ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើងឈរ​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា ឡើងវិញ​ក្នុង​សប្ដាហ៍​ទី​៥​នេះ​

​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ឡើងឈរ​កំពូល​តារាង​នៃ​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ​ឆ្នាំ​២០១៧ (Metfone Cambodian League 2017) ក្រោយ​រកបាន​ជ័យជម្នះ​ទី​៤ ពោលគឺ​យកឈ្នះ​លើ​គូប្រជែង​ភ្នំពេញ​ក្រោ​ន ដោយ​លទ្ធផល ១​ទល់​០ កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​កន្លងទៅ​។

​សរុប​លទ្ធផល​គូប្រកួត​ទាំង​៦​គូ​ផ្សេង ប្រចាំ​សប្ដាហ៍​ទី​៥ កន្លងទៅនេះ​មាននៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែមីនា មាន​៣​គូ​គឺ​ក្រុម​បឹងកេត​អង្គរ យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ២​ទល់​១ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ក្រុម​ស៊ីម៉ាក់ ស្មើគ្នា​ជាមួយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ៣​ទល់​៣ លើ​ទីលាន​កីឡដ្ឋាន​ស្ដា​ត​ចាស់ និង​ក្រុម​ភ្នំពេញ​ក្រោ​ន ចាញ់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ១​ទល់​០ លើ​ទីលាន​កីឡដ្ឋាន RSN Stadium​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី ១៩ ខែមីនា ឆ្នាំ​២០១៧ វិញ​មាន​៣​គូ​ទៀត​ដោយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចាញ់​ក្រុម​ក្រសួងការពារជាតិ ២​ទល់​១ លើ​ទីលាន​ស្ដា​ត​ចាស់ ហើយ​ក្រុម​ណាហ្គា​វើ​ល ស្មើគ្នា​ជាមួយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ០​ទល់​០ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ និង​ក្រុម​អគ្គីសនី​កម្ពុជា ឈ្នះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ២​ទល់​១ លើ​ទីលាន​ខេត្តស្វាយរៀង​។​

​ចំពោះ​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​៥ សប្ដាហ៍​កន្លងមកនេះ​គឺ​ព្រះខ័ន​រាជ​ស្វាយរៀង ឡើងឈរ​លេខ​១​វិញ​មាន​១៣ ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​ក្រសួងការពារជាតិ មាន​១១​ពិន្ទុ ហើយ​ក្រុម​លេខ​៣​ភ្នំពេញ​ក្រោ​ន មាន​៨ ពិន្ទុ ខណៈ​ក្រុម​ណាហ្គា​វើ​ល បន្ត​ឈរ​លេខ​៤​មាន​៨​ពិន្ទុ ហើយ​បឹងកេត​អង្គរ ឈរ​លេខ​៥​មាន​៨ ពិន្ទុ​ដូចគ្នា​តែ​ខុស​គ្រាប់​បាល់​ចំណេញ ខណៈ​ក្រុម​លេខ​៦​គឺ​អគ្គីសនី​កម្ពុជា មាន​៧​ពិន្ទុ ហើយ​ក្រុម​លេខ​៧ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​៦​ពិន្ទុ ស្មើគ្នា​ជាមួយ​ក្រុមបាល់ទាត់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ឈរ​លេខ​៨ មាន​៦​ពិន្ទុ ដែរ​តែ​ខុស​គ្រាប់​បាល់​ចំណេញ​។ ក្រុម​វេ​ស្ទើ​ន ឈរ​លេខ​៩ មាន​៤​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​អាស៊ី​អឺរ៉ុប មាន​៣ ពិន្ទុ​ឈរ​លេខ​១០ ហើយ​ក្រុម​ស៊ីម៉ាក់ ឈរ​លេខ​១១ មាន​៣​ពិន្ទុ ស្របពេល​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ឈរ​លេខ​១២​មាន​១​ពិន្ទុ​។​

​សម្រាប់​ប្រកួត​សប្ដាហ៍​ទី​៦ នឹង​រៀបចំឡើង​នៅ​ដើមខែ​មេសា ដោយនៅ​ថ្ងៃ​សៅ​រិ៍ ទី​១ ខែមេសា ក្រុម​ក្រសួងការពារជាតិ ប៉ះ​ក្រុម​ស៊ីម៉ាក់ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្ដា​ត​ចាស់ ហើយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ទទួល​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ហើយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ បើកទ្វា​រកីឡដ្ឋាន​វេ​ស្ទើ​ន របស់ខ្លួន​ទទួល​ក្រុម​ណាហ្គា​វើ​ល​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​២ ខែមេសា ឆ្នាំ​២០១៧​ក្រុម​អាស៊ី​អឺរ៉ុប ត្រូវ​ប៉ះ​ក្រុម​អគ្គីសនី​កម្ពុជា ដោយ​លទ្ធផល​៦​ល្ងាច​លើ​ទីលាន​ស្ដា​ត​ចាស់ ហើយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ជួប​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប និង​ចុងក្រោយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ បើកទ្វា​កីឡដ្ឋាន​ខេត្តតាកែវ​របស់ខ្លួន​លើកដំបូង​ទទួល​ក្រុម​បឹងកេត​អង្គរ នៅវេលា​ម៉ោង​៣​រសៀល​។

​សូម​រំលឹកថា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានសម្រេច​បង្កើន​ក្រុម​ជា​សមាជិក​លី​គ​កំពូល​របស់ខ្លួន​ឱ្យ​កើនឡើង​រហូតដល់​១២​ក្លិប ដោយ​ត្រូវ​ប្រកួត​គ្នា​ចំនួន​២​ជុំ និង​បន្ត​វគ្គ​Play-Off ស្វែងរក​ជើងឯក ដោយ​ចាប់​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៨ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៧​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា មានឱកាស​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជាច្រើន​ដូចជា​ពានរង្វាន់ Toyota Mekong Club Championship និង​ពានរង្វាន់ AFC Cup ជាដើម​៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684