ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បន្ត​ប្រមូល​ផ្ដុំគ្នា​ម្ដងទៀត មុន​ប្រកួត​លើ​ឆាក​អន្តរជាតិ​មកដល់

ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​គ្រូ​បង្វឹក​ថ្មី​គឺ​លោក​Leonardo Luis Vitorino ជនជាតិ​ប្រេ​ស៊ី​ល បាន​ចាប់​ផ្ដើម​ប្រមូលផ្ដុំ​កីឡាករ​ជា​បន្តទៀត​ ដែល​មាន​សមាជិក​២៣​រូប បន្ទាប់ពី​អនុ​ញ្ញាត​ឲ្យ​កីឡាករ​ចូល​ជួយ​ក្រុម​រៀងៗ​ខ្លួន​ក្នុង​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ Metfone Cambodian League 2017 កាលពីពេល​ថ្មីៗ​។

គ្រូ​បង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល ខាងលើ​បាន​ប្រមូលផ្ដុំ​កូន​ក្រុម​ជា​លើកដំបូង​ម្ដង​រួចហើយ​កាលពី​សប្ដាហ៍​មុន​ដែល​មាន​រយៈពេល​៣​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​ពុធ នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ខេត្តតាកែវ​។ ក្រោយ​មក​ទៀត​កីឡាករ​ទាំងអស់​ត្រូវ​រំសាយ​ការ​ប្រមូលផ្ដុំ​បណ្តោះអាសន្ន​សិន​ដោយ​អនុញ្ញាត​ឲ្យ​កីឡាករ​ត្រលប់​ទៅតាម​ក្លិប​រៀងៗ​ខ្លួន​វិញ ដើម្បី​ជួយ​ក្រុម​ប្រកួត​ក្នុង​ពានរង្វាន់​លីក​កំពូល​កម្ពុជា សប្ដាហ៍​ទី​៥​។ នេះ​ជា​ការ​ប្រមូលផ្ដុំ​សារជាថ្មី​ម្ដងទៀត ចាប់ពី​ថ្ងៃ​ច័ន្ទ ទី ២០ ខែ​មិនា ម្សិលមិញ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ពោលគឺ​មានការ​ជួបជុំ​គ្នា​រយៈពេល​២​ថ្ងៃមុន​ប្រកួត​លើក​ឆាក​អន្តរជាតិ​ដើម្បី​ត្រៀម​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​និង​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup 2019 UAE​។

​តាម​គ្រោង​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​បើកទ្វា​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ទទួល​ក្រុម​ជម្រើសជាតិ​ឥណ្ឌា នៅ​ម៉ោង​៦និង៣០​នាទី ល្ងាច​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៧ ខាងមុខ​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ ខណៈ​រំ​លឹក​៥​ថ្ងៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហ្សកដានី ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup 2019 UAE ពោលគឺ​ក្នុង​ថ្ងៃ​បើកឆាក​ពូ​ល C ក្នុង​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៧​។

​កីឡាករ​ទាំង​២៣​នាក់​ដែល​កោះ​ហៅ​ចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា លើក​នេះ​មាន​អ្នកចាំទី អ៊ុំ សេរី​រ័ត្ន​(​ការពារជាតិ​), កែវ សុខ​សិលា (​ភ្នំពេញ​ក្រោ​ន​), អោម ឧ​ត្ត​ម (​ព្រះខ័ន​រាជ​ស្វាយរៀង​)​។ ចំពោះ​តំណែង​ខ្សែការពារ​វិញ​មាន ឆុំ ពិសា (​ភ្នំពេញ​ក្រោ​ន​), សឿ​យ វិ​សាយ (​ព្រះខ័ន​រាជ​ស្វាយរៀង​), ស ពិសិដ្ឋ (​ការពារជាតិ​), សឿត បារាំង (​ភ្នំពេញ​ក្រោ​ន​), ពុំ តុលា (​ការពារជាតិ​), រស់ សំអឿន (​បឹងកេត​អង្គរ​), សំអឿន ពិដោរ (​ព្រះខ័ន​រាជ​ស្វាយរៀង​) និង​ណុប តុលា (​ព្រះខ័ន​រាជ​ស្វាយរៀង​)​។ ខ្សែបម្រើ​មាន ធា​រី ចន្ថា​ប៊ី​ន​(Krabi FC របស់​ថៃ​), ហួយ ផល្លី​ន (​ព្រះខ័ន​រាជ​ស្វាយរៀង​), ច្រឹង ពលរដ្ឋ (​ការពារជាតិ​), សុះ ស៊ូ​ហា​ណា (​ណាហ្គា​វើ​ល​), ទិ​ត្យ ឌី​ណា (​នគរបាលជាតិ​), ប្រាក់ មុន្នី​ឧ​ត្ត​ម (​ព្រះខ័ន​រាជ​ស្វាយរៀង​) និង​ខ្សែប្រយុទ្ធ​មាន ចាន់ វឌ្ឍនាកា (Fujieda MYFC របស់​ជប៉ុន​), អុល រ៉ាវី (​នគរបាលជាតិ​), ឃួន ឡា​បូ​រ៉ាវី (​បឹងកេត​អង្គរ​), កែវ សុខ​ផេង (​ភ្នំពេញ​ក្រោ​ន​), ឆេង ម៉េង (​ណាហ្គា​វើ​ល​), សួង វិ​រៈ (​ណាហ្គា​វើ​ល​)៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684