ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ម៉ោញ សារ៉ាត់ បដិសេធ​ចំពោះ​ព័ត៌មាន​ដែលថា លោក​ប្តឹង​ទាមទារ​កូន​ពី​អ្នកស្រី Angelina Jolie

ភ្នំពេញ​ ៖ ក្រោយពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​បណ្តា​ញ ព័ត៌មាន​ជាច្រើន​អំពី​លោក ម៉ោញ សារ៉ាត់ (Mounh Sarath) ដែល​ថា លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ទាមទារ​កូនប្រុស​ឈ្មោះ Maddox ពី​អ្នកស្រី ANGELINA JOLIE វិញ និង​ស្នើសុំ​ប្រាក់​សំណង​១០០០​ដុល្លារ​នោះ លោក ម៉ោញ សារ៉ាត់ បានចេញ​មុខ​សរសេរ​បដិសេធ និង​បង្ហោះ​រូប​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក ដោយ​បដិសេធ​ទាំងស្រុង​ចំពោះ​ព័ត៌មាន​នេះ។

លោក Mounh Sarath អះអាង​ថា ចេះតែ​មានរឿង​ប្លែកៗ លោក​មិនដែល​ប្តឹង​នៅ​តុលាការ​ណា​ទេ ជាមួយគ្នា​នោះ លោក​សំណូមពរ​កុំ​បកស្រាយ​អ្វី អោយ​ហួស​ហេតុផល​ទាក់ទង​ដល់​ជីវិត​ឯកជន​របស់​ស្រី Jolie។

លោក​សរសេរ​យ៉ាង​នេះ​ថា “​ចេះតែ​មានរឿង​ប្លែកៗ ! នៅ​សុខៗ​មានរឿង​ប្តឹង​ផ្តល់​មក​ពី​ណា? បើជា​ការពិត​ចុះ​ហេតុអ្វី​មិន​យកពាក្យ​បណ្តឹង​មក​បង្ហាញ​សាធារណជន​ឲ្យ​គេ​មើល​ផង ហើយ​ប្តឹង​នៅ​សាលា​ក្តីណា ពី​ពេលណា ? ខ្ញុំ​សូម​ធ្វើ​សំណូមពរ​យ៉ាង​ទទូច​សូម​មេត្តា​កុំ​បកស្រាយ​អ្វី​ឲ្យ​ហួស​ហេតុផល​ទាក់ទង​ដល់​ជីវិត​ឯកជន​របស់ Jolie ដាច់ខាត ដើម្បី​ឲ្យ​អស់​មន្ទិលសង្ស័យ​អំពី​បញ្ហា​ការ​លេច​ឭ​ពាក្យ​ចរចា​ម​អារ៉ាម​លើ​បណ្តាញ​សង្គម ខ្ញុំ ម៉ោញ សារ៉ាត់ សូម​បដិសេធ​ទាំងស្រុង​និង​ពុំ​បានដឹង ពុំ​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្សព្វផ្សាយ​ទាំងឡាយ​ណា ដែល​ទាក់ទង​នឹង​ព័ត៌មាន​ទាំងនេះ​ទេ។

គួរ​រំលឹក​ថា កាលពី​ថ្មីៗ​នេះ កាសែត The Sun របស់​អង់គ្លេស បាន​ផ្សាយ​ថា អ្នក​ស្ត្រី Angelina Jolie កំពុង​ពាក់ព័ន្ធ​ក្នុង​រឿង​ក្តី​សុំ​កូន​ខុសច្បាប់​នៅ​កម្ពុជា ដោយ​នៅ​ក្នុង​ខ្លឹមសារ​កាសែត​នោះ​បាន​សរសេរ​ថា លោក Mounh Sarath អាយុ​៥១​ឆ្នាំ និយាយ​ថា គាត់​មាន​សិទ្ធិស្របច្បាប់​ក្នុង​ការ​គ្រប់គ្រង Maddox ដែល​ជា​កូនច្បង ក្នុងចំណោម​កូន​ចិញ្ចឹម​របស់លោក​ស្ត្រី Angelina Jolie​ហើយ​លោក Mounh Sarath ដែលជា​បុគ្គលិក​អង្គការ​សប្បុរស​ធ​ម៍​ម្នាក់​ផង​នោះ បានរៀបចំ​ឯកសារ​ផ្លូវការ​មួយ ដើម្បី​ប្តឹង​សុំ​សិទ្ធ​ជា​ឪពុក​គ្រប់គ្រង​លើ​កូន ដែល​បាន​ឲ្យ​ទៅ​អ្នកស្រី​Angelina Jolie នោះ។

ជាមួយគ្នា​នោះ កាសែត The Sun បាន​អះអាងថា លោក Mounh Sarath បានបង្ហាញ​ប្រាប់​សារ​ព័ត៌មាន The Sun កាលពី​ថ្ងៃអាទិត្យ ពី​សំណុំ​ឯកសារ​សុំ​សិទ្ធិចិញ្ចឹម Maddox នៅ​សាលាដំបូង​ខេត្តបាត់ដំបង កាលពី​ខែសីហា ឆ្នាំ​២០០៣ គឺ​ស្នើ​ឲ្យ​តុលាការ​សម្រេច​ថា គាត់​ជា​ឪពុក​របស់ Maddox ហើយ​នៅក្នុង​សំណុំ​ឯកសារ Maddox នៅតែ​ជា​កូនប្រុស​របស់​លោក​ដដែល តែ​នាង Angelina Jolie មិនដែល​ប្រាប់​រឿង​នេះ​ទៅ Maddox ទេ​។

តាម​កាសែត The Sun ដដែល​បាន​បញ្ជាក់​ថា នាង Angelina Jolie មាន​កូន​៦​នាក់ គឺ Maddox​ដែលមាន​អាយុ​១៥​ឆ្នាំ​, Pax Thien អាយុ​១៣​ឆ្នាំ​, Zahara អាយុ​១២​ឆ្នាំ និង Shiloh អាយុ​១០​ឆ្នាំ និង​កូនភ្លោះ​របស់​នាង​អាយុ​៨​ឆ្នាំ​គឺ Knox និង Vivienne​។ Maddox ត្រូវបាន​រៀបចំ​ឯកសារ​ជា​កូនចិញ្ចឹម​ដោយ​ភ្នាក់ងារ Lauryn Galindo ដែល​ក្រោយមក​ភ្នាក់ងារ​នោះ​ត្រូវ​ជាប់ពន្ធនាគារ​៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684