ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​បាល់ទាត់​ស្វាយរៀង​ហ្វូ​ត​សាល​ខាប់​លើក​ទី​១ ចាប់ផ្ដើម​ពីថ្ងៃ​អង្គារ នេះ​តទៅ​ហើយ

ពានរង្វាន់​បាល់ទាត់​ស្វាយរៀង​ហ្វូ​ត​សាល ខាប់ លើក​ទី​១ ឆ្នាំ ២០១៧ (Svay Rieng Futsal Cup 2017) រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ខេត្តស្វាយរៀង និង សមាគម​បាល់ទាត់​ខេត្តស្វាយរៀង នឹង​ចាប់ផ្តើម​ពីថ្ងៃ​អង្គារ ទី​២១ ខែ មីនា ឆ្នាំ​២០១៧​តទៅ​ហើយ​។

យោង​តាម​កម្មវិធី​ប្រកួត​ដែល​ផ្ដល់​ដោយ​គណៈកម្មការ​រៀបចំ​ការប្រកួត​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ចូលរួម​ចំនួន​២០ ដោយ​ចែកចេញជា​៤​ពូ​ល ដោយ​ពូ​ល ឃ មាន​ចំនួន​៦​ក្រុម ខណៈ​ពូ​ល​ផ្សេងទៀត​មាន​៤​ក្រុម​ស្មើគ្នា​។ ការប្រកួត​នេះ​ធ្វើឡើង​នៅ​លើ​ទីលាន​តូច សិប្បនិម្មិត នៃ​កីឡដ្ឋាន​ខេត្តស្វាយរៀង ហើយ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី ៩ ខែ មេសា ឆ្នាំ​២០១៧។

តាម​ការកំណត់​ការប្រកួត​នេះ​ធ្វើឡើង​ សម្រាប់​តែ​អ្នក​នៅក្នុង​ខេត្តស្វាយរៀង តែប៉ុណ្ណោះ ហើយ​កីឡាករ​ដែល​ធ្លាប់​មាន​ឈ្មោះ​លេង​នៅ​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ​(Metfone Cambodian League) ចាប់ពី​ឆ្នាំ ២០១៥ រហូតដល់​បច្ចុប្បន្ន ក៏​មិនអាច​ចូលរួម​ប្រកួត​បានដែរ​។ កីឡាករ​ត្រូវតែ​ជា​មន្ត្រីរាជការ មហាជន បុគ្គលិក​អង្គការ​ជាតិ ឬ​អន្តរជាតិ គ្រឹះស្ថាន​នានា ក្នុង​ខេត្ត ហើយ​ត្រូវមាន​សញ្ជាតិ​ខ្មែរ​និង​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើងទៅ។

សម្រាប់​ប្រកួត​បើកឆាក​នៅ​ថ្ងៃ​អង្គារ ទី​២១​ខែមីនា នេះ​ពូ​ល A ក្រុម​បក្សី​ស្វាយរៀង ត្រូវ​ជួ​ប​ក្រុម Sky Svay Rieng FC នៅ​ម៉ោង​៥និង៣០ នាទី​ល្ងាច​ហើយ​ពូ​ល​ជាមួយគ្នា​នេះ​ដែរ ​ក្រុម​វិទ្យាស្ថាន​ពហុបច្ចេកទេស​ស្វាយរៀង ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ស​.​ស​.​យ​.​ក ក្រុង​ស្វាយរៀង នៅ​វេលា​ម៉ោង​៦និង៣០​នាទី​យប់ និង​ចុងក្រោយ​ក្នុង​ពូ​ល គ ក្រុម​មិត្ត​ល្អ ត្រូវ​ជួប​ក្រុម Way Of Life នៅ​ម៉ោង​៧និង៣០​នាទី​ល្ងាច។

​នេះ​ជា​លើកដំបូង​ដែល​ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង បង្កើត​ពានរង្វាន់​បែប​ហ្វូ​ត​សាល ខណៈ​កន្លងមក​គណៈកម្មការ​ធ្លាប់​បង្កើត​ការប្រកួត​សម្រាប់​ទីលាន​ធំ​ឈ្មោះថា​Svay Rieng Cup បាន​ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា​មកហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684