ព័ត៍មានទាន់​ហេតុការណ៏
Search

កម្មករ​រោងចក្រ​ ធៀន​ ស៊ុ​ង​ខេ​ម​បូ​ឌា​ហ្គា​មេន​បន្ត​ដួលសន្លប់​ជិត​៦០​នាក់​

​ភ្នំពេញ ៖ កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ យីហោ​ធាន​ស៊ុ​ង​ខេ​ម​បូ​ឌា​ហ្គា​មេន​ដែលមាន​ទីតាំង​ស្ថិតនៅ​តាមផ្លូវ​បេតុង ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ព្រឹក​ថ្ងៃទី​២០ ​ខែមីនា​ ឆ្នាំ​២០១៧​នេះ​មាន​កម្មករ​ដួលសន្លប់​បន្តទៀត​ចំនួន​៥៨​នាក់​ ​បន្ទាប់ពី​កន្លងមក​ធ្លាប់​ដួលសន្លប់​ចំនួន​ពីរដង​រួចមកហើយ​នោះ។​

តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ធៀន ស៊ុ​ង ខាងលើ​ មាន​កម្មករ​សរុប​ចំនួន​១២៣៧​នាក់ បម្រើ​ការងារ​រាល់ថ្ងៃ មាន​ថៅកែ​ជា​ជន​ជាតិចិន ដោយ​កាលពី​រសៀល​ថ្ងៃទី​១៧ ខែ​មីនា ក្នុង​រោងចក្រនេះ មាន​ករណី​ទុស្សេ​ចរន្ត​ភ្លើង បង្ក​ឲ្យ​កម្មករ​ក្នុង​រោងចក្រ​ទទួលរង​ការភិតភ័យ ហើយ​មានកម្ម​ការិនី​ចំនួន​ជាង​២០​នាក់ ភ័យ​រហូតដល់​សន្លប់ ម្តង​រួចមកហើយ តែ​មិនមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះទេ រួច​ក្រុម​ហ៊ុ​ន​អនុញ្ញាត​ឲ្យ​កម្មករ​ចេញ​មុន​ម៉ោង អស់​ទៅ។ លុះនៅ​ព្រឹក​ថ្ងៃទី​១៨​ដួលសន្លប់​៧៤​នាក់ ហើយ​រហូតមកដល់​ព្រឹក​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៧ ខណៈដែល​បងប្អូន​កម្ម​ករ ចូលធ្វើ​ការងារ​ជាធម្មតា តែដោយសារ​កម្មករ នៅមាន​អារម្មណ៍​ដិតដាម រឿង​ភិតភ័យ​ដោយសារ​ទុស្សេ​ចរន្ត​ភ្លើង​កាលពី​ម្សិល​ក៏​នៅមាន កម្មករ នៅតែ​ដួលសន្លប់​បន្តទៀត​រហូត​៥៨​នាក់ បន្ថែមទៀត សរុប ៣​ថ្ងៃ​មកនេះ​កម្មករ​ដួលសន្លប់​មាន​ចំនួន​១៥២​នាក់​។​

បន្ទាប់ពី​កើតមាន​បាតុភាព​កម្មករ​ដួលសន្លប់​ជា​បន្តបន្ទាប់ ចំនួន​៣​ថ្ងៃ​ជាប់​គ្នា ហើយ​សម្រាប់​នៅ​ព្រឹក​ថ្ងៃទី​២០​ ខែ​មីនា​នេះ នៅតែមាន​កម្មករ​ផ្អើល​ដួលសន្លប់​ខាង ក្រុមហ៊ុន​សម្រេច​ឲ្យ​កម្មករ​ទូទាំង​រោងចក្រ ឈប់សម្រាក​ជា បណ្តោះអាសន្ន​បន្តទៀត រង់ចាំ​ស្ថានភាព ធូរស្រាល​ឡើងវិញ។​

តាម​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្រោយពី​ផ្ទុះ​រឿងអាស្រូវ​នៅ​រោងចក្រ​ខាងលើ កម្មករ​ដួលសន្លប់​ ត្រូវដឹក​តាម​រថយន្ត​របស់ គ្លីនិក និង​ម៉ូតូ​ផ្ទាល់ខ្លួន បញ្ជូន​ ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ ហើយ​ក្រោយពី​គ្រូពេទ្យ ព្យាបាល ជនរងគ្រោះ​មួយចំនួន មាន​អាការៈ​ធូរស្រាល​មកវិញ​ជា​បន្តបន្ទាប់​ហើយ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684