ព័ត៍មានទាន់​ហេតុការណ៏
Search

អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន ​៖ កម្ពុជា​ទទួលបាន​ជោគជ័យ​ខ្ពស់ជាង​ក្នុងចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​តិចតួច​ទាំង ៩

សៀមរាប ៖ លោក វ៉ាង ហ្សូ​វ៉េ​ន Wang Shouwen អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​បាន​ធ្វើ​ការ​កត់​សំគាល់​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដែល​ទទួល​បាន​ជោគជ័យ​ខ្ពស់​ជាងគេ​បំផុត ក្នុងចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​កម្រិត​ទាប​ចំនួន ៩ ដែល​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

លោក វ៉ាង ហ្សូ​វ៉េ​ន បាន​ធ្វើ​ការ​កត់សំគាល់​បែបនេះ​នៅ​ក្នុង​ជំនួប​ជាមួយ​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី ២០ ខែ​មីនា ឆ្នាំ២០១៧ នៅ​ខេត្តសៀមរាប​។ ខណៈ ដែល​រូបលោក​អញ្ជើញ​ចូលរួម​កិច្ចប្រជុំតុមូល​ចិន​លើក​ទី ៥ នៅ​ខេត្តសៀមរាប។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា លោក វ៉ាង ហ្ស៊ូ​វ៉េ​ន អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា​ តាំងពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​បង្កើត​ម​ក​រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​ប្រទេស​អភិវឌ្ឍន៍​តិចតួច បាន​ចូល​ជា​សមាជិក​ចំនួន​៩​ហើយ ហើយ​ក្នុង​នោះ​ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ​ដែល​ទទួលបាន​ជោគជ័យ​ខ្ពស់​ជាងគេ​បំផុត។

លោក វ៉ាង ហ្ស៊ូ​វ៉េ​ន បាន​ចាត់ទុកថា ការរៀបចំ​កិច្ច​ប្រជុំ​តុមូល​នៅ​ពេល​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​ការ​យក​ចិត្ត​ទុកដាក់​របស់​កម្ពុជា​ក្នុងនាម​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

ជាង​នេះ​ទៀត​ លោក​ក៏បាន​ជម្រាប​ជួប​សម្តេច​ថា​ នេះ​ជា​លើក​ទី ១ ដែល​បាន​មក​កាន់​ប្រទេស​កម្ពុជា​ហើយ​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ព្រះរាជាណាចក្រ​កម្ពុ​ជា​មាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ទាំង​វិស័យ​សេដ្ឋកិច្ច នយោបាយ ហើយ​កម្ពុជា ក៏​មាន​ស្ថេរភាព​ល្អ ប្រជាជន​កម្ពុជា​ក៏​ទទួលបាន​នូវ​ជីវភាព​រស់នៅ​ល្អប្រសើរ។

លោក​បាន​បន្ត​ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​និង​ចិន កំពុង​ក្លាយ​មិត្ត​ដ៏​ល្អ ដែល​មាន​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។ ក្នុង​ករណី​នេះ​លោក វ៉ាង ក៏បាន​សំដែង​នូវ​ការ​អបអរសាទរ​ហើយ​ក៏បាន​ឆ្លៀតឱកាស​នេះ​ដែរ ​បាន​គោរព​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា នៅ​ពេល​នេះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ចិន​បាន ឈាន​ទៅ​ដល់ ៥.០០០ លាន​ដុល្លារ ហើយ​ការនាំចេញ​ផលិតផល​កម្ពុជា​ក៏ដូចជា​ការ​វិនិយោគ​របស់​ចិន​មក​កម្ពុជា​កំពុង​មាន​សន្ទុះ​កើន​ឡើង។

ក្នុង​ន័យ​នេះ​ភាគី​ចិន​សូម​លើកទឹកចិត្ត​ឲ្យ​មាន​ការ​វិនិយោគ​ម​ក​កាន់​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ចំពោះ​ការ​នាំ​ផលិតផល​កសិផល​ពី​កម្ពុជា​ទៅ​ចិន។ ចិន​សូម​គាំទ្រ​ចំពោះ​ការ​នាំចូល​កសិផល​ពី​កម្ពុជា​ដែលជា​ការ​ជំរុញ​ការនាំចេញ​ផលិតផល​កសិផល​កម្ពុ​ជា​ទៅកាន់​ប្រទេស​ចិន​កាន់តែ​ច្រើន​ឡើង។

លើ​ផ្នែក​ទេសចរណ៍​វិញ​លោក​អនុរដ្ឋមន្ត្រី​ពាណិជ្ជ​ចិន​បាន​មានប្រសាសន៍ថា ទេសចរណ៍​ចិន​កាលពី​ឆ្នាំទៅ​មានការ​កើន​ឡើង ២០ ភាគរយ ហើយ​លោក​សង្ឃឹមថា​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​ទេសចរ​ចិន​នឹង​មាន​ការ​កើនឡើង​កាន់​តែ​ខ្លាំង​ថែមទៀត។

ជា​ការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ពាំនាំ និង​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ពី​ប្រធានាធិបតី ស៊ី ជីន​ពីង ។ សម្តេច​ក៏បាន​មានប្រសាសន៍ថា​ការ​រីកចម្រើន​របស់​ក​ម្ពុ​ជា ​គឺ​មិន​អាច​កាត់​ផ្តាច់​ពី​ការចូលរួម​របស់​ឧបត្ថម្ភ​របស់​មិត្ត​ចិន​ឡើយ។

ក្នុង​ន័យ​នេះ​ សម្តេច​តេ​ជោ​ក៏បាន​ថ្លែងអំណរគុណ​និង​បាន​ស្នើសុំ​ដល់​ភាគី​ចិន​យកចិត្តទុកដាក់​ជាពិសេស​ជួយ​ដល់​កម្ពុជា លើក​ការ​បន្ត​ជំរុញ​ទេសចរណ៍​ចិន និង​វិនិយោគ​ចិន​មកកាន់​កម្ពុជា​អោយ​កាន់តែ​ច្រើន​ឡើង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684