ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ របស់​កម្ពុជា យកឈ្នះ​ក្រុម​មួយ​របស់​ម្ចាស់ផ្ទះ​ថៃ ក្នុង​ថ្ងៃ​បើកឆាក​ពានរង្វាន់ ADFT 2017

​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ក្រោម​អាយុ​១៥​ឆ្នាំ​(U-15) បាន​ប្រកួត​ឈ្នះ​លើ​ក្រុម U-14 Ubon UMT របស់​ថៃ ដោយ​លទ្ធផល ៣​ទល់​១ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែមីនា ឆ្នាំ​២០១៧ ​​នេះ​លើ​ទីលាន​កីឡដ្ឋាន National Football Center (Bangkok NongChock) ក្នុង​រាជធានី​បាងកក ក្នុង​ថ្ងៃ​បើកឆាក​ពានរង្វាន់​ASEAN Dream Football Tournament 2017 (ADFT 2017)​។

​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី អាយុ​ក្រោម ១៥ ឆ្នាំ ស្ថិតនៅ​ពូ​ល D ជាមួយ​ក្រុម U-14 Ubon UMT (​ថៃ​), Bangkok Christian College FC (​ថៃ​), Suphanburi FC (​ថៃ​), Tokyo Verdy របស់​ជប៉ុន និង​ក្លិប​មួយទៀត​មកពី​លី​គ​បាល់ទាត់​កម្រិត​យុវជន​ប្រចាំ​ប្រទេស​ថៃ​គឺ Songkla Sport Association​។​ក្រុម​សាលា​បាល់ទាត់​ជាតិ​កម្ពុជា បាន​ប្រកួត​ឈ្នះ​ក្រុមយុវជន​Ubon UMT របស់​ថៃ ៣​ទល់​១ ខណៈ​នៅ​ថ្ងៃ​បន្ទាប់​ដែលជា​ថ្ងៃ​អង្គារ ទី​២១ ខែមីនា ឆ្នាំ​២០១៧ ក្រុម​កម្ពុជា នេះ​ត្រូវ​បន្ត​ជួប​ក្រុម​Tokyo Verdy របស់​ជប៉ុន វេលា​ម៉ោង​១១:៣០​នាទី​ព្រឹក លើ​ទីលាន​ជាមួយគ្នា​ហើយ​នៅវេលា​ម៉ោង​៤​ល្ងាច​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​Bangkok Christian College FC របស់​ថៃ លើ​ទីលាន​ដូចគ្នា​។ ចួ​ល​ដល់​ថ្ងៃ​ព្រ​ស​ហ្ប​ត្តិ៍ ទី​២៣ ខែមីនា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​ក្រុម​កម្ពុជា បន្ត​ជួប​ក្រុម​Suphanburi FC របស់​ថៃ វេលា​ម៉ោង​១១:៣០​នាទី​ព្រឹក និង​ចុងក្រោយ​ជួប​ក្រុម​គឺ Songkla Sport Association នៅវេលា​ម៉ោង​៤​ល្ងាច​។​

​សម្រាប់​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ​របស់​សាលា​បាល់ទាត់​ជាតិ ធ្វើដំណើរ​ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​យុវជន​នេះ កាលពី​ថ្ងៃអាទិត្យ ទី​១៩ ខែមីនា ឆ្នាំ​២០១៧​ដោយមាន​កីឡាករ​ចំនួន ២០​រូប និង​គ្រូបង្វឹក​ចំនួន​៥ រូប ខណៈ​ពានរង្វាន់​នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២០ រហូតដល់​ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៧​។ ក្រុម​ទាំងមូល​ត្រូវធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា វិញ​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧ ក្រោយ​បញ្ចប់​ភារកិច្ច​ក្នុង​ពានរង្វាន់​នេះ​។​

​អតីត​ខ្សែការពារ Masao Kiba របស់​ក្លិប​បាល់ទាត់ Gamba Osaka ក្នុង​លី​ក​កំពូល​របស់​ជប៉ុន (J-League) និង​ប្រធាន​សមាគម​កីឡាបាល់ទាត់ Japan Dream Football Association (JDFA) បានរួម​គំនិត​បង្កើត​ពានរង្វាន់​នេះ​ដើម្បី​ផ្ដល់ឱកាស​ឱ្យ​កីឡាករ​ក្មេងៗ​បង្ហាញ​សមត្ថភាព​។ នៅក្រោយ​បញ្ចប់​ពានរង្វាន់​នេះ កីឡាករ ៣ រូប​ដែល​លេង​ល្អ​ប្រចាំ​ពានរង្វាន់​នឹង​ទទួល​បានការ​ប​ញ្ចូ​ន​អោយទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន ជាមួយ​យុវជន​របស់​ក្លិប Tokyo FC ដែលជា​ក្លិប​នៃ​លី​គ​កំពូល​ជប៉ុន ផងដែរ​។​

​សូម​រំលឹកថា​ក្រុម​សាលា​បាល់ទាត់​ជាតិ ដែលមាន​មូលដ្ឋាន​នៅ​ស្រុក​បាទី ខេត្តតាកែវ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ចាប់ដៃគ្នា​បង្កើតឡើង​ដើម្បី​បណ្តោះ​បណ្តាល​ធនធាន​កីឡាករ​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ​។ ពេលនេះ​សាលា​មាន​បណ្តុះបណ្តាល​យុវជន​ចំនួន​២​ជំនាន់​គឺ​ក្រុមយុវជន​ក្រោម​អាយុ​១៥​ឆ្នាំ ចំនួន​១​ជំនាន់ និង​ជំនាន់​យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ (U-17)៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684