ព័ត៍មានទាន់​ហេតុការណ៏
Search

ការវាយប្រហារ​របស់​យោធា​ បានសម្លាប់​ជនភៀសខ្លួន​សូ​ម៉ាលី​៤២​នាក់​ នៅ​តំបន់ឆ្នេរ​យេ​មែន​

​ឆ្មាំ​សមុទ្រ​ម្នាក់​នៅ​តំបន់ Hodeidah ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា ជនភៀសខ្លួន​សូ​ម៉ាលី​៤២​នាក់ ត្រូវបាន​បាញ់សម្លាប់​នៅ​តំបន់​ឆ្នេរសមុទ្រ​យេ​មែន កាលពី​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ពេលដែល​ឧទ្ធម្ភាគចក្រ​យោធា​មួយគ្រឿង បាញ់រះ​មកលើ​ទូក​ដែល​ពួកគេ​កំពុងធ្វើដំណើរ​។​

ក្រុម​ឧទ្ទាម​ហ៊ូ​ធី​បាន​ថ្កោលទោស​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​អ្នកបើក​ការវាយប្រហារ​មួយ​នេះ​។​

លោក Mohamed al-Alay បាន​និយាយថា ជនភៀសខ្លួន​ដែលមាន​ឯកសារ​ផ្លូវការ​របស់​ទីភ្នាក់ងារ​ជនភៀសខ្លួន UNHCR បានធ្វើ​ដំណើរ​ចេញពី​ប្រទេស​យេ​មែន ឆ្ពោះទៅកាន់​ប្រទេស​ស៊ូដង់ ពេលដែល​ពួកគេ​រង​ការបាញ់ប្រហារ​ដោយ​ឧទ្ធម្ភាគចក្រ Apache នៅ​ជិត​តំបន់​ឆកសមុទ្រ Bab al-Mandeb ។​



លោក Ibrahim Ali Zeyad អ្នក​បើកទូក​រងគ្រោះ បាន​និយាយថា ជនភៀសខ្លួន​៨០​នាក់ ត្រូវបាន​ជួយសង្គ្រោះ​ក្រោយ​ឧប្បត្តិហេតុ​វាយប្រហារ​កើតឡើង​។​

វីដេអូ​ដែល​ទទួល​បានឃើញ​អន្តោប្រវេសន៍​រាប់សិប​នាក់​រងរបួស​ពេញ​ខ្លួន ខ្លះ​ត្រូវ​គ្រាប់កាំភ្លើង និង​បាក់ដៃ​បាក់ជើង​ជាដើម​។​

ដោយឡែក ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ បាន​និយាយ​តាម Twitter របស់ខ្លួន​ថា ពួកគេ​ពិតជា​មានការ​រន្ធត់​ខ្លាំងណាស់​ចំពោះ​សោកនាដកម្ម​ដែល​បានកើត​ឡើង​

តំបន់ Hodeidah ស្ថិតនៅ​ជាប់​នឹង​សមុទ្រ​ក្រហម គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ និង​ជា​ក្រុម​សកម្មប្រយុទ្ធ​មួយ​ដែល​បាន​ចូលរួម​ធ្វើសង្គ្រាម​ដណ្តើម​កាន់កាប់​ទីក្រុង​សា​ណា កាលពី​ឆ្នាំ​២០១៤ ក៏ដូចជា​បង្ខំ​ឲ្យ​រដ្ឋាភិបាល​គាំទ្រ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត របស់លោក​ប្រធានាធិបតី Abd-Rabbu Mansour Hadi និរទេស​ខ្លួន​។​

ថ្វីត្បិតតែ​មាន​សង្គ្រាម​យ៉ាង​ណា​ក្តី ជនអន្តោប្រវេសន៍​អាហ្វ្រិក​នៅតែ​បន្តធ្វើ​ដំណើរ​មកដល់​ប្រទេស​ដែល​ញាំញី​ដោយ​ភ្លើងសង្គ្រាម​មួយ​នេះ ជា​កន្លែង​ដែល​គ្មាន​អាជ្ញាកណ្តាល​មួយ​រារាំង​ពួកគេ​ពី​ការធ្វើដំណើរ​ទៅមុខ​នោះឡើយ​៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684