ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រាន់តែ​កុម្ម៉ង់​បទ​ចម្រៀង​រាំ​មិនទាន់​ចិត្ត​ ស្ដ្រី​ដៃដល់​ ទះកំផ្លៀង​ក្រុម​តន្ដ្រីករ​ផ្អើល​រោងការ​

​ភ្នំពេញ ៖ ពិធី​មង្គលការ​របស់​អ្នកភូមិ​ ដែល​កំពុងប្រព្រឹត្តិទៅក្នុង​បរិយាកាស​សប្បាយរីករាយ​ ដោយមាន​ការចូលរួម​រាំ​កម្សាន្ត​សប្បាយ​ ពី​សំណាក់​ភ្ញៀវកិត្តិយស​យ៉ាង​ច្រើន​កុះករនោះ​ ស្រាប់តែ​ផ្អើល​ឈុ​ល​ឡើង​ ដោយសា​ស្ដ្រី​ជា​សាច់ញាតិ​របស់​ម្ចាស់​កម្មវិធី​មង្គលការ​ម្នាក់​ បាន​វាយ​ទៅលើ​ក្រុម​តន្ដ្រីករ​ម្នាក់​ពីរ​បី​ដៃ ​បណ្ដាល​ឲ្យមនុស្ស​ពីរ​នាក់​រងរបួស​តិច​តួច ​តែ​អ្វីដែល​សំខាន់​នោះ​ គឺ​បានធ្វើ​ឲ្យ​ពិធី​ដ៏​អធិកអធម​នេះ ​ក្លាយជា​រឿង​អពមង្គល​ទៅវិញ​ ដោយសា​តែ​មានរឿង​រហូតដល់​ប្ដឹងផ្ដល់​គ្នា​ដល់​​ប៉ុស្ដិ៍នគរបាល​ថែមទៀត។

​ហេតុ​ការ​ណ៍នេះ​ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃទី​១៩​ ខែមីនា​ ឆ្នាំ​២០១៧​ នៅ​ចំណុច​ក្នុង​រោងការ​ ភូមិ​រំដួល ​សង្កាត់​ស្នោរ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
ជនរងគ្រោះ​ ដែល​ត្រូវ​ស្ដ្រី​ដៃដល់​វាយ​ឲ្យ​ខ្មាស​គេ​នោះ​ ទី​១.​មានឈ្មោះ​ នៅ វី ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ​មុខរបរ​រៀប​ឆាក​អក​កា​ដង់ស្នាក់ នៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័​យ, ទី​២.​ឈ្មោះ​ គឹម សី ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​មេការ​អក​កា​ដង់​ ស្នាក់នៅ​ភូ​មិ​អង្គ​ សង្កាត់​ចោមចៅ​ ខណ្ឌពោ​ធ៍សែន​ជ័យ​ ​មាន​ស្រុកកំណើត​នៅ​ភូមិ​ជ្រោយ​ស្វាយ​ ឃុំ​ជ្រោយ​ស្វាយ ​ស្រុកស្រែ​អំបិល​ ខេត្តកោះកុង ​របួសស្រាល​២​នាក់​។

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ ​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ ​ខណៈ​ក្រុម​តន្ដ្រីករ​កំពុង​ប្រគំបទ​ចម្រៀង​ ដើម្បី​បម្រើការ​រាំលេង​សប្បាយ​ក្នុង​ង​ពិធីមង្គលការ​ ដោយ​ចាំ​លេង​តាំងពី​ម៉ោង​៦​ល្ងាច ​រហូតដល់​ម៉ោង​កើតហេតុ​ ស្រាប់តែ​មុនដំបូង​មាន​បុរស​ម្នាក់​មក​កុម៉្មង់​បទ​ចម្រៀង”​រាំ​បុណ្យ​ភូមិ​”។ ពេលកុម្ម៉ង់​រួច​ក៏​ដើរចេញ​ទៅ ហើយ​អ្នកភ្លេង​ក៏រៀបចំ​​ប្រគំ​បទ​នេះ​តាម​សំណូមពរ​របស់​ភ្ញៀវ​ តែ​ភ្លាមៗ​នោះដែរមិន​ទាន់​បាន​លេង​ផង ​មាន​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​ ដែល​ម្ចាស់​ដើមការ​អះអាងថា​ ជា​សាច់ញាតិ​របស់ខ្លួន ​ក៏បាន​មក​កុម្ម៉ង់​បទ​”​រាំ​អ​ញ្ចេ​កៗ​”។​ ពេលនោះ​អ្នក​កាន់​កម្មវិធី​តន្ដ្រីក៏​ទទួល​ដែរ ​តែដោយសា​មាន​គេ​កុម្ម៉ង់​បទ រាំ​បុណ្យ​ភូមិ មុន ​ទើប​គេ​ប្រគំ​បទ​រាំ​បុណ្យ​ភូមិ​មុន​ទៅ។

ពេលនោះ​ស្ដ្រី​វ័យ​ចំណាស់​ដែល​កុម្ម៉ង់​ក្រោយ​គេ ​បែរជា​មិន​យល់​ រួចមក​ស្ដីបន្ទោស​ឲ្យ​ក្រុម​តន្ដ្រីក​រថា​កុម្ម៉ង់​អាបទ​នេះ​បែរ​ដាក់​អាបទ​នោះ​ទៅវិញ​ ថា​រួច​ស្ដ្រី​ដៃដល់​បាន​ទះកំផ្លៀង​ទៅលើ​ក្រុម​តន្ដ្រីករ​ម្នាក់​ពីរ​បី​ដៃ​តែម្ដង​ រកតែ​គេច​ក៏​គេច​មិនទាន់ ​ព្រោះ​ខ្លួន​មិនបាន​ចាប់អារម្មណ៍​ថាគេ​វាយ ​ម្យ៉ាងទៀត​ដោយសា​ដៃ​ជាប់​កាន់​ឧបករណ៍​តន្ដ្រី​ផង​ ហើយ​ណាមួយ​គេ​មិន​ចង់​តបត​ជាមួយ​មនុស្ស​ស្រី​ចាស់​នោះ​ផង ​ទើប​គាត់​វាយ​ហើយ​ដើរចេញ​យ៉ាង​រំភើយ​គ្មាន​ជំពាក់​អ្នកណាមួយរៀល។

ប្រភព​បន្តថា ​បន្ទាប់ពី​មានរឿង​វាយតប់​គ្នា​បែបនេះ​ ណាមួយ​ដល់​ម៉ោ​ងសម្រាកផង​នោះ​ ទើប​ក្រុម​តន្ដ្រីករ​បាន​សុំ​លុយ​ថ្លៃឈ្នួល ​ដើម្បី​យក​ឲ្យ​អ្នកចម្រៀង ​ដែល​បាន​ជួល​មក​៤​នាក់​មកពី​កន្លែង​ផ្សេងៗ​គ្នា។ នៅពេល​លេង​ចប់​គេ​តែងតែ​យកលុយ​ថ្លៃឈ្នួល​ជាធម្មតា​ទេ តែ​ម្ចាស់​កម្មវិធី​មង្គលការ ​បែរជា​ថា​មិនទាន់​ឲ្យ​ទេ​ចាំ​ព្រឹក​ទៅ ការនិយាយ​ចរចា​​​គ្នា​មិនត្រូវ ​ដោយសា​ម្ចាស់​កម្មវិធី​ជំរុញថា ​ឲ្យ​ទៅប្ដឹង​ឯណា​ក៏ប្ដឹងទៅ មួយសន្ទុះ​ក្រោយមក​មាន​សមត្ថកិច្ច​ និង​ក្រុម​អ្នកសារព័ត៌មាន​ទៅដល់​កន្លែងកើតហេតុ​ បែ​រជា​ម្ចាស់​កម្មវិធី​និយាយថា​ មិញ​រៀបឲ្យយ​លុយ​ហើយ ​ដល់​ទៅ​មាន​សមត្ថកិច្ច​ និង​អ្នកកាសែត​មក​ថត​រញ៉េរញ៉ៃ​ចឹ​ង ​មិនបាច់​ឲ្យ​លុយ​តែម្ដង​ទៅ និយាយរួចក៏នាំគ្នា​ចូលក្នុង​ផ្ទះ​បិទទ្វារ​ជិត​តែម្ដង​ មិន​ខ្ចី​ខ្វល់​ជាមួយ​អ្នកណា​ឡើយ។

ក្រោយពី​ម្ចាស់​ដើមការ​ប្រកាន់​ជំហរ​បែបនេះ ​ក្រុមតន្ដ្រីករបាននាំគ្នាសារោង​ ដឹក​សម្ភារៈចាក​ចេញទៅ​ទាំងយប់​ ប៉ុន្ដែរមិន​មានន័យថាមិន​យកលុយ​នោះទេ​ ពោល គឺ​ក្រុម​តន្ដ្រីករ​បានបញ្ជាក់​បន្ថែម​ថា​ ចាំ​ជួបគ្នានៅ​ប៉ុស្ដិ៍​ប៉ូលិសនៅពេល​ព្រឹក​ឡើង​ ដើម្បី​ដោះស្រាយ​គ្នា​តាមច្បាប់៕ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684