ព័ត៍មានទាន់​ហេតុការណ៏
Search

អំណាច​ទឹកប្រាក់ អាច​ចាក់ដី​លុប​មាត់​ស្ទឹងធ្វើ​ផ្សារ​បាន​យ៉ាង​ងាយ​

​បាត់ដំបង ៖ គ្រោងឆ្អឹង​ផ្សារ​មួយ ត្រូវបាន​អ្នកមាន​លុយ​កំពុង​បង្កើតឡើង​យ៉ាង​រំភើយ នៅ​លើដី​ចំណី​ស្ទឹង ដោយ​គ្មាន​រំខាន​ដល់​នរណាម្នាក់​សោះឡើយ បន្ទាប់ពី​រឿងនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា មេឃុំ​បាយ​ដំរាំ និង​រដ្ឋបាល​ស្រុក​បាណន់ ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការចាក់ដី​លុប​មាត់​ស្ទឹង​សង្កែ​នេះ ដើម្បី​សាងសង់​ផ្សារ និង​ស្ថានីយ​ប្រេង ដោយមាន​ការបណ្ដេញ​ពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ ដែល​ស្នាក់នៅ​ទីនោះ​ឲ្យ​ចាកចេញ ​ដោយ​គ្មាន​សំណង​ទៀតផង ធ្វើ​ឲ្យ​មានប្រតិកម្ម​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ។​

​ទីតាំង​ដែល​អ្នកមាន​លុយ និង​មានអំណាច​កំពុង​ចាក់ដី​លុប​មាត់​ស្ទឹង​សង្កែ​នោះ គឺ​ស្ថិត​នៅជាប់ក្បាលស្ពាន​បេ​ឡេ​ត៏​ត្រើយ​ខាងកើត ខាងមុខ​វត្ត​បាយ​ដំរាំ នៅក្នុង​ភូមិ​បាយ​ដំរាំ ឃុំ​បាយ​ដំរាំ ស្រុក​បាណន់ ខេត្តបាត់ដំបង ដែលជា​ដី​ចំណី​ស្ទឹង​សុទ្ធសាធ ដែល​គ្មាន​អ្នកណា​ហ៊ាន​បែបនេះ​នោះទេ ។

ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅក្នុង​តំបន់​នោះ បាន​សង្ស័យ​ទៅលើ​លោក ង៉ុ​ង ឆាន់​លី មេឃុំ​បាយ​ដំរាំ និង​អាជ្ញាធរ​ស្រុក​បាណន់​ថា ជា​អ្នក​រួមគំនិត​ជាមួយ​អ្នកមាន​លុយ​ និង​មានអំណាច ក្នុងការ​ចាក់ដី​លុប​ដី​ចំណី​ស្ទឹង ដើម្បី​បង្កើត​ធ្វើជា​ផ្សារ និង​ធ្វើ​ស្ថានីយប្រេងឥន្ធនៈ ដែល​ការសាងសង់​នេះ​មាន​រយៈពេល​ជាង​២​ខែ​កន្លងមកហើយ​។

​នៅ​ទី​នោះដែរ​គេ​តែង​សង្កេត​ឃើញ​បុរស​ម្នាក់​ឈ្មោះ ​ចាន់ សុភា ឧស្សាហ៍​មក​ពិនិត្យ​សំណង់​នោះ​រាល់ថ្ងៃ ដែល​គេ​អាចធ្វើ​ការសន្និដ្ឋាន​បាន​ថា ទំនងជា​គេ​ម្នាក់​នោះ​ហើយ​ជា​ថៅកែ​ផ្សារ​ដែល​កំពុង​សាងសង់​ថ្មី​ នៅលើ​ដី​ចំណី​ស្ទឹង​សង្កែ​ទាំង​បំពាន​នេះ បើទោះបីជា​អ្នកភូមិ​បានធ្វើ​ការជំទាស់​យ៉ាងខ្លាំង​ទៅនឹង​ការសាងសង់​ផ្សារ និង​ស្ថានីយប្រេងឥន្ធនៈ ​តែមិន​ហ៊ាន​ចេញមុខ​តវ៉ា សូម្បី​អត្តសញ្ញាណ​ក៏​សុំ​លាក់​ យ៉ាងណាក៏ដោយ ក៏​កិច្ចដំណើរការ​នៅតែ​បន្តសកម្មភាព​យ៉ាង​រលូន ព្រោះ​ការ​លា​ក់់មុខ​នេះ ដោយសារតែ​ពួកគាត់​ខ្លាច​អំណាច​អាជ្ញាធរ ដែល​តែងគំរាម​មិន​ឈប់ឈរ មិនតែប៉ុណ្ណោះ​លោក​មេឃុំ និង​ឈ្មោះ​ ចាន់ សុភា បាន​ព្យាយាម​បណ្ដេញ​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​ ដែល​រស់នៅ​ច្រើន​ឆ្នាំ​មកហើយ​ក្បែរ​នោះ​ ឲ្យ​ចាកចេញ​ដើម្បី​យក​ដី​ឲ្យ​ថៅកែ​ផ្សារ ដោយ​គ្មាន​សំណង​អ្វី​ទាំងអស់​ទៀតផង។

​អ្នកស្រី គីម ស្រី​ម៉ៅ អាយុ​៣២​ឆ្នាំ និង​ស្វាមី​ឈ្មោះ ហឿន សុខ​ផល អាយុ​៣៧​ឆ្នាំ ជាជាង​ជួសជុល​ម៉ូតូ ដែល​កំពុង​ប្រឈម​នឹង​អាជ្ញាធរ​បណ្ដេញចេញ​នោះ បាន​និយាយថា មេឃុំ​បាយ​ដំរាំ លោក​ ង៉ុ​ង ឆាន់​លី ដែល​មានផ្ទះ​នៅក្បែរ​គាត់​ដែរ បាន​ហៅ​គាត់​ទៅ​សាលាឃុំ ប្រាប់​ឲ្យ​ក្រុមគ្រួសារ​គាត់​រុះរើ​ផ្ទះ​ចេញពី​ទីនោះ​ច្រើនលើក​ហើយ តែ​អ្នកស្រី​មិន​ចេញ ព្រោះតែ​គ្មាន​សំណង​អ្វី​បន្តិច​ទាល់តែសោះ មកលើ​គ្រួសារ​របស់គាត់ ។

​ជនរងគ្រោះ​ដដែល​បាន​បន្តថា មិនតែប៉ុណ្ណោះ​ឈ្មោះ ​ចាន់ សុភា ដែលជា​អ្នកមើល​ការសាងសង់​ផ្សារ ឬក៏​ជា​ថៅកែ​ផ្សារ​នោះ បានគំរាមកំហែង​គ្រួសារ​គាត់​មិន​ឈប់ឈរ ដោយ​បង្ខំ​ឲ្យ​ពួកគាត់​ចាកចេញ ហើយ​ការបង្ខំ​ចុងក្រោយ ​គឺ​អាជ្ញាធរ​បាន​អះអាងថា គេ​នឹង​ផ្ដល់​ថ្លៃ​ខូចខាត​ផ្ទះ​ចំនួន​៦០០​ដុល្លារ តែ​ចំពោះ​សំណង​អ្វី​ផ្សេងទៀត​គឺ​គ្មានទេ។​

​អ្នកស្រី គីម ស្រី​ម៉ៅ បាន​និយាយ​ពី​ការគំរាមកំហែង​របស់​លោក​មេឃុំ​ថា បើ​ពួកគាត់មិន​ចាកចេញ​ពេលនេះ​ទេ ចាំមើល​បោះឆ្នោត​រួច​ច្បាស់​ជា​ដឹង​គ្នា​ហើយ ចំណែក​លោក​ថៅកែ​ផ្សារ ចាន់ សុភា ក៏​គំរាមគាត់​ដែរ​ថា តើ​រើ ​ឬ​មិន​រើ​…​បើ​មិន​រើ ប្រយ័ត្ន​… មិនឃើញ​ក្ដារ​មឈូស​មិន​ស្រក់​ទឹកភ្នែក​ទេ​មែន​ទេ​? ។

​ក្រុមគ្រួសារ​រងគ្រោះ​ដោយ​ការគំរាមកំហែង​នេះ​ បានបញ្ជាក់​ប្រាប់ថា គាត់​បានមក​រស់នៅ​លើ​ដី​ចំណី​ស្ទឹង​ខាងមុខ​វត្ត​បាយ​ដំរាំ ​នេះ តាំងពី​ឆ្នាំ​២០០៥ មកម្ល៉េះ ដោយសារតែ​មានការ​អនុញ្ញាត​ពី​អ​តី​ត​មេឃុំ​ចាស់ និង​មានការ​ឯកភាព​ពី​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​បាយ​ដំរាំ​ផងដែរ។ គាត់​ទទួលស្គាល់​ដែរ​ថា កាល​នោះគេ​ហាម​មិនឲ្យ​គាត់​លក់ដូរ​ដី​នោះទេ តែ​តម្រូវ​ឲ្យ​គាត់​ចាកចេញ​នៅពេល​ណាមួយ​ដែល​រដ្ឋ​ត្រូវការ តែ​ក្នុង​ពេលនេះ​មិនមែន​រដ្ឋ​ត្រូវ​ការយក​ដី​នោះ ​ទៅ​អភិវឌ្ឍ​ដើម្បី​ប្រយោជន៍​រួម​ទេ គឺ​បាន​យកទៅ​ឲ្យ​អ្នកមាន​លុយ មានអំណាច ធ្វើ​ផ្សារ​ដើម្បី​ផលប្រយោជន៍​ឯកជន​ទៅវិញ ដូច្នេះ​អ្នកស្រី​មិនអាច​ចាកចេញ​ទេ បើ​អ្នកមាន​លុយ​យក​ដី​រដ្ឋ​ធ្វើ​ផ្សារ​ និង​ស្ថានីយ​ប្រេងបាន គាត់​ក៏​អាចធ្វើ​ផ្ទះ​នៅបាន​ដែរ មិនត្រូវ​ដេញ​គ្រួសារ​គាត់​ចេញ ហើយ​យក​ដី​ប្រគល់ឲ្យ​ទៅ​ឯកជន​បែបនេះ​ទេ ដូច្នេះ​តើ​ឲ្យ​គ្រួសារ​គាត់​ទៅ​រស់នៅ​ទីណា បើ​ពួកគាត់​គ្មាន​ទាំង​ដី​ភូមិ​សម្រាប់​ស្នាក់នៅ និង​ដី​សម្រាប់ធ្វើ​ស្រែចម្ការ​នឹង​គេ​មួយ​ចំអាម​ផង​នោះ ?

នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា នេះ​លោក ​ង៉ុ​ង ឆាន់​លី មេឃុំ​បាយ​ដំរាំ បាន​បដិសេធថា​ លោក​មិនបាន​គំរាមកំហែង​បែបនេះ​នោះទេ ​​ចំណែក​ការសាងសង់​ផ្សារ​លើដី​ចំណី​ស្ទឹង គឺ​លោកទទួលស្គាល់ថា ​ពិតជា​មានការ​រំលោភ​លើ​ផ្លូវច្បាប់​យ៉ាងពិត​ប្រាកដ។​ ចំណែក លោក ជុំ ញ៉ អភិបាលស្រុក​បាណន់ ក៏​បណ្តា​អ្នកសារព័ត៌មាន​មួយចំនួន​មិនអាចសុំ​ការបំភ្លឺ​បានដែរ ដោយសារ​ទូរស័ព្ទ​រប​ស់លោក​ហៅចូល​ច្រើនលើក​តែ​គ្មាន​អ្នកទទួល ។​


​ប្រជាពលរដ្ឋ​បាន​លើកឡើងថា បើ​អាជ្ញាធរ​និង​អ្នកមាន​លុយ អាចធ្វើ​សំណង់​រំលោភ​លើដី​ចំណី​ស្ទឹង​បាន ដូច្នេះ​ប្រជាពលរដ្ឋ​ក៏​អាច​ធ្វើបាន​ដ​ដូចគ្នា បើ​បែបនេះ​មែន ថ្ងៃក្រោយ​ទឹកស្ទឹង​សង្កែ​អាច​នឹង​ប្រឈមមុខ​យ៉ាងធ្ងន់ធ្ងរ​អំពី​បញ្ហា​បរិស្ថាន ដោយសារ​កាកសំណល់ និង​ទឹក​កខ្វក់​ដែល​បង្ហូរ​ចេញពី​ផ្សារ​អ្នកមានអំណាច​នេះ​។ ដូច្នេះ​បើតាម​ការពិនិត្យ​រាល់​ទង្វើ​របស់​អាជ្ញាធរ គឺ​ហាក់ដូចជា​មិនបាន​គិតគូរ​អំពី​ផលប្រយោជន៍​រួម​ទេ គឺ​គេ​គិតតែ​ពី​ផលប្រយោជន៍​បុគ្គល​និង​បក្ស​ពួកខ្លួន​មួយ​ក្ដាប់​តូច​តែប៉ុណ្ណោះ។​

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា នេះដែរ លោក ចាន់ សុភា បានបញ្ជាក់​ប្រាប់​តាមរយៈ​ទូរស័ព្ទ​ថា ការសាងសង់​ផ្សារ​នៅ​លើដី​ចំណី​ស្ទឹង​នេះ គឺ​លោក​មានច្បាប់​អនុញ្ញាត​ត្រឹម តែ​អាជ្ញាធរ​ឃុំ​ និង​ស្រុក​តែប៉ុណ្ណោះ ដោយ​មិនបាន​សុំ​ការអនុញ្ញាត​ទៅ​មន្ទីរជំនាញ​ខេត្ត​នោះឡើយ​ ហើយ​ម្យ៉ាងទៀត ចំពោះ​ការសាងសង់​នៅ​លើដី​ចំណី​ស្ទឹង​ គឺ​លោក​ទទួលស្គាល់ថា​ ពិតជា​ខុស​នឹង​ផ្លូវច្បាប់​យ៉ាងពិត​ប្រាកដ ប៉ុន្តែ​ដោយសារតែ​លោក​ចង់​អភិវឌ្ឍ​​តំបន់​នេះ​ ឲ្យទៅជា​តំបន់​ទេសចរណ៍​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​បរទេស​ផងដែរ ។​

​បើ​អ្នកគ្រប់គ្រង​ផ្សារ​ទទួលស្គាល់ថា ​ពិតជា​ល្មើស​នឹង​ច្បាប់​បែបនេះ​ទៅហើយ ហេតុអ្វី​បានជា​អាជ្ញាធរ​នៅតែ​បន្ត​ខំប្រឹង​ដើរទៅ​លើផ្លូវ​ខុស​ជាមួយនឹង​អ្នកមាន​លុយ​ដែរ ឬក៏​គេ​គិតថា វា​អាចមាន​ហុច​នូវ​ផលប្រយោជន៍​អ្វីមួយ​ពី​ទីតាំង​ខាងលើនេះ ដូច្នេះ​គួរតែ​អង្គភាព​ជំនាញ​មេត្តា​ពិនិត្យឡើងវិញ​ ទៅលើ​ទីតាំង​ផ្សារ​ដែល​កំពុង​យក​ដី​ចំណី​ស្ទឹង​សង្កែ​មក​ធ្វើជា​ទ្រព្យ​ផ្ទាល់ខ្លួន​នេះ​ផង ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684