ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​រាជរដ្ឋាភិបាល​បង្ហាញ​មោទនភាព​ នៃ​ការ​ផ្លាស់ប្តូរ​មុខមាត់​របស់​កម្ពុជា​ក្រោយ​ចូល WTO

សៀមរាប ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋា​ភិ​បាល​កម្ពុជា បាន​ធ្វើ​ការ​កត់សម្គាល់​និង​បង្ហាញ​អំពី​សមិទ្ធផល​និង​ជោគជ័យ​ធំៗ​ ដែល​កម្ពុជា​បានទទួល​ក្រោយ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កាលពី​ឆ្នាំ​២០០៤ ជា​មួយ​នេះ​កម្ពុជា​ក៏​កំពុង​រៀបចំខ្លួន​ដើម្បី​ក្លាយទៅជា​ប្រទេស​កំពុងអភិវឌ្ឍន៍​នាពេលខាងមុខ​ផងដែរ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​បាន​រំលេច​ឲ្យ​ឃើញ​ពី​ការផ្លាស់ប្តូរ​មុខមាត់​របស់​កម្ពុជា​បែបនេះ​នៅក្នុង កិច្ចប្រជុំតុមូល​ចិន លើក​ទី​៥ នៅ​ខេត្ត​សៀមរាប​នា​ព្រឹក​ថ្ងៃទី ២០ ខែ​មិនា​នេះ។ សម្តេច​មានប្រសាសន៍ថា បន្ទាប់ពី​បាន​ចូល​ជា​សមាជិក​សហគមន៍​សហ​ភាព​អាស៊ីអាគ្នេយ៍​នៅក្នុង​ខែមេសា ឆ្នាំ​១៩៩៩ និង​បាន​ក្លាយ​ជា​សមាជិក​អង្គការ WTO ក្នុង​ខែតុលា ឆ្នាំ​២០០៤ រួចមក កម្ពុជា​បាន​ផ្លាស់ប្តូរ​មុខមាត់ និង​កំពុង​រៀបចំខ្លួន​ដើម្បី​ក្លាយទៅជា​ប្រទេស​កំពុងអភិវឌ្ឍន៍​នាពេលខាងមុខ​តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និង​វិស័យ​សេវាកម្ម​ផ្សេងៗ​ទៀត​ដោយ​ផ្សារភ្ជាប់​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​ជាមួយនិង​គោលនយោបាយ អភិវឌ្ឍន៍​ក្នុង​តំបន់​និង​អន្តរជាតិ។

សម្តេច​តេ​ជោ ​បាន​បង្ហាញ​នូវ​បទពិសោធន៍​របស់​កម្ពុ​ជា​ដូចខាងក្រោម ទី​១-​ក្នុង​ឆ្នាំ​២០១០​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ការ​ជំរុញ​ផលិតកម្ម​ស្រូវ​និង​ការនាំចេញ​អង្ករ​ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​នេះ​រាជរដ្ឋាភិបាល​បានកំណត់​យុទ្ធសាស្ត្រ​ចម្បង​ចំនួន​៣ គឺ​ការបង្កើន​ផលិតភាព​ការ​ធ្វើ​ភា​វូ​នីយកម្ម​និង​ពាណិជូបនីយកម្ម​កសិកម្ម (​ឬ​ការ​ប្រែក្លាយ​ពី​កសិកម្ម​ចិញ្ចឹម​ឆ្នាំង​ទៅជា​កសិកម្ម​សម្រាប់​លក់​ដូរ​)។

​ទី​២-​នៅក្នុង​ឆ្នាំ​២០១៥ កម្ពុជា​ក៏បាន​ដាក់ចេញ​ផង​ដែរ ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥ ដែល​ជា​យុទ្ធសាស្ត្រ​កំណើន​ថ្មី ឬ​ជា​ទិសដៅ​ថ្មី​មួយ​ដើម្បី​បង្កើន​តម្លៃ​មូលដ្ឋាន​ផលិតកម្ម​ខ្ពស់​មួយ​ដែល​ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​ខ្សែ​សង្វាក់​តម្លៃ​ក្នុង​តំបន់​និង​សាកលលោក​។ ច្បាស់​ណាស់​ដែល​ការទាក់ទាញ​វិនិយោគ​ផ្ទា​ល់​ពី​បរទេស​គឺជា​គន្លឹះ​ដ៏​សំខាន់​ចំពោះ​គោលនយោបាយ​នេះ។

​ទី​៣- កម្ពុជា​ក៏បាន​រៀបចំ​ឯកសា​រវិ​ភាគ​អំពី​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម នៅ​ក្នុង​ឆ្នាំ​២០០៣ និង​បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ ឆ្នាំ​២០១៤ ក្នុង​គោលបំណង​កំណត់​យុទ្ធសាស្ត្រ វិស័យ​អាទិភាព​និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា។

​ទី​៤- ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​ប្រកាន់យក​គោលនយោបាយ​បើកចំហ​ជើងមេឃ​ដែល​ជា​យុទ្ធសាស្ត្រ​មួយ​នៃ​ការ​បើកចំហ​វិស័យ​អាកាសចរណ៍ និង​ទាក់ទាញ​ទេសចរ​ក្នុង​តំបន់ និង​ពី​ពិភពលោក។

​ទី​៥-​ជាមួយនេះ រាជរដ្ឋាភិបាល​ក៏បាន​កំណត់​វិស័យ​ពាណិជ្ជកម្ម​ជា​វិស័យ​អាទិភាព​មួយ​ផងដែរ សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។

ទី​៦- កម្ពុជា​ក៏បាន​អនុវត្ត​គោលនយោបាយ​ការ​ផ្សារភ្ជាប់​ស្តង់ដារ​កា​រងារ​អន្តរជាតិ ជាមួយនឹង​ផលិតកម្ម​វិស័យ​កាត់ដេរ ដែល​បានផ្តល់​ជំនឿ​ទុកចិត្ត​ពី​អ្នកបញ្ជា​ទិញ និង​ប្រទេស​នាំចូល​ធ្វើ​ឲ្យ​ការនាំចេញ​សំលៀកបំពាក់​និង​វាយនភណ្ឌ មាន​កំណើន​ខ្ពស់ ព្រមទាំង​បង្កើត​ការងារ​ដោយផ្ទាល់​ជូន​ដល់​កម្មករ កម្ម​ការ​នី ប្រមាណ​ជា​៨០​ម៉ឺន​នាក់។

ទី​៧-​កម្ពុជា​បានរៀបចំ​វេទិការ​រវាង​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​ក្នុង​គោលបំណង​ផ្លាស់ប្តូរ​ទស្សនៈ​យោបល់​រវាង​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​ដើម្បី​រក​ដំណោះស្រាយ​រាល់​បញ្ហា​ទាក់ទង​នឹង​ពាណិជ្ជកម្ម​និង​វិនិយោគ​។

ទី​៨-​កម្ពុជា​បានដាក់​ចេញ​នៅ​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​១​នៅ​ឆ្នាំ​២០០៤ និង​តំណាក់កាល​ទី​២​នៅ​ឆ្នាំ​២០០៨ ហើយ​យុទ្ធសាស្ត្រ​ទាំងពីរ​នេះ​ផ្តោត​សំខាន់​លើ ការលើកស្ទួយ​វិស័យ​កសិកម្ម ការពង្រឹង​អភិបាលកិច្ច​ល្អ ការអភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ការកសាង​សមត្ថភាព​និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស ការអភិវឌ្ឍន៍​វិស័យ​ឯកជន​និង​ការងារ កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ដោយ​ទទួលជោគជ័យ​ក្នុងការ​អនុវត្តន៍​យុទ្ធសាស្ត្រ​ចតុកោណ​ទាំងពីរ​ដំណាក់កាល​។

សម្តេច​តេ​ជោ​បាន​បន្តថា បច្ចុប្បន្ន​កម្ពុជា​កំពុង​អនុវត្តន៍​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ក្នុងនោះ រាជរដ្ឋាភិបាល​បានកំណត់​វិស័យ​អាទិភាព​៤ គឺ​ទី​១-​ការអភិវឌ្ឍ​ធនធានមនុស្ស​ដែល​នឹង​ធានាបាន​នូវ​ការប្រកួតប្រជែង​ក្នុង​ទីផ្សារពលកម្ម ទី​២-​ការបន្ត​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ និង​ការកែលម្អ​ថែមទៀត​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ទី​៣-​ការបន្ត​អភិវឌ្ឍន៍​និង​បង្កើន​តម្លៃបន្ថែម​នៃ​វិស័យ កសិកម្ម ទី​៤- ការពង្រឹង​អភិបាលកិច្ច​ល្អ និង​សមត្ថភាព​នៃ​ស្ថាប័នរដ្ឋ​សំដៅ​បង្កើន​ប្រសិទ្ធភាព​នៃ​សេវាសាធារណៈ​និង​កែលម្អ​បរិយាកាស​វិនិយោគ​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្តថា ការ​ផ្សារភ្ជាប់​ជាមួយ​នយោបាយ​អភិវឌ្ឍន៍​ថ្នាក់​ជាតិ​កម្ពុជា​ក្នុងនាម​ជា​សមាជិក​អាស៊ាន បាន​ចូលរួម​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​កាលពី​ចុងឆ្នាំ​២០១៥ ព្រមទាំង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ធ្វើ​សេរី​ភា​វូ​នីយកម្ម​ជាមួយនិង​ដៃគូរ​របស់​អាស៊ាន​ទាំង​០៦​រួមមាន ប្រទេស​ចិន ជប៉ុន កូរ៉េ ឥណ្ឌា អូស្ត្រាលី ណូ​វែ​ល​ហ្សែ​ឡង់​។

ទន្ទឹម​នោះ​កម្ពុជា​ក៏​កំពុង​ដើរ​តួនាទី​យ៉ាងសកម្ម​ ក្នុង​ការ​ជំរុញ​ការចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​មួយ​ដែល​មាន​១៦​ប្រទេស ហៅថា ភាពជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​ទូលំទូលាយ ដែល​នឹងត្រូវ​បានគ្រោង​ចុះហត្ថលេខា​នៅក្នុង​ឆ្នាំ​២០១៧​នេះ​សំដៅ​ពង្រីក​ទីផ្សារ​ទំនិញ​និង​សេវា ទាក់ទាញ​វិនិយោគទុន​បរទេស ព្រមទាំង​បង្កើន​ភាព​ប្រកួត​ប្រជែង​តាមរយៈ​បូក​តម្លៃ​បន្ថែម​ឲ្យ​បាន​ច្រើន​ទៅ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម (Value Chain) សម្រាប់​ផលិតផល​ដែល​ផលិត​នៅក្នុង​តំបន់។

ទាក់ទង​នឹង​ការ​ធ្វើ​សេរី​ភា​វូ​នីយកម្ម​សេដ្ឋកិច្ច​នៅក្នុង​ក្របខ័ណ្ឌ​សាកលលោក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា កម្ពុជា​ក៏បាន​ដើ​តួនាទី​យ៉ាងសកម្ម​ផងដែរ ក្នុងការ​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ផ្តល់​ភាពអនុគ្រោះ​ពន្ធគយ​និង​មិន​ជាប់​កូតា សម្រួល​ដល់​វិធាន​ប្រភពដើម​ទំនិញ ផ្តល់​ភាព​អនុគ្រោះ​ក្នុង​វិស័យ​សេវា ព្រមទាំង​ផ្តល់ជំនួយ​ឲ្យ​បាន​ច្រើន​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។ ក៏ប៉ុន្តែ​ការចរចា​ក្នុង​ក្របខ័ណ្ឌ​សាកលលោក​នេះ​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ជាច្រើន​ដោយសារ​បណ្តា​ក្រុម​ប្រទេស​ដែលមាន​ផលប្រយោជន៍​ខុសៗ​គ្នា​តែងតែ​រក្សា​នូវ​ជំហរ​អត្តទត្ថបុគ្គល និង​គ្មាន​ការ​សម្របសម្រួល ដែល​ធ្វើ​ឲ្យ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នីមួយៗ ដែល​បាន​ប្រារព្ធ​ធ្វើ​កន្លងមក​មិន​ទទួលបាន​ជោគជ័យ​តាម​ការរំពឹងទុក​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684