​សុទ្ធ តាម​លក្ខណៈ​បច្ចេកទេស​កសិកម្ម ទទួលបាន​ផល​ល្អ​គួរ​ជាទី​មោទនៈ អាចជួយ​ផ្គត់ផ្គង់​សេដ្ឋកិច្ច​គ្រួសារ ​រហូតដល់​រកប្រាក់​ចំណូល​បាន​មិន​ក្រោម ៦០០០​ដុល្លារក្នុង​១​ឆ្នាំ ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​គាត់​បាន​ប្រសើរ​ជាង​មុន បើ​ធៀប​ទៅនឹង​ការចិញ្ចឹម​មាន់​តាមបែប​ទម្លាប់​នោះ ។ 
​លោកស្រី ពុធ សុជា រស់នៅ​ភូមិ​ត្រពាំង​សង្កែ បាន​ឲ្យ​ដឹងថា គ្រួសារ​គាត់​បាន​ចិញ្ចឹម​មាន់​តាំងពី​ឆ្នាំ​២០០៤​មក​ម៉្លេះ តែ​រយៈពេល​៦​ឆ្នាំ​ដំបូង គាត់​ចិញ្ចឹម​តាមបែប​ទម្លាប់ ចំណេញ​ដែរ តែ​ចំណេញ​តិច​បំផុត លុះដល់​ឆ្នាំ២០០៩ ការចិញ្ចឹម​របស់គាត់​ទទួលបាន​ការណែនាំ ​ផ្តល់​បច្ចេកទេស​ពី​មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម និង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​មក​នោះ គ្រួសារ​គាត់​ទទួលបាន​ផល​ល្អប្រសើរ​ឡើងជា​លំដាប់។

បងស្រី​បានបញ្ជាក់​ទៀតថា គាត់​ចិញ្ចឹមមិន​យក​ពង​លក់​ទេ គាត់​ភ្ញាស់​យក​កូន​លក់ និង​លក់​មាន់​សាច់​តែម្តង។ គាត់​ចិញ្ចឹម​មាន់​មេចំនួន​១២០​ក្បាល និង​ឈ្មោល៣០​ក្បាល គាត់​អាច​រើស​ពង​បាន​ក្នុង​១​ថ្ងៃចំនួន​ពី​៣០ទៅ​៣៥​ពង ហើយ​យកទៅ​ភ្ញាស់ដើម្បី​យក​កូន​លក់ ក្នុង​១​ខែ​បាន​ជិត​៥០០​កូន ក្នុង​កូន​មាន់​១​ក្បាល​តម្លៃ៤៥០០​រៀល។​ ​ចំពោះ​មាន់​សាច់ អាច​លក់បាន​ក្នុង​១​ខែមិន​ក្រោម​១០០​នោះទេ ក្នុង​មាន់​១​ក្បាល់មាន​ទម្ងន់​ពី​១,២ ទៅ​១,៤​គីឡូក្រាម ក្នុង​១​គីឡូ​តម្លៃ​១៧០០ទៅ​១៨០០​រៀល ។

មាន់​ស្រែ មាន់​ខ្មែរ​យើង​នេះ ធានា​គ្មាន​ជាតិគីមី កសិករ​ចិញ្ចឹម​រយៈពេល​តែ​៤​ខែ​អាច​លក់បាន ហើយ​លក់​ក៏​ស្រួល​លក់​ដែរ មាន​ម៉ូ​យមក​ទិញ​ដល់​កន្លែង មាន​តាម​សហគមន៍ អ្នកស្រុក​ភូមិ អ្នកផ្សារ និង​ម៉ូយ​ចុងភៅ​ការ។ គិត​ទូទាត់​ចំណី អាច​រកប្រាក់​ចំណូល​បាន​មិន​ក្រោមចំនួន​៥០០​ដុល្លារ​នោះទេ​ក្នុង​១​ខែ។

​បងស្រី​ក៏បាន​បញ្ជាក់​ពី​របៀប​ចិញ្ចឹម​ផងដែរ កសិករ​ត្រូវ​ជ្រើសរើសទីកន្លែង​ឲ្យ​បាន​សមរម្យ​ ទីធ្លាធំ​ទូលាយ មាន​អនាម័យ​ល្អ ទាំង​ម្ចាស់​ចិញ្ចឹម ទាំង​អតិថិជន​ចូល​មើល ត្រូវ​ពាក់​ស្បែកជើង​ជាន់​កំបោរ​ស ​ដើម្បី​សម្លាប់​បាក់តេរី​ និង​សត្វល្អិត​ផ្សេងៗ ដើម្បី​ចូលក្នុង​បរិវេណ​ចិញ្ចឹម។ ត្រូវ​បោសសម្អាតលាម​កវា កន្លែង​វា​ដេក​១​សប្តាហ៍​ម្តង មាន​ដាក់​អង្កាម​ជាប្រចាំ ចំពោះ​ចំណី​មាន​ចំណី​ផ្សំ​ស្រេច​ពី​ផ្សារ តែ​វា​ថ្លៃ ដូច្នេះ​កសិករអាច​ផ្សំ​ដូចជា ស្រូវ កន្ទក់ ចុងអង្ករ ពោត សណ្តែក ដំឡូង​មី សំបកខ្យង យកមក​លាយ​ចូលគ្នា​ដាក់​ឲ្យ​វា​ស៊ី​បាន​ផងដែរ ។

​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា មន្ទីរ​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ណែនាំ​ផ្តល់​បច្ចេកទេស​ដល់​កសិក​រ ក្នុងការ​ចិញ្ចឹម​មាន់​ស្រែ មាន់​ខ្មែរ​យើង​នេះ​ឲ្យ​បាន​ប្រសើរឡើង ហើយ​លោក​ប្រធាន​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅ​ខេត្ត​ត្បូងឃ្មុំ​របស់​យើង កសិករ​ចិញ្ចឹម​មាន់​តាម​លក្ខណៈ​បច្ចេកទេស​កសិកម្ម​ មាន​រហូតដល់​ជិត​៤០​គ្រួសារ​ហើយ ហើយ​មន្ទីរ​នឹង​ពង្រីក ​ផ្សព្វផ្សាយ​ការចិញ្ចឹម​ដល់​កសិករ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀង​ផងដែរ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114