ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​កម្ពុជា ស្នើ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង ប្រទេស​សមាជិក​ចាស់​នៃ​អង្គការ WTO មានការ​យោគយល់​ចំពោះ​ប្រទេស​ជា​សមាជិក​អភិវឌ្ឍន៍​តិចតួច

សៀមរាប ​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ស្នើ​សុំ​ទៅ​លោកនាយក​រង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង បណ្តា​ប្រទេស​ជា​សមាជិក​ចាស់​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក គប្បី​មានការ​យោគយល់ និង អ​ធ្យា​យ​ស្រ័យ​ចំពោះ​ប្រទេស​ជា​សមាជិក​អភិវឌ្ឍន៍​តិចតួច​ដែល​កំពុង​សុំ​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

សម្តេច​តេ​ជោ​បាន​លើកឡើង​ពី​បញ្ហា​នេះ នៅ​កិច្ច​ប្រជុំ​តុមូល​ចិន​លើក​ទី ៥ ស្តី​ពី​ការចូលរួម​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក្រោម​ប្រធានបទ “​ការអនុវត្ត​ល្អ​បំផុត​ស្តី​ពី​ការចូលរួម​ជា​សមាជិក​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​” ត្រូវ​បាន​រៀបចំឡើង​នា​ព្រឹក​ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៧ ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង មានការ​ចូលរួម​ពី​ប្រតិភូ​ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រទេស​អភិវឌ្ឍ​ន៏​តិចតួច (LDCs) និង​តំណាង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំតុមូល​ចិន​លើក​ទី ៥ នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប​ បាន​ស្នើ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) កុំ​ទិតៀន​តែ​ប្រទេស​អភិវឌ្ឍ​តិចតួច គួរតែ​រិះគន់​ប្រទេស​អ្នកមាន​វិញ​ព្រោះ​ប្រទេស​ទាំងនោះ​ភាគច្រើន​តែងតែ​បំពាន​លើ​វិធានការ​នៃ​ច្បាប់​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

សម្តេច​តេ​ជោ​ បាន​បន្ត​ថា ​ប្រទេស​ធំៗ​បំពាន​វិធាន​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​ការបំពាន​នោះ​បាន​ធ្វើ​ឲ្យ​ប្រទេស​តូចៗ​ពិបាក​ក្នុង​ការនាំ​ផលិតផល​ចូលទៅ​កាន់​ប្រទេស​អ្នកមាន​ទាំងនោះ។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ សម្តេច​តេ​ជោ​ក៏បាន​ផ្តល់​នូវ​បទពិសោធន៍​អំពី​ការ​ចូល​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​របស់​កម្ពុជា​ ដែល​បាន​ចាប់ផ្តើម​ក្នុង​ស្ថានភាព​មួយ​ដ៏​លំបាក ហើយ​បានទទួល​ជោគជ័យ​ដ៏​ត្រចះត្រចង់ និង ក្លាយ​ជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នាពេលនេះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដែល​បាន​ក្លាយ​ជា​សមាជិក​នៃ​អង្គការ WTO នៅ​ថ្ងៃ​ទី១៣ ខែតុលា ឆ្នាំ​២០០៤ ដោយ​ទទួល​បាន​ជោគជ័យ​តាមរយៈ​ការចរចា​ទ្វេភាគី​និង​ពហុភាគី​អស់​រយៈពេល​៥​ឆ្នាំ ជា​មួយ​នឹង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ខ្ពស់​ដែល​ការចរចា​នេះ​បាន​តម្រូវ​ឲ្យ​កម្ពុជា​បង់​តម្លៃ និង បើកចំហ​វិស័យ​ជាច្រើន​ជាពិសេស​ពាណិជ្ជកម្ម​ផ្នែក​ទំនិញ សេវាកម្ម វិនិយោគ ព្រមទាំង​ត្រូវ​ធ្វើ​ការកែទម្រង់​រចនា​សម្ព័ន្ធ​ស្ថាប័ន​និង​លិខិតបទ​ដ្ឋាន​ច្បាប់​ជាច្រើន​ទៀត​ផង។

ការចរចា​ដោយ​ជោគជ័យ​និង​ការ​ធ្វើកំណែទម្រង់​នៅ​កម្ពុជា កិច្ចការ អាច​សម្រេច​ទៅ​បាន​ដោយ​ជោគជ័យ​ដោយសារតែ​ឆន្ទៈ​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់​ស្ថាប័នរដ្ឋ​ពី​ប្រជាជន និង​ពី​វិស័យ​ឯកជន​ទាំងអស់​នៅ​កម្ពុជា។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ធ្វើការ​ចែករំលែក​នូវ​បទពិសោធន៍​បន្ថែម​ទៀត​នូវ​វិធីសាស្ត្រ​និង​ការរៀបចំ​យន្តការ​នៃ​ការចរចា​សម្រាប់​ការ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដល់​អ្នកចូលរួម​ដែល​មកពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រទេស​អភិវឌ្ឍ​ន៏​តិចតួច (LDCs) និង​តំណាង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កម្ពុជា​បាន​ធ្វើ​សកម្មភាព​ព្រមៗ​គ្នា​ជាមួយ​យន្តការ​ឯកភាព​មួយ ហើយ​ដែល​ត្រូវ​បាន​ដាក់​ឆ្លង​គ្រប់​ពេល​សម្រាប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី។ សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នោះ​មាន​សំណួរ​ជាច្រើន​បាន​ដាក់​មក​ឲ្យ​កម្ពុជា​ឆ្លើយ ក្នុង​ចំណោម​ជាង ១០០ សំណួរ។ ពេល​ដែល​កម្ពុជា​បាន​ឆ្លើយតប​ទៅ​ហើយ នៅ​មាន​សំណួរ​ជាង​ពាក់កណ្តាល​ត្រឡប់មកវិញ។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ការ​ឆ្លើយតប​ដ៏​ជោគជ័យ​បំផុត​របស់​កម្ពុជា គឺ​សុគត​ភាព​រវាង​ក្របខណ្ឌ​គោលនយោបាយ​ទៅ​ខាង​ក្រៅ​និង​ការអនុវត្ត​ពិតប្រាកដ​នៅ​ខាងក្នុង​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​ទៀត​ថា បញ្ហា​របស់​កម្ពុជា​ក្នុង​ការចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ពេល​នេះ គឺជា​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​របស់​សម្តេច​តែម្តង នោះ​នៅ​ត្រង់​ថា ​ការប្រើប្រាស់​ឱកាស​នៃ​ការចូលរួម​នៅ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ជំរុញ​កំណែទម្រង់​ផ្ទៃក្នុង​របស់​កម្ពុជា។

សម្តេច​បាន​រំលឹក​ថា នៅ​ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ១៩៩៨ ការប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង​បន្ទាប់ពី​ការបោះឆ្នោត អាណ​ត្តិ​ទី​២ សម្តេច​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ត្រីកោណ ដែល​មុំ​ទី​១​នៃ​យុទ្ធសាស្ត្រ​ត្រីកោណ ការ​ធ្វើ​សន្តិ​ភាវូបនីយកម្ម​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូទាំងប្រទេស។

កម្ពុជា​បាន​ចាប់​ផ្តើម​ពី​បាត​ដៃទទេ ដែល​គ្មាន​អ្វី​សោះ​គឺ​ចាប់​ផ្តើម​ម​ពី​សៀមរាប​ដែល​មានតែ​សណ្ឋាគារ​ចាស់ៗ​ចំនួន ២ និង គ្មាន​ភ្ញៀវ​ទេសចរ​ម្នាក់ មក​ជា​ទីក្រុង​ដែល​មាន​សណ្ឋាគារ​រាប់​រយ​និង​ទទួល​ភ្ញៀវ​ប្រមាណ​៤,៥​លាន​នាក់​ មក​ទស្សនកិច្ច​ក្នុង​១​ឆ្នាំៗ នា​ពេល​បច្ចុប្បន្ន កម្ពុជា​បាន​ឈាន​ចេញពី​សង្គ្រាម​ហែកហួរ ទើប​យើង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ត្រីកោណ​មុំ​ទី១។

ឯ​មុំ​ទី ២ នៃ យុទ្ធសាស្ត្រ​ត្រីកោណ​គឺ​សមាហរណកម្ម​ឆាប់​បំផុត របស់​កម្ពុជា​ទៅ​ក្នុង​សហគមន៍​អន្តរជាតិ និង អង្គការសហប្រជាជាតិ ដើម្បី​ចូលរួម​នៅ​ក្នុង​សហគមន៍​អាស៊ាន ការប្រជុំ​អាស៊ី​-​អឺរ៉ុប អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​និង​អង្គការ​អន្តរជាតិ​ផ្សេងៗ​ទៀត។ មុំ​ទី ៣ នៃ​យុទ្ធសាស្ត្រ​ត្រីកោណ គឺ​ផ្អែកលើ​កត្តា​អនុគ្រោះ​ផ្ទៃក្នុង និង​កត្តា​អនុគ្រោះ​ផ្នែក​អន្តរជាតិ​ត្រូវ​ប្រមូល​ផ្តុំ​ការ​ខិតខំ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​តាមរយៈ​កំណែទម្រង់​ជាច្រើន​ដែល​បាន​ដាក់ចេញ។ យើង​បាន​កែទម្រង់​ផ្ទៃក្នុង​ដើម្បី​ចូលខ្លួន​ទៅក្នុង​សហគមន៍​អន្តរជាតិ ហើយក៏​បាន​ប្រើប្រាស់​ការចូលរួម​ទៅ​ក្នុង​សហគមន៍​អន្តរជាតិ​ដើម្បី​ជំរុញ​មក​កំណែទម្រង់​ផ្ទៃក្នុង​វិញ ។ ប្រសិន​កម្ពុជា​មិន​កែទម្រង់​បែបនេះ​ទេ មិនអាច​ក្លាយ​ខ្លួន​ទៅជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បានទេ នោះ​ហើយ​ជា​ជោគជ័យ​ដែល​កម្ពុជា​បានទទួល។

សម្តេច​តេ​ជោ​បាន​បន្តថា ១០ ឆ្នាំក្រោយ​នៃ​ការ​ចូល​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក​កម្ពុជា​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​ផង​ដែរ​ អំពី​វឌ្ឍនភាព​នៃ​ការ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដើម្បី​ធ្វើ​ឲ្យ​ការ​ចូល​ក្នុង​ពាណិជ្ជកម្ម​ពិភពលោក​របស់​កម្ពុជា​ ទទួល​បាន​នូវ​ផលប្រយោជន៍​យ៉ាងច្រើន។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ក៏បាន​ស្នើសុំ​ទៅ​លោកនាយក​រង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង បណ្តា​ប្រទេស​ជា​សមាជិក​ចាស់​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក គប្បី​មានការ​យោគយល់ និង អធ្យាស្រ័យ​ចំពោះ​ប្រទេស​ជា​សមាជិក​អភិវឌ្ឍន៍ តិចតួច​ដែល​កំពុង​សុំ​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដែល​បាន​ចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​សុទ្ធតែ​គោរព​ចំពោះ​វិធាន​របស់​អង្គ​ការ​ពា​ណិ​ជ្ជក​ម្ម​ពិភពលោក​បាន​យ៉ាង​ល្អ ជាង​ប្រទេស​អភិវឌ្ឍ និង ប្រទេស​អ្នកមាន​ទៅទៀត។ ដូចជា​ការឧបត្ថម្ភ​ទុន​សម្រាប់​វិស័យ​កសិកម្ម តើ​មាន​ប្រទេស​អ្នកមាន​ណា​បាន​គោរព​នោះ ។ ប្រទេស​អ្នក​បាន​ឧបត្ថម្ភ​ទុន​សម្បើម​ណាស់​ទៅលើ​វិស័យ​កសិកម្ម ដែល​ធ្វើ​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ពិបាក​នាំចូល​ទៅកាន់​ទីផ្សារ​របស់​ប្រទេស​អ្នកមាន។ ប្រទេស​អ្នក​មានបាន​បំពាន​ចំពោះ​វិធាន​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ សម្តេច​បាន​ស្នើ​ឲ្យ​នាយករង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជួយ​ពិនិត្យ​ប្រទេស​អ្នកមាន​ផង កុំ​រិះគន់​តែ​ប្រទេស​អភិវឌ្ឍន៍​តិចតួច។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ប្រទេស​អ្នកមាន​តែង​ដាក់​បា​រ៉ា​ស់​ចំពោះ​ប្រទេស​អភិវឌ្ឍន៍​តិចតួច តាមរយៈ​ភូ​គា​ម​អនាម័យ ឬ ច​ត្តា​ឡី​ស័​ក្ត ធ្វើ​ឲ្យ​ប្រទេស​តូច​មិន​អាច​នាំចូល​ទៅ​បាន។ សម្តេច​តេ​ជោ​បាន​បន្ត​ថា ពិភពលោក​ត្រូវតែ​ដើរ​ទៅ​ជាមួយគ្នា​មិន​អាច​មាន​ពិភពលោក​មួយ​បែងចែក ហើយ​ដែល​ទុក​ឲ្យ​អ្នកក្រ​នៅតែ​បន្ត​ក្រ និង ទទួល​ការរារាំង​ពី​ប្រទេស​អ្នកមាន​នោះ​ទេ។

សម្តេច​បន្ត​ទៀត​ថា សម្តេច​ក៏​មិន​ជៀត​ជ្រែក​ទៅលើ​នយោបាយ​គាំពារ​និយម​ថា អាច​ទទួលបាន​ជោគជ័យ​នោះទេ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ក្នុងនាម​ជា​ប្រទេស​មួយ​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​កម្ពុជា​បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ពី​ការ​ត្រួតពិនិត្យ​ឡើងវិញ​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​លើក​ទី​១ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ខែវិច្ឆិកា ​ឆ្នាំ​២០១១ ហើយ​យើង​កំពុង​រៀបចំ​ឯកសារ​សម្រាប់​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ ​គោលនយោបាយ​ពាណិជ្ជកម្ម​លើក​ទី​២ ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​ខែវិច្ឆិកា ​ឆ្នាំ​២០១៧​ខាងមុខនេះ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស។

សម្តេច​តេ​ជោ​បន្តថា កាតព្វកិច្ច​ចំពោះ​មុខ​សម្រាប់​យើង​ទាំងអស់​គ្នា ​ក្នុងនាម​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​ការចរចា​សម្រេច​បាន​ជោគជ័យ​នៅ​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី ១១ នៃ​អង្គការ WTO គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី១១ ដល់​១៤ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ទីក្រុង​ប៊ូ​ណូ​ស្សា​រ៉េ​ស ប្រទេស​អា​ហ្ស​ង់​ទីន ដែល​លទ្ធផល​នោះ​ត្រូវតែ​បម្រើ​ផលប្រយោជន៍​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទាំងអស់ រួម​ទាំង​ប្រទេស​ដែល​កំពុង​ចរចា​ចូល​ជា​សមាជិក​អង្គការ WTO ផងដែរ។ ដើម្បី​សម្រេច​គោលដៅ​នេះ ទោះបី​កម្ពុជា​កំពុង​មមាញឹក​ក្នុង​ការ​អនុវត្ត​កម្មវិធី​កំណែទម្រង់ និង ការអភិវឌ្ឍ​ថ្នាក់​ជាតិ ព្រមទាំង​ការចរចា​ថ្នាក់​តំបន់​ជាច្រើន​ក៏ដោយ តែ​កម្ពុជា​ស្ម័គ្រចិត្ត​ទទួលយក​តួនាទី​ជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧។

ក្នុង​ឋានៈ​នេះ កម្ពុជា​នឹង​ខិតខំ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែលជា​សមាជិក​អង្គការ WTO ទាំងអស់​ដើម្បី​ជំរុញ​កិច្ចចរចា​នានា​ដែល​បម្រើ​ឲ្យ​ផលប្រយោជន៍​ក្រុម​ប្រទេស អភិវឌ្ឍន៍​តិចតួច ជាពិសេស តាមដាន​និង​ជំរុញ​ឲ្យ​មានការ​អនុវត្ត​សេចក្តី​ថ្លែងការណ៍​ និង សេចក្តី​សម្រេច​របស់​ស​ន្និ​សីទ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ទីក្រុង​បាលី​និង​ទីក្រុង​ណៃ​រ៉ូ​ប៊ី ដូចជា​ការ​ផ្តល់​ការលើកលែង​និង​ល​ក្ខ័​ណ​ពិសេស​ផ្នែក​សេវា ការ​ផ្តល់​ភាព​អនុគ្រោះ​ពន្ធគយ​និង​មិន​ជាប់​កូតា សម្រួល​វិធាន​ប្រភព​ដើម​ទំនិញ សិទ្ធិ​ទទួល​បាន​ឱសថ​សម្រាប់​សេវា​សុខភាព​សាធារណៈ កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ជំនួយ​សម្រាប់​អនុវត្ត​វិស័យ​ពាណិជ្ជកម្ម​ជាដើម​។

លោក ដា​វីដ ស្យា​ក អគ្គនាយករង​អង្គការ WTO បាន​មានប្រសាសន៍ថា កិច្ច​ប្រជុំតុមូល​ចិន​លើក​ទី ៥ នឹង​រួមចំណែក​យ៉ាង​សំខាន់​ដើម្បី​គាំទ្រ​សម្រាប់​ការ​ចូល​ជា​សមាជិក WTO តាមរយៈ​កិច្ច​សន្ទនា​គោលនយោបាយ និង ចែករំលែក​បទពិសោធ​ន៍​ នៃ​ការ​ចូល​ជា​សមាជិក និង ក្រោយ​ការ​ចូល​ជា​សមាជិក។

លោក ដា​វីដ ស្យា​ក សង្ឃឹមថា “​ខ្ញុំ​សង្ឃឹមថា ពួកគេ (LDCs) នឹង​ស្តាប់ ដើម្បី​ផ្លាស់​ប្តូរ​បទ ពិសោធន៍ និង ចែករំលែក​ការ​គាំទ្រ និង ជំនួយ​បច្ចេកទេស​តាម​លទ្ធភាព សំដៅ​ឆ្លើយតប​តម្រូវការ​ជាក់លាក់​សម្រាប់​ការ​ចូល​ជា​សមាជិក​របស់​ប្រទេស​កំពុង​ស្នើសុំ និង ប្រទេស​ដែល​ចូល​ជា​សមាជិក​ថ្មីៗ​”។

លោក វ៉ាង ស៊ូ​វិ​ន អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន បាន​មានប្រសាសន៍ថា ប្រទេស​ចិន​មាន​មោទនភាព​ដែល​បាន​ឃើញ​កិច្ច​ប្រជុំ​តុ​មូល​ចិន ក្លាយ​ជា​វេទិកា​ដ៏​សំខាន់​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍​ការអភិវឌ្ឍ និង ការអនុវត្ត​ល្អ។

លោក​បាន​មានប្រសាសន៍ថា” ក្នុងនាម​ជា​សមាជិក​អង្គការ WTO យើង​ត្រូវតែ​បន្ត​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ។ ប្រទេស​ចិន​តាំងចិត្ត​ការពារ​ប្រព័ន្ធ ពាណិជ្ជកម្ម​ពហុភាគី ដែល​បើកចំហ​តម្លាភាព បរិ​យា​ប័ន​និង​មាន​អត្ថប្រយោជន៍ សម្រាប់​ទាំងអស់គ្នា”។

កិច្ច​ប្រជុំ​តុ​មូល​លើក​ទី​៥ នេះ​មាន​គោលបំណង​ចែករំលែក​បទពិសោធន៍ និង ជួយ​ដល់​ប្រទេស LDCs ដែល​មិនទាន់​ចូល​ជា​សមាជិក ក្នុង​ការ​រៀបចំខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​ចូល​ជា​សមាជិក WTO ស្របតាម​មាត្រា​១២ នៃ​កិច្ចព្រមព្រៀង ម៉ា​រ៉ា​កេស ស្តីពី​ការបង្កើត​អង្គការ WTO ។ សេចក្តីសម្រេច​ស្តីពី​ការ ចូលរួម​ជា​សមាជិក​នៃ​អង្គការ WTO លើក​ទី ១១ នៅ​ថ្ងៃ ១៤ ខែធ្នូ ឆ្នាំ២០១៧ នៅ​ទីក្រុង​ប៊ូ​ណូ​ស្សា​រ៉េ​ស ប្រទេស​អា​ហ្ស​ង់​ទីន៕

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684